មនុស្សពូកែមិនប្រាកដថាមានភាពប៉ិនប្រសប់នោះទេ ហេតុនេះហើយទើបសិស្សពូកែមួយចំនួនតូចបែរជាមិនសូវទទួលបានលទ្ធផលល្អក្នុងការធ្វើការងារទៅវិញ ហើយសិស្សមធ្យមក្នុងថ្នាក់បែរជាអាចទទួលបានលទ្ធផលការងារល្អជាងក៏មាន ព្រោះអ្នកខ្លះមានតែចំណេះដឹងក្នុងសាលា តែខ្វះភាព-ប៉ិនប្រសប់ក្នុងការងារជាក់ស្តែង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ចំណេះដឹងសម្រាប់ធ្វើការងារពិតប្រាកដ មិនមែនមានតែមុខវិជ្ជាដែលសិក្សាពីក្នុងសាលាទាំងស្រុងនោះទេ តែវាត្រូវការធាតុផ្សំជាច្រើនផ្សេងទៀតដែលកើតចេញពីបទពិសោធ និងភាពច្នៃប្រឌិតរបស់មនុស្ស។ នៅពេលយើងធ្វើការងារ មិនមែនចាំបាច់ត្រូវប្រើតែជំនាញមួយមុខនោះទេ តែត្រូវការភាពប៉ិនប្រសប់ក្នុងការសម្របសម្រួល ដើម្បីធានាថាក្រុមការងារអាចយល់ពីគ្នា មានសមត្ថភាពក្នុងការទំនាក់ទំនងបានល្អ មានសមត្ថភាពដើម្បីធ្វើបទបង្ហាញ និងរិះរកគំនិតឆ្លាតវៃដើម្បីជំរុញឱ្យការងារកាន់តែធ្វើបានលឿន និងមានប្រសិទ្ធភាពខ្ពស់ឡើង។ ក្រៅពីនេះ បុគ្គលិកដែលមានគុណភាពខ្ពស់ ហើយជាសេចក្តីត្រូវការរបស់ក្រុមហ៊ុនធំៗ ចាំបាច់ត្រូវតែជាអ្នកដែលមានភាពជាអ្នកដឹកនាំខ្ពស់ ដែលអាចប្រើប្រាស់បានទាំងជំនាញនៅក្នុងសាលា និងជំនាញនៅក្រៅសាលាដើម្បីធ្វើយ៉ាងណាឱ្យវាមានភាពរលូនដើម្បីអភិវឌ្ឍដល់ស្ថាប័នទាំងមូល។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ “និស្សិត ឬធនធានមនុស្សដែលមានសមត្ថភាពធ្វើការងារ អាចអនុវត្តបានទៅតាមកម្រិតជាក់ស្តែង។ មានអ្នកខ្លះដាក់ការងារ10ធ្វើបានតែ8 ឬតិចជាងនេះទៅទៀត ហើយអ្នកខ្លះទៀតដាក់ការងារឱ្យ10ធ្វើបានតែ10គត់ មានន័យថា គាត់មិនអាចចេញពីខ្សែបន្ទាត់ដែលគេកំណត់ស្រេចនោះទេ តែចំពោះអ្នកដែលមានភាពជាអ្នកដឹកនាំខ្ពស់ គាត់អាចចេញពីតំបន់ដែលគេកំណត់ស្រេច ហើយធ្វើការងារក្នុងវិសាលភាពកាន់តែទូលាយឡើង។ អ្នកខ្លះគេដាក់មក10 គាត់អាចធ្វើបានច្រើនជាងនេះ ឬធ្វើបានល្អលើសពីអ្វីដែលអ្នកគ្រប់គ្រងរំពឹងទុកទៅទៀត”។
រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងផងដែរថាពិន្ទុនៅក្នុងសាលា ឬការសិក្សានៅក្នុងសាលា គ្រាន់តែជាមូលដ្ឋានគ្រឹះ ឬក្បួនខ្នាតដើម្បីធ្វើការងារឱ្យបានត្រឹមត្រូវប៉ុណ្ណោះ តែការអភិវឌ្ឍ ឬធ្វើការងារនោះល្អកម្រិតណា អាស្រ័យលើវិធីសាស្ត្រផ្ទាល់ខ្លួនរបស់បុគ្គលនោះ។ ចំណេះដឹងដែលអាចធ្វើឱ្យពួកគាត់មានសមត្ថភាពក្នុងការធ្វើការងារខ្លាំងជាងគេ អាចកើតចេញពីការស្វះស្វែងព្យាយាមស្វែងយល់បន្ថែមផ្ទាល់ខ្លួន បូករួមទាំងភាពឆ្លាតវៃក្នុងការសង្កេតពីអ្វីដែលមានស្រាប់ហើយបំបែកឱ្យទៅជាក្បួន ឬវិធីឆ្លាតវៃនានា។ នៅប្រទេសអភិវឌ្ឍន៍ខ្លះ សិស្ស-និស្សិតគេខិតខំប្រឹងប្រែងយកក្បួនខ្នាតដែលមានស្រាប់ទៅស្រាវជ្រាវបន្តដើម្បីធ្វើយ៉ាងណាបង្កើតជាសមិទ្ធផល ឬវិធីសាស្រ្តថ្មីៗបន្ថែមទៀត ហើយចំណុចនេះក៏ជាអ្វីដែលយើងចង់ជំរុញឱ្យសិស្ស-និស្សិតកម្ពុជាខិតខំប្រឹងប្រែងផងដែរ។
លោកសាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា ការសិក្សាចាំបាច់ត្រូវតែមានការអនុវត្តផ្ទាល់ឱ្យបានច្រើន ព្រោះបើសិនជាមិនអនុវត្តផ្ទាល់ទេ និស្សិតនឹងមិនមានឱកាសច្រើនដើម្បីបង្ហាញស្នាដៃពិតប្រាកដពីការសិក្សានៅក្នុងថ្នាក់នោះទេ។ ម្យ៉ាងវិញទៀត និស្សិតក៏គួរតែជាអ្នកដែលព្យាយាមស្វែងយល់ សង្កេត និងប្រមូលព័ត៌មានឱ្យបានច្រើនទាក់ទងនឹងជំនាញរបស់ខ្លួនព្រោះពិភពលោកមានការប្រែប្រួល ហេតុនេះនៅពេលដែលយើងមានព័ត៌មានច្រើន យើងអាចនឹងក្លាយជាមនុស្សដែលមានសមត្ថភាពខ្លាំងជាងគេ ហើយក៏អាចប្រើប្រាស់វាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារផងដែរ។
សាស្ត្រាចារ្យ សុខ ខុម បានមានប្រសាសន៍ថា៖ “ការធ្វើការងារដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនក្នុងពេលកំពុងសិក្សាអាចជាវិធីល្អមួយជំរុញឱ្យនិស្សិតកាន់តែមានភាពសមត្ថភាព និងឱកាសអនុវត្តផ្ទាល់ចំពោះអ្វីដែលខ្លួនបានរៀន។ និស្សិតខ្លះឆ្នាំទី3 ឬឆ្នាំទី4 គាត់ចាប់ផ្តើមចេញធ្វើការងារដើម្បីរកចំណូលខ្លួនឯងផង និងដើម្បីកសាងបទពិសោធជាក់ស្តែងផង។ វិធីនេះអាចធ្វើឱ្យគាត់ចំណេញទាំងថវិកាសម្រាប់ការសិក្សា និងចំណេះដឹងសម្រាប់អាជីពផ្ទាល់ខ្លួន”។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ការសិក្សានៅមហាវិទ្យាល័យ ឬការសិក្សាដើម្បីទទួលបានការងារពិតប្រាកដ ត្រូវការការតស៊ូ និងការយកចិត្តទុកដាក់។ ហេតុនេះអ្នកដែលមានភាព-ឆ្លាតវៃពិតប្រាកដ គឺជាអ្នកដែលយល់ពីការខិតខំប្រឹងប្រែងដើម្បីអាជីពការងារ មិនមែនគ្រាន់តែរៀនដើម្បីឱ្យបានពិន្ទុល្អក្នុងថ្នាក់នោះទេ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងមានសមត្ថភាពគ្រប់គ្រាន់ហើយ ស្គាល់ពិភពការងារបានល្អ និងមានភាពឆ្លាតវៃក្នុងការយល់ពីអតិថិជនហើយ យើងនឹងអាចក្លាយជាអ្នកជំនាញដែលគេត្រូវការ៕