ជាក់ស្ដែងយើងមើលឃើញថា សិល្បករជើងចាស់មួយចំនួន ជាពិសេសផ្នែកសិល្បៈបុរាណ បានបោះបង់អាជីព ឬបាត់ដំណឹងសូន្យឈឺង ហើយមានខ្លះទៀតកំពុងធ្លាក់ខ្លួនឈឺ។ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខសិល្បករផ្នែកសិល្បៈបុរាណទាំងអស់នោះជាប់ជានិច្ចចំនួនមិនដែលខាន។ ហើយថ្មីៗនេះ អ្នកនាង បានបង្ហាញពីក្ដីបារម្ភចំពោះលោកគ្រូ ឈិន ឈៀង ដែលជាវិរសិល្បករអាយ៉ៃបុរាណដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះរូបភាព នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង អំពីសិល្បករជើងចាស់ម្នាក់នេះ ដែលកំពុងដេកសម្រាកព្យាបាលលើគ្រែនៅឯមន្ទីរពេទ្យ ឱ្យមហាជនបានជ្រាប និងអំពាវនាវរកជំនួយសប្បុរសធម៌។ អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា «សួមជម្រាបសួរបងប្អូនសិស្សានុសិស្ស ញាតិមិត្តជិតឆ្ងាយ លោកគ្រូ ឈិន ឈៀងសិល្បៈបុរាណ លោកកំពុងសម្រាកនៅមន្ទីរពេទ្យកាលម៉ែត្រ សូមអញ្ជើញទាំងអស់គ្នាទៅសួរសុខទុក្ខលោកគ្រូដោយសេចក្តីស្រឡាញ់ និងគោរពសម្រាប់សិល្បៈបុរាណខ្មែរយើង»៕