ស្ទើរតែគ្រប់លេខនៃការចេញផ្សាយសម្រាប់ទំព័រមុខម្ហូបប្រចាំខែ លោកអ្នកធ្លាប់តែបានស្វែងយល់ពីរបៀបនៃការចម្អិនម្ហូបបែបអឺរ៉ុប បែបថៃឬចិនជាដើម។ ដោយឡែកសម្រាប់ខែនេះ ឡារ៉ែន សូមណែនាំប្រិយមិត្តអ្នកអាននូវមុខម្ហូបបែបខ្មែរ ដែលទទួលបានការពេញនិយមជាខ្លាំងស្ទើរគ្រប់ក្រុមគ្រួសារ នោះគឺ ទឹកគ្រឿងអន្លក់ស្រស់ ដ្បិតមុខម្ហូបមួយនេះ មានភាពងាយស្រួលក្នុងការចម្អិន ប៉ុន្តែមានរសជាតិឆ្ងាញ់ ជាមួយនឹងបន្លែស្រស់ៗច្រើនប្រភេទធ្វើជាអន្លក់បន្ថែមភាពទាក់ទាញ។
+ គ្រឿងផ្សំ
– ត្រីផ្ទក់
– ប្រហុក
– សណ្ដែកដីលីង
– ទឹកក្រូចឆ្មារ
– ខ្ទឹមស
– ខ្ទឹមក្រហម
– ម្ទេស
– ទឹកត្រី
– គ្រឿងផ្សំរសជាតិ
– បន្លែស្រស់គ្រប់មុខ
+ វិធីចម្អិន
យកត្រីផ្ទក់ទៅចម្អិនដោយការចំហ៊ុយ ហើយបេះយកសាច់ រួចទុកមួយអន្លើ។ យកគ្រឿងផ្សំដូចជាខ្ទឹមស ខ្ទឹមក្រហម ម្ទេស ទឹកត្រី និងគ្រឿងផ្សំរសជាតិ បុកលាយបញ្ចូលគ្នា ដោយយកសាច់ត្រីដែលបានបេះរួចជ្រុំលាយឱ្យចូលសាច់តែមួយ។ យកប្រហុកជ្រុំទឹកក្ដៅដាំពុះ ច្រោះយកទឹកសម្រាប់លាយយកក្លិន។ ជាចុងក្រោយយកសាច់ត្រីដែលបានច្របល់ជាមួយគ្រឿង ជ្រុំលាយជាមួយទឹកប្រហុក ដោយបន្ថែមទឹកក្រូចឆ្មារ សណ្ដែកដីលីង ហើយបើចាកទឹកក្ដៅដាំពុះចូលបន្តិច ល្មមទឹក ល្មមគោក ភ្លក្សរសជាតិតាមចំណូលចិត្តជាការស្រេច។ ដោយឡែកសម្រាប់បន្លែ ឬអន្លក់ស្រស់ លោកអ្នកអាចមានជម្រើសទៅតាមចិត្តដែលចង់ទទួលទាន ហើយបានផ្កាស្តៅ ឬត្រួយស្តៅកាន់តែមានរសជាតិទ្វេដង៕