សហភាពអឺរ៉ុបគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជាដែលមានការនាំចេញនូវផលិតផលសម្លៀកបំពាក់ និងស្បែកជើងចូលទៅកាន់ទីផ្សារអឺរ៉ុបដែលជាប្រភពចំណូលដ៏ធំបំផុត និងជាធាតុផ្សំដ៏សំខាន់នៃកំណើនដ៏ខ្លាំងក្លារបស់កម្ពុជានៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានថ្លែងថា៖“ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំជាមួយសហភាពអឺរ៉ុបបានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស”។ ការផ្លាស់ប្តូរសេដ្ឋកិច្ចគឺជាកត្តាជំរុញនូវកំណើន។ ពាណិជ្ជករសហភាពអឺរ៉ុបបានបង្កើតការងារនៅកម្ពុជា ដោយពួកគេមានទស្សនវិស័យយូរអង្វែងក្នុងការជំរុញការច្នៃប្រឌិត និងលើកកម្ពស់ការអនុវត្តច្បាប់សង្គម និងការគិតគូរខ្ពស់ដល់បរិស្ថាន។
លោកបានបញ្ជាក់ថា៖ អាជីវកម្មរបស់សហភាពអឺរ៉ុប គឺជាដៃគូរឹងមាំ និងអាចទុកចិត្តបានសម្រាប់ប្រទេសកម្ពុជា “ការចូលទៅកាន់ទីផ្សារអឺរ៉ុបបានជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ និងស្បែកជើង”។ លោក Edgar បាននិយាយថា ជាមួយគ្នានេះដែរការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានកើនឡើងយ៉ាងឆាប់រហ័ស។ ការចូលទៅកាន់គម្រោងអ្វីៗទាំងអស់ក្រៅពីអាវុធ EBA (Everything-but-arms) បានអនុញ្ញាតឱ្យប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងកំណើនសេដ្ឋកិច្ច និងបង្កើតការងារ។
លោក ថាស៊ីឡូ ប្រ៊ីនហ្សើ (Tassilo Brinzer) អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានលើកឡើងថា ក្រុមហ៊ុនអឺរ៉ុបបានបង្កើតការងារជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តល់ប្រាក់ខែល្អ “បរិយាកាសអាជីវកម្មនៅទីនេះគឺល្អ ដូច្នេះយើងកំពុងព្យាយាមទាក់ទាញការវិនិយោគនៅអឺរ៉ុបកាន់តែច្រើននៅក្នុងប្រទេស”។ លោកបានបន្ថែមថា មានប្រហែលជា 500ក្រុមហ៊ុនមកពីសហភាពអឺរ៉ុបកំពុងតែមានវត្តមាននៅកម្ពុជា។ ជារៀងរាល់ឆ្នាំ សហភាពអឺរ៉ុបតែងតែចង់ឱ្យមានការឆ្លើយតបពីបញ្ហាដែលជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដូចជាបញ្ហាអភិបាលកិច្ច បញ្ហាបរិស្ថាន ព្រមទាំងលក្ខខណ្ឌការងារល្អផងដែរ។
លោក ថាស៊ីឡូ បាននិយាយថា កម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចល្អមួយក្នុងចំណោមបណ្ដាប្រទេសដទៃទៀតក្នុងតំបន់។ ក៏ប៉ុន្តែជាមួយនឹងការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សនេះ រដ្ឋាភិបាលគួរគិតគូរបន្ថែមទៀតលើបរិយាកាសធុរកិច្ចសម្រាប់ដៃគូវិនិយោគ។ ក្នុងនោះការបើកប្រាក់-បំណាច់អតីតភាពការងារ 2ដងក្នុងមួយឆ្នាំ ក៏ជាការលំបាកដល់អ្នកវិនិយោគដែរ។
យ៉ាងណាក៏ដោយ សភាពាណិជ្ជកម្មអឺរ៉ុបដែលជាតំណាងក្រុមហ៊ុនរបស់អឺរ៉ុបបានបញ្ជាក់ថា ខ្លួនបាន និងកំពុងគាំទ្រលើការតាក់តែងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្របសម្រួលដល់ការវិនិយោគឱ្យកាន់តែល្អប្រសើរ។ នេះមិនមែនសម្រាប់តែការវិនិយោគពីអឺរ៉ុបទេ តែសម្រាប់ទាក់ទាញការបណ្ដាក់ទុនពីគ្រប់វិនិយោគិនបរទេស រួមទាំងក្រុមហ៊ុនក្នុងស្រុកផងដែរ។
ជាការកត់សម្គាល់ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនស្គាល់សហភាពអឺរ៉ុបត្រឹមតែជាសហគមន៍ ដែលផ្ដល់ជំនួយធំជាងគេបង្អស់ និងជាទីផ្សារនាំចូលផលិតផលដ៏ចម្បងរបស់កម្ពុជាប៉ុណ្ណោះ ក៏ប៉ុន្តែលើសពីម្ចាស់ជំនួយអភិវឌ្ឍន៍ និងជាទីផ្សារនាំចូលផលិតផលប្រមាណ 45%របស់កម្ពុជា អឺរ៉ុបក៏ជាដៃគូវិនិយោគលំដាប់ទី3 នៅប្រទេសកម្ពុជា បន្ទាប់ពីចិន និងកូរ៉េដែរ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាគោលដៅនាំចេញនាំមុខគេរបស់កម្ពុជាដែលមានចំនួន 40%នៃការនាំចេញសរុប។ ទាំងនេះបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយកើនឡើង 227% ចន្លោះពីឆ្នាំ2011 និងឆ្នាំ2016 និងឈានដល់ 5ពាន់លានដុល្លារគិតជាតម្លៃកាលពីឆ្នាំទៅមិញ។ បច្ចុប្បន្នកម្ពុជាស្ថិតនៅលំដាប់ទី2 ក្នុងចំណោមអ្នកទទួលផលពី EBA ទាក់ទងនឹងបរិមាណជួញដូរ។
គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនរបស់អឺរ៉ុបកំពុងឈរជើងរកស៊ីនៅកម្ពុជាមានប្រមាណជា 500ក្រុមហ៊ុនជាមួយនឹងទុនវិនិយោគប្រមាណ4ពាន់លានដុល្លារ ហើយអាចបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលពី3 ទៅ5ឆ្នាំខាងមុខ។ ការវិនិយោគរបស់អឺរ៉ុបនៅកម្ពុជាគឺវិស័យសំណង់ កម្មន្តសាលកសិកម្ម ផលិតផលព្រៃឈើ អាកាសចរណ៍ ធនាគារ ថាមពល បច្ចេកវិទ្យា និងការដឹកជញ្ជូនជាដើម។ នេះបើតាមការឱ្យដឹងពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា៕