សួស វីសា ជាតារាដែលកំពុងមានរាសីឡើង ព្រមទាំងមានឱកាសគ្រងតំណែងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី2 ជំនួស សុគន្ធ នីសា ទៀតផង។ កាលពីមុនកញ្ញា សួស វីសា តែងប្រកាសខ្លួនថា នៅទំនេរ មិនទាន់ជំពាក់ស្នេហ៍ជាមួយអ្នកណាម្នាក់ទេ តែក្រោយមកបានលេចឮដំណឹងល្ហៀងៗឡើងថា នាងកំពុងបង្ហាត់ភ្លើងស្នេហ៍ជាមួយលោក ថមមី តែត្រូវបាននាងច្រានចោលទៀតថា «មិនមែនជាការពិតទេ» តែសម្រាប់លោក ប៊ុនថុល ប៊ុនថង ហៅថមមី បានទទួលស្គាល់ថា លោកពិតជាមានទំនាក់ទំនងស្នេហ៍ជាមួយកញ្ញា វីសា មែន ហើយអ្វីដែលលោកកាន់រំភើបចិត្តខ្លាំង នោះ គឺនៅពេលឃើញ សួស វីសា លេចមុខមាត់ និងល្បីរន្ធឺខ្លាំងនៅហង្សមាស។
ពាក់ព័ន្ធនឹងរឿងដ៏រសើបដែលអ្នកគាំទ្រកំពុងអន្ទះសាចង់ដឹងគ្រប់គ្នានេះ ត្រូវបានលោកប៊ុនថុល ប៊ុនថង ហៅថមមីនិយាយទាំងរីករាយប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំ និងគាត់ (វីសា) ជួបគ្នារាល់ថ្ងៃតើបង ខ្ញុំស្រឡាញ់វីសា មែន ហើយរឿងខ្ញុំ និងគាត់ ចាស់ទុំទាំងសងខាងសុទ្ធតែបានដឹងឮទាំងអស់គ្នាហ្នឹង គ្មានអ្នកណាជំទាស់រឿងពួកយើងទាក់ទងគ្នាទេ គ្រាន់តែថា ពួកយើងមិនទាន់គិតគូររឿងរៀបការ»។ តែថ្មីៗនេះស្រាប់តែលោកពោលថា «ចំពោះរឿងនេះ ខ្ញុំសុំមិននិយាយ ព្រោះមិនទាន់ដល់ពេល តែដល់ពេលគង់តែដឹងទាំងអស់គ្នាទេ»។ ការបកស្រាយរបស់លោក បានបញ្ជាក់ឱ្យឃើញថា ព្រោះតែស្រឡាញ់ទើបលោកនៅតែព្យាយាមបិទបាំងពីទំនាក់ទំនងស្នេហ៍ជាមួយ សួស វីសា។
គួរបញ្ជាក់ដែរថា តារាសម្ដែងប្រុសរូបនេះ ដែលត្រូវបានគេដឹងថា គឺជាតារាភាពយន្តមួយរូបដែលមានទីផ្សារសិល្បៈកាក់កបខ្លាំងនាពេលបច្ចុប្បន្នបានរៀបរាប់យ៉ាងហូរហែពីការងារសិល្បៈរបស់លោក ដែលក្នុងនោះលោកនិយាយថា «បច្ចុប្បន្នការងារសិល្បៈរបស់ខ្ញុំ មានភាពមមាញឹកយ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចប់ការសម្តែងរឿង «មន្តស្នេហ៍អនុសេនីយ៍» និងរឿង «បញ្ចប់ស្នេហ៍ត្រឹមអូន»។ តារាប្រុសដែលក្តាប់តំណែងតួឯកបានស្ទើរតែគ្រប់រឿងរូបនេះ បានបន្ថែមថា «បច្ចុប្បន្នមានស្ថានីយទូរទស្សន៍ចំនួន 3ទៀតបានទាក់ទងមកឱ្យខ្ញុំចូលរួមសម្តែង ដែលខណៈនេះខ្ញុំកំពុងស្ថិតក្នុងការពិចារណា»។ លើសពីនេះ លោកក៏កំពុងធ្វើជាពិធីករក្នុងកម្មវិធីកម្សាន្តមួយឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 5ផងដែរ»៕