ក្រោយពីមានរៀបចំការប្រកួតដើម្បីស្វែងរកអង្ករដែលមានគុណភាពល្អជាងគេ ជាអង្ករជាប់ចំណាត់ថ្នាក់លេខ1 ប្រចាំឆ្នាំ2018 តាមប្រភេទអង្ករស អង្ករក្រអូប និងអង្ករក្រអូបប្រណីតរួចមកនោះ សហព័ន្ធស្រូវអង្ករកម្ពុជាបានរកឃើញនូវអង្ករល្អជាងគេប្រចាំឆ្នាំ2018 និងបាននាំយកទៅដាក់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតអង្ករល្អបំផុតលើពិភពលោកដែលរៀបចំឡើងនៅប្រទេស វៀតណាម។
ជាលទ្ធផលនៃការប្រកួតអង្ករដែលបានជាប់ចំណាត់ថ្នាក់លេខ1 ដល់3 របស់កម្ពុជាសម្រាប់យកទៅចូលរួមការប្រកួត រួមមាន៖
1) អង្ករក្រអូបប្រណីត(Premium Aromatic Rice)របស់ក្រុមហ៊ុន City Rice Import Export Co. LTD។
2) អង្ករក្រអូបធម្មតា(Fragrant Rice) របស់រោងម៉ាស៊ីនថ្មគោល ThmorKol Rice Mill។
3) អង្ករសគ្រាប់វែង (Long Grain White Rice)របស់ក្រុមហ៊ុន VongBunheng Import Export Co.Ltd។
សូមរំឭកថា ការប្រកួតដើម្បីស្វែងរកអង្ករដែលមានគុណភាពល្អជាងគេជាលើកទី3នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឧកញ៉ា វង្ស ប៊ុនហេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាតំណាងរបស់ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដោយមានការចូលរួមវាយតម្លៃពីគណៈកម្មការដែលមានសមាសភាពចូលរួមពីចុងភៅនៃសហព័ន្ធចុងភៅកម្ពុជា តំណាងក្រុមហ៊ុនត្រួតពិនិត្យគុណភាព (CCIC, OMIC) តំណាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា កាឌី (CARDI) និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
ការប្រកួតនេះមានការដាក់សំណាកអង្ករចូលរួមប្រកួតពីវិទ្យាស្ថានកាឌី (CARDI) និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាដែលជាសហគមន៍កសិកម្មរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញចំនួន22 និងមានសំណាកអង្ករសរុបចំនួន 28ប្រភេទ។
សម្រាប់ការវាយតម្លៃ គឺផ្តោតលើលក្ខណសម្បត្តិអង្ករនៅមុនពេលចម្អិន (សភាព បាក់ ទំហំ ពណ៌) និងក្រោយចម្អិន (ភាពភ្លឺរលោង ភាពស្អិតល្មួត រសជាតិ ក្លិន និងភាពងាយស្រួលក្នុងការបរិភោគ)។
ក្រោយពីបានរកឃើញអង្ករល្អជាងគេប្រចាំឆ្នាំសម្រាប់យកទៅប្រកួតប្រជែងក្នុងកម្មវិធីប្រកួតអង្ករល្អបំផុតលើពិភពលោកនៅប្រទេសវៀតណាមកាលពីថ្ងៃទី10 ដល់ថ្ងៃទី12 ខែតុលាកន្លងមក អង្ករកម្ពុជាបានឈ្នះការប្រកួតជាអន្តរជាតិនេះ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកប្រចាំឆ្នាំ2018នេះ(Worlds Best Rice2018)នៅក្នុងសន្និសីទស្រូវ-អង្ករពិភពលោកលើកទី10(10th World Rice Conference)ដែលរៀបចំដោយ The Rice Trader រយៈពេល3ថ្ងៃ(ពីថ្ងៃទី10-12ខែតុលា)នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សូមបញ្ជាក់ថា កម្ពុជាធ្លាប់គ្រងពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោករយៈពេល 3ឆ្នាំជាប់ៗគ្នា គឺឆ្នាំ2012-2013 និងឆ្នាំ2014 ហើយសម្រាប់ឆ្នាំក្រោយមកទៀត គឺ2015-2016 តែសម្រាប់ឆ្នាំ2017 កម្ពុជាទទួលចំណាត់ថ្នាក់លេខ2 ហើយសម្រាប់ឆ្នាំ2018នេះ កម្ពុជាបានគ្រងពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោកជាថ្មីម្តងទៀត៕