តើធ្លាប់ដែរឬទេ ពេលដែលយើងកំពុងអង្គុយ ឬកំពុងដើរ ហើយស្រាប់តែមានអារម្មណ៍ថា ទូរស័ព្ទដៃនៅក្នុងហោប៉ៅញ័រដូចជាមានគេទូរស័ព្ទចូល ឬមានសញ្ញាប្រាប់ពី Application ផ្សេងៗ ប៉ុន្តែលុះពេលទាញយកមកមើល ស្រាប់តែគ្មានអ្វីទាំងអស់! អាការចម្លែកនេះ ហៅថា “អាការស្រមៃថាទូរស័ព្ទញ័រ‟ ឬ “Phantom Vibration Syndrome (PSV)‟ ដូច្នេះថ្ងៃនេះ ឡារ៉ែន សូមនាំមិត្តអ្នកអានមកស្គាល់ពីអាការស្រមៃថាទូរស័ព្ទដៃញ័រនេះទាំងអស់គ្នា…។
អាការស្រមៃថាទូរស័ព្ទដៃញ័រ គឺ…
ជាអាការស្រមើស្រមៃមួយបែបដែលច្រើនតែកើតឡើងនៅលើអ្នកដែលមានទម្លាប់ និងចូលចិត្តដាក់ឱ្យទូរស័ព្ទដៃញ័រនៅពេលមានគេទូរស័ព្ទចូល រឹតតែបើសិនជាកំពុងរង់ចាំទូរស័ព្ទ ឬដំណឹងពីនរណាម្នាក់ផងនោះ ក៏នឹងកើតក្ដីវិតក្កកង្វល់ ឬនឹកទន្ទឹងរង់ចាំ រហូតធ្វើឱ្យប្រព័ន្ធប្រសាទ និងការទទួលដឹងភ្ញាក់រឭកខ្លាំងជាងប្រក្រតី គួបផ្សំនឹងការប៉ះពាល់របស់រាងកាយខណៈដែលអ្នកកម្រើករាងកាយផងនោះ អាចធ្វើឱ្យយល់ច្រឡំថា ទូរស័ព្ទដៃញ័រព្រោះមានគេតេចូលមក ឬមានសញ្ញារបស់សារអ្វីម្យ៉ាង។
តើអាការស្រមៃថាទូរស័ព្ទដៃញ័រ ជាជំងឺគ្រោះថ្នាក់ដែរឬទេ?
មិនមែនជាជំងឺ ឬរោគ ឬភាពខុសប្រក្រតីខាងរាងកាយអ្វីឡើយ វាគ្រាន់តែជាទង្វើ ឬសញ្ជាតិ-ញាណមួយរូបបែបដែលមាននៅក្នុងខ្លួនមនុស្សដើម្បីឆ្លើយតបនឹងអ្វីដែលចូលមកជំរុញយ៉ាងភ្លាមៗទាន់ហន់ ហើយថែមទាំងជាសញ្ញាដាស់តឿនថា អ្នកកំពុងតែញៀនការប្រើប្រាស់ទូរស័ព្ទដៃ ឬតិចណូឡូជីគ្មានខ្សែមួយនេះប៉ុណ្ណោះ។
វិធីកែបញ្ហាការស្រមៃថាទូរស័ព្ទដៃញ័រ
* ប្ដូរការផ្ដល់សញ្ញាតឿនប្រាប់ការហៅចូល ឬសញ្ញាប្រាប់ថាមានសារចូល ទៅជា “សំឡេង‟ ជំនួសការ “ញ័រ‟។
* ប្ដូរកន្លែងទុកទូរស័ព្ទដៃពីកន្លែងចាស់ដែលធ្លាប់តែទុកនៅក្នុងហោប៉ៅខោ ទៅទុកនៅក្នុងកាបូបផ្សេងវិញ ដូចជាកាបូបស្ពាយជាដើមជំនួសវិញ វានឹងជួយកាត់បន្ថយការចង់ទាញយកទូរស័ព្ទមកលេងបាន។
* សាកល្បងទុកទូរស័ព្ទឱ្យឆ្ងាយពីខ្លួន។
* សាកល្បងបិទទូរស័ព្ទដៃក្នុងអំឡុងពេលថ្ងៃបើសិនជាគ្មានធុរៈអ្វីសំខាន់ ឬមុនពេលចូលគេង។
ទោះជា “អាការស្រមៃថាទូរស័ព្ទដៃញ័រ‟ គ្រាន់តែជាអាការចម្លែកមួយដែលបណ្ដាលមកពីតិចណូឡូជីក៏ដោយ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវបានរកឃើញថា អាការនេះបានសាយភាយក្នុងរង្វង់ដ៏ធំទូលាយយ៉ាងឆាប់រហ័សដោយសារតែមនុស្សភាគច្រើនតែងប្រើពេលទំនេរនៅជាមួយនឹងទូរស័ព្ទដៃច្រើនឡើង រហូតអាចបង្កឱ្យកើតការញៀនធ្លាប់បាន ដូច្នេះ បើសាកល្បងទុកចន្លោះពេលប្រើទូរស័ព្ទដៃឱ្យឆ្ងាយពីគ្នាខ្លះ អាការនោះអាចនឹងបាត់ទៅវិញបាននៅទីបំផុត៕