លោក Gareth Southgate ជឿជាក់ថា តំបន់ប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឆ្លើយតបទៅនឹងការរិះគន់ផ្សេងៗ កាលពីថ្ងៃចន្ទ តាមរយៈការស៊ុតបាល់បញ្ចូលទី 3គ្រាប់ ក្នុងការប្រកួតដ៏រំភើបនៃតង់ទី1 នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ។
ខ្សែប្រយុទ្ធ Raheem Sterling បានស៊ុតបាល់បញ្ចូលទី 2គ្រាប់នៅចន្លោះគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Marcus Rashford ស្របពេលដែល Harry Kane ក៏បានបង្ហាញពីទម្រង់លេងយ៉ាងល្អផងដែរ ខណៈដែលរូបគេបានជួយឱ្យមិត្តរួមក្រុមរបស់គេរកបានគ្រាប់បាល់ 2គ្រាប់យ៉ាងល្អ ក្នុងពេលអង់គ្លេស បានយកឈ្នះ 3-2 ក្នុងទីក្រុងSeville។ ក្រុមជម្រើសជាតិអេស្ប៉ាញ មិនធ្លាប់បានរបូតគ្រាប់បាល់ 3គ្រាប់នៅលើទឹកដីខ្លួនឯងឡើយ នៅមុនពេលតង់ទី1 ហើយស្របពេលដែលខ្សែបម្រើ PacoAlcacer បានវាយបក 1គ្រាប់វិញ ជ័យជម្នះរបស់ក្រុមជម្រើសជាតិអង់គ្លេស បានមានសុវត្ថិភាព នៅត្រឹមពេលដែលខ្សែការពារ Sergio Ramos បានតែតបាល់បញ្ចូលទីនៅវិនាទីចុងក្រោយនៃការប្រកួតនេះ។ Sterling, Rashford និង Kane សុទ្ធសឹងបានរងនូវការរិះគន់នានាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ Sterling មិនធ្លាប់បានរកគ្រាប់បាល់បញ្ចូលទីសោះសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងរយៈពេល 3ឆ្នាំ ស្របពេលដែលការមិនអាចរកបានគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិរបស់ Kane បច្ចុប្បន្នបន្តរហូតដល់ទៅ 7ប្រកួត។
ជាមួយគ្នានេះ Rashford បានខ្ជះខ្ជាយឱកាសមាស 2លើក នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី កាលពីថ្ងៃសុក្រ។ លោក Southgate បានឱ្យដឹងថា៖ «កីឡាករទាំង 3នាក់បានយល់ចំពោះសំណួរដែលត្រូវបានចោទសួរ ហើយរាល់កីឡាករទាំង3នាក់ បានឆ្លើយតបវិញជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំ»៕
ប្រភពពី៖ Worldsoccertalk