កីឡាការិនីវាយកូនបាល់ Simona Halep ដែលជាម្ចាស់ជើងឯក French Open នឹងបញ្ចប់ឆ្នាំនេះ ក្នុងនាមជាកីឡាការិនីមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោកសម្រាប់រដូវកាលទី2 ជាប់ៗគ្នា។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាវាយកូនបាល់ផ្នែកនារីហៅកាត់ថា WTA កាលពីថ្ងៃចន្ទ។
កីឡាការិនីសញ្ជាតិរ៉ូម៉ានី វ័យ 27ឆ្នាំរូបនេះ បានផ្តួលកីឡាការិនី Sloane Stephens ក្នុងព្រឹត្តិការណ៍ French Open ដើម្បីឈ្នះពានក្នុងកម្មវិធី Grand Slam ជាលើកទី1 របស់គេ កាលពីខែមិថុនា ហើយ និងបានចំណាយរយៈពេល 40សប្តាហ៍ដោយស្ថិតនៅលើកំពូលតារាង នៅចុងរដូវកាលនេះ។ Halep បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ WTA ថា៖ «ការបញ្ចប់រដូវកាលនេះ ក្នុងនាមជាកីឡាការិនីមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោកកាលពីឆ្នាំមុន គឺជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំ។ ការរក្សាបានចំណាត់ថ្នាក់នេះជាលើកទី2 ក្នុងឆ្នាំ2018 គឺជាការសម្រេចបាននូវសមិទ្ធផលដ៏ពិសេសមួយ ជាពិសេស ក្រោយពីការឈ្នះពាន Grand Slam ជាលើកទី1 របស់ខ្ញុំ នៅឆ្នាំនេះ»។
Halep ត្រូវបានគ្រោងធ្វើការប្រកួតក្នុងទីក្រុងម៉ូស្គូ នៅសប្តាហ៍នេះ នៅមុនពេលបញ្ចប់រដូវកាលរបស់នាងក្នុងព្រឹត្តិការណ៍ WTA Finals នៅប្រទេសសិង្ហបុរី ប៉ុន្តែបានជួបបញ្ហារបួសត្រង់ខ្នងរបស់នាង កាលពីដើមខែនេះ ដែលនាំឱ្យមានភាពមិនច្បាស់ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ទាំង 2លើក៕
ប្រភពពី៖ Channel News Asia