កីឡាករវាយកូនបាល់ Nick Kyrgios បានបញ្ជាក់ថា រូបគេមានការភ្ញាក់ផ្អើលក្នុងពេលទទួលបានការអបអរពីសំណាក់អ្នកគាំទ្រម្ចាស់ផ្ទះ នៅពេលដែលរូបគេបានផ្តួលកីឡាកររុស្ស៊ី Andrey Rublev ក្នុងលទ្ធផល 6-3 4-6 និង6-4 ក្នុងការប្រកួតជុំទី1 នៃព្រឹត្តិការណ៍ Kremlin Cup កាលពីថ្ងៃអង្គារ។
កីឡាករសញ្ជាតិអូស្ត្រាលីដែលមានចំណាត់ថ្នាក់លេខ5 ប្រចាំព្រឹត្តិការណ៍នៅទីក្រុងម៉ូស្គូរូបនេះ បានវាយកូនបាល់យ៉ាងល្អចំនួន 24លើកដើម្បីឈ្នះការជួបគ្នាជាលើកទី1 របស់គេជាមួយនឹង Rubvlev វ័យ20ឆ្នាំ។ Kyrgios បានឱ្យដឹងថា៖ «ខ្ញុំពេញចិត្តក្នុងការលេងនៅលើទីលានក្នុងសាល ហើយយើងបានលេងជាមួយ Andrey ជាច្រើនលើកក្នុងពេលរូបគេស្ថិតក្នុងវ័យក្មេង។ រូបគេនឹងមានអាជីពដ៏អស្ចារ្យមួយ»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ដែលមនុស្សជាច្រើនបានអបអរដល់ខ្ញុំនៅទីនេះ។ វាពិតជាល្អណាស់។
ជាធម្មតា នៅពេលដែលខ្ញុំមិនស្ថិតនៅផ្ទះ ខ្ញុំមិនមែនជាមនុស្សគួរឱ្យស្រឡាញ់បំផុតឡើយ ប៉ុន្តែ វាជារឿងដ៏ល្អមួយក្នុងការស្តាប់ឮសំឡេងអបអរ។ ខ្ញុំមានអារម្មណ៍ហាក់ដូចនៅផ្ទះខ្លួនឯងអ៊ីចឹង»។ Kyrgios វ័យ 23ឆ្នាំ ដែលបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ37 លើតារាងពិភពលោក ក្រោយពីធ្លាក់ចុះទម្រង់លេងនៅឆ្នាំនេះ នឹងត្រូវប៉ះជាមួយនឹងកីឡាករ Mirza Basic ក្នុងវគ្គ 16នាក់ចុងក្រោយ ក្រោយពីកីឡាករសញ្ជាតិបូស្នីរូបនេះ បានផ្តួលកីឡាករទុយនីស៊ី MalekJaziri ក្នុងលទ្ធផល 7-6 (7/4) និង6-2៕
ប្រភពពី៖ Channel News Asia