យោងតាមហ្វេសប៊ុកផេចរបស់ក្រុមព្រះសុរិយា បានបញ្ចេញរូបភាពជាច្រើនសន្លឹករបស់ លោកស្រី សាក់ ស៊ីស្បោង ក៏ដូចជាបានផ្ដល់នូវព័ត៌មាន ត្រួសៗមួយចំនួន ដើម្បីឱ្យមហាជនបានជ្រាបដឹង។ លោកស្រី សាក់ ស៊ីស្បោង បានចាកចេញពីប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោកស្រីបានលាឈប់ពីការសម្ដែង តាំងពីជំនាន់ មុនសម័យខ្មែរក្រហមមកម្ល៉េះ។ ទស្សនិកជន ក៏ដូចជាមហាជននៅក្នុងប្រទេសកម្ពុជា បានគិតស្មាន និងសន្និដ្ឋានថា លោកស្រី សាក់ ស៊ីស្បោង ប្រហែលជាបាត់បង់ជីវិត នៅក្នុងសម័យ ខ្មែរក្រហមបាត់ទៅហើយ ក៏ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺលោកស្រីនៅមានជីវិត និងបានមកលេងប្រទេសកម្ពុជា ជាពិសេសនោះ គឺមកគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋទៀតផង។
ហ្វេសប៊ុកផេចរបស់ក្រុមព្រះ សុរិយា បានសរសេរថា «នរណាមិនស្គាល់សាក់ស៊ី ស្បោង! អតីតកាល និងបច្ចុប្បន្នភាព នៃអតីតតារាភាពយន្ត សាក់ស៊ី ស្បោង តារាសម្តែងបែបអន្តរជាតិ និយមសម្តែងតួកាច ឆ្នាស់ឆ្នើម ស៊ីវិល័យដោយរស់រវើក។ ខ្សែភាពយន្តល្បីៗ របស់លោកស្រីរួមមាន រឿង «អប្សរា» រឿង «រស់ដោយសប្បាយ» រឿង «ព្រះប្រជាកុមារ» រឿង«វិលវិញណាបង» រឿង«លោហិតវាសនា» និង រឿង«សែនទារុណ» ជាដើម។ មកដល់ពេលនេះមហាជនជាច្រើន នៅតែចងចាំលោកស្រី ប៉ុន្តែក៏មានមហាជនខ្លះគិតថា លោកស្រីបានត្រូវខ្មែរក្រហមសម្លាប់បាត់ទៅហើយ។ ផ្ទុយទៅវិញ ចំពោះការបាត់ដំណឹង និងការពុំបង្ហាញខ្លួនជាច្រើនឆ្នាំកន្លងមកនេះ ដោយសារតែលោកស្រីរស់នៅឆ្ងាយពីមាតុប្រទេស ហើយឈប់សំរាកពីវិស័យភាពយន្ត សព្វថ្ងៃលោកស្រី បានតាំងចិត្តសាងធម៌ក្រោមពុទ្ធឱវាទ យ៉ាងខ្ជាប់ខ្ជួន»។
ហ្វេសប៊ុកផេចរបស់ក្រុមព្រះ សុរិយា បានប្រាប់ឱ្យដឹងបន្ថែមទៀតថា «លោកស្រី អញ្ជើញមកប្រទេសកម្ពុជា ក្នុងគោលបំណងដ៏សំខាន់ គឺមកថ្វាយបង្គំព្រះបរមចេតិយ នៃសម្តេចព្រះបរមរតនកោដ្ឋ និងផ្សាយនូវមហាកុសលថ្វាយព្រះចមក្សត្រ ដែលព្រះអង្គមានគុណ បំណាច់ច្រើនលើសលប់សម្រាប់ មាតុប្រទេសកម្ពុជា។ លោកស្រីបានធ្វើដំណើរ អស់រយៈចម្ងាយជាង១ម៉ឺនគីឡូ ដើម្បីមកចូលរួមព្រះរាជពិធី ជាមួយអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបរមនាថ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ រួមទាំង ព្រះរាជវង្សានុវង្ស និងប្រជាជាតិខ្មែរទាំងមូល ក្នុងព្រះនគរកម្ពុជា»៕