អត្រានៃប្រជាជនពេញវ័យដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ បច្ចុប្បន្ននេះមានការកើនឡើងខ្ពស់ រហូតដល់67% បើធៀបនឹងកាលពីពេលមុនដែលមានត្រឹមតែក្រោម10%ប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានឱ្យដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរបស់ពលរដ្ឋ ហើយការកើនឡើងជាលំដាប់នេះ បានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រជាជនពេញវ័យដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ។
ឯកឧត្តមក៏បានបញ្ជាក់ទៀតថា កំណើនរហូតដល់ 67%នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ប្រជាជនពេញវ័យនៅកម្ពុជានេះ មានការកើនឡើងខ្ពស់មែនទែន បើធៀបនឹងរយៈពេលដូចគ្នាកាលពី 1ទសវត្សរ៍កន្លងទៅដែលមានមិនដល់ 10%ផង។ លើសពីនេះកំណើនប្រជាជនដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក៏ឆ្លុះបញ្ចាំងពីកម្រិតនៃការយល់ដឹងរបស់ពលរដ្ឋមកលើវិស័យនេះផងដែរ។
វិស័យហិរញ្ញវត្ថុដែលបានរីកចម្រើនយ៉ាងឆាប់រហ័សនេះ គឺដោយសារតែបច្ចុប្បន្ន វិស័យធនាគារក៏ដូចជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលក្នុងនោះរួមមាន៖ វិស័យមូលបត្រ វិស័យធានារ៉ាប់រង និងសោធន បានរួមចំណែកផ្តល់សេវាហិរញ្ញវត្ថុ ព្រមទាំងពង្រឹងការជឿជាក់ និងមានភាពច្បាស់លាស់ចំពោះអនាគតរបស់ប្រជាជនដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ឯកឧត្តម អគ្គទេសាភិបាលបន្តទៀតថា វិស័យមីក្រូហិរញ្ញវត្ថុកំពុងរីកចម្រើន ដោយក្នុងនោះទ្រព្យសកម្មក្នុងវិស័យនេះកើនរហូតដល់ 14%នៃទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ ឥណទានបានកើនដល់ 19,2%នៃឥណទានគ្រឹះស្ថានធនាគារ និងប្រាក់បញ្ញើកើនដល់ 11,1%នៃប្រាក់បញ្ញើគ្រឹះស្ថានធនាគារ។
ជាក់ស្ដែងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានរីកចម្រើនឥតឈប់ឈរ។ ការរីកចម្រើននេះ បានផ្ដល់ការងារដល់ពលរដ្ឋជាច្រើន ខណៈបច្ចុប្បន្នប្រជាពលរដ្ឋជាង 6ម៉ឺននាក់បានចូលបម្រើការងារក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាការកត់សម្គាល់ក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយ វិស័យនេះបានរួមចំណែកបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់សេដ្ឋកិច្ចនៅទូទាំងប្រទេស។
ឯកឧត្តមបញ្ជាក់ថា តាមរយៈការផ្តល់ការងារដោយផ្ទាល់ បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានផ្តល់ការងារចំនួន 61.000កន្លែងដែលចំនួននេះបានកើនឡើងប្រមាណ 8ដង ធៀបនឹង 10ឆ្នាំមុន គឺជាមធ្យមផ្តល់ការងារថ្មីក្នុងមួយឆ្នាំប្រមាណ5,000នាក់ ឬកើនក្នុងអត្រា 20%ក្នុងមួយឆ្នាំ។ វិស័យធនាគារបានចូលរួមបង្កើតការងារដោយប្រយោលតាមរយៈការគាំទ្ររបស់វិស័យធនាគារក្នុងការបង្កើត ឬពង្រីកអាជីវកម្មនៅក្នុងវិស័យនានានៃសេដ្ឋកិច្ច។ វិស័យធនាគារនឹងបន្តផ្តល់ឱកាសការងារដោយផ្ទាល់ និងប្រយោលយ៉ាងច្រើនថែមទៀតនាពេលខាងមុខក្នុងស្ថានភាពដែលសេដ្ឋកិច្ចកម្ពុជាបន្តមានកំណើនខ្ពស់រឹងមាំ។
ឯកឧត្តម អគ្គទេសាភិបាលបានបញ្ជាក់ថា៖ “គិតត្រឹមពាក់កណ្តាលឆ្នាំ2018នេះ ទ្រព្យសកម្មវិស័យធនាគារមានទំហំប្រមាណ 160%នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)។ ចំពោះឥណទានក្នុងវិស័យឯកជនមានកម្រិត 100%នៃផ.ស.ស ហើយប្រាក់បញ្ញើមានកម្រិត 93%នៃផ.ស.ស”។
បើធៀបក្នុងរយៈពេល 15ឆ្នាំមុន ទ្រព្យសកម្មវិស័យធនាគារបានកើនឡើង 44ដង។ ចំណែកឥណទានកើនឡើង 87ដង និងប្រាក់បញ្ញើកើនឡើង 42ដង។ ចំណែកទុនបម្រុងអន្តរជាតិវិញបានបន្តពូនជ្រំជាលំដាប់ដែលបច្ចុប្បន្នអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណរយៈពេល 6ខែ ស្មើនឹង 2ដងនៃកម្រិតប្រទេសដែលកំពុងអភិវឌ្ឍន៍គួរមានដល់ 3ខែ។
គួរបញ្ជាក់ផងដែរថា វិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ឥណទានដល់ប្រជាជនចំនួន 1.8លាននាក់ និងមានអ្នកដាក់ប្រាក់បញ្ញើ 1.6លាននាក់ ព្រមទាំងបានផ្ដល់ការងារដល់ប្រជាជនប្រមាណ 3ម៉ឺននាក់ ហើយឥណទានរបស់មីក្រូហិរញ្ញវត្ថុ បានផ្ដល់ទៅលើវិស័យសេដ្ឋកិច្ចនានារួមមាន៖ វិស័យកសិកម្ម30% ក្រុមគ្រួសារ30.5% វិស័យពាណិជ្ជកម្ម18.8% វិស័យសេវាកម្ម10% និងវិស័យផ្សេងៗទៀត10% ផងដែរ៕