គ្មានខ្សែមិនអាចរកការងារធ្វើបាន រៀនហើយខ្លាចមិនបានប្រាក់ខែច្រើន ឬមនុស្សច្រើនណាស់រកការងារមិនបានធ្វើ ជាអ្វីដែលយុវជនជាច្រើនកំពុងបារម្ភ និងមានភាពស្ទាក់ស្ទើរក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ ជាពិសេសគឺសិស្សមកពីបណ្តាខេត្តនានា។
លោក ងួន ប៊ុននិត អគ្គនាយកក្រុមហ៊ុនធនធានមនុស្ស Idea plus បានលើកឡើងថា មុននឹងដើរចូលមហាវិទ្យាល័យ និស្សិតមួយចំនួនមិនទាន់ដឹងថាខ្លួនចង់បានអ្វីពិតប្រាកដ ខណៈអ្នកខ្លះទៀតបារម្ភខ្លាចរកការងារធ្វើមិនបាន ហើយមិនហ៊ានសម្រេចចិត្តបន្តការសិក្សានៅមហាវិទ្យាល័យ។ តាមពិតយុវជន ឬជាសិស្ស-និស្សិតមិនគួរបារម្ភខ្លាំងពេកទេថាគ្មានការងារធ្វើ ព្រោះមានក្រុមហ៊ុនជាច្រើនកើតឡើងជារៀងរាល់ថ្ងៃ ហើយម្ចាស់ក្រុមហ៊ុនទាំងអស់នោះពេលខ្លះក៏កំពុងតែមានបញ្ហារកបុគ្គលិកធ្វើការមិនបានផងដែរ។ អ្វីដែលយុវជនត្រូវធ្វើគឺសិក្សាឱ្យបានច្បាស់លាស់ពីចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងតម្រូវការទីផ្សារ ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យស្របទៅនឹងទីផ្សារការងារជាក់ស្តែងដែលកំពុងមានតម្រូវការខ្ពស់។ ការជ្រើសរើសជំនាញត្រឹមត្រូវជាចំណុចវិជ្ជមានក្នុងការជំរុញឱ្យសិស្សក្លាយជាអ្នកមានអាជីពច្បាស់លាស់ ព្រោះនៅពេលដែលយើងមានសមត្ថភាពច្បាស់លាស់ នឹងមិនខ្វះទេស្ថាប័នដែលគេចង់បាន ហើយកុំបារម្ភឱ្យសោះពីបញ្ហាគ្មានការងារធ្វើ។
លោក ងួន ប៊ុននិត បាននិយាយថា៖ “យុវជនបច្ចុប្បន្ន មិនទាន់មានចំណេះដឹងទូលំទូលាយនៅឡើយពីការជ្រើសរើសជំនាញសិក្សា ហើយស្គាល់ជំនាញតិច ដែលធ្វើឱ្យគាត់ជ្រើសរើស ជំនាញដដែលៗ និងពេលខ្លះក៏ជ្រើសរើសប៉ះជំនាញដែលគេមិនសូវមានទីផ្សារ ដែលធ្វើឱ្យពួកគាត់រកការងារមិនបានធ្វើ”។
អ្នកជំនាញទីផ្សារខាងលើបានលើកឡើងផងដែរថា មុននឹងទទួលបានការងារលុះត្រាតែយើងមានសមត្ថភាពខ្លាំងជាមុនសិន ហេតុនេះប្រសិនបើយើងរវល់តែខ្វល់ខ្វាយពីបញ្ហាគ្មានការងារធ្វើ ហើយមិនព្រមប្រឹងប្រែង នោះច្បាស់ណាស់ថា យើងមិនអាចស្វែងរកការងារបាន។ ហេតុនេះសូមពង្រឹងសមត្ថភាពឱ្យខ្លាំងជាមុនសិន ហើយព្យាយាមស្វែងយល់ឱ្យស៊ីជម្រៅពីជំនាញដែលគេត្រូវការនៅថ្ងៃអនាគត ដូចជាការសិក្សាលើជំនាញបច្ចេកទេស ឬចាប់យកជំនាញទៅតាមវិស័យដែលកំពុងមានការអភិវឌ្ឍខ្លាំង ហើយត្រូវការមនុស្សជាចាំបាច់។ តែទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសជំនាញដែលត្រូវតាមទីផ្សារ ក៏ចាំបាច់ទាល់តែជំនាញនោះយើងពេញចិត្តដែរ ព្រោះប្រសិនបើយើងគិតតែទីផ្សារ ហើយយើងគ្មានទេពកោសល្យសោះ ក៏យើងមិនអាចក្លាយជាអ្នកខ្លាំងបានដែរ។
ស្របជាមួយគ្នាដែរ បុគ្គលិកក្រុមហ៊ុនឯកជនមួយ លោក ឈឹម សុភី ដែលជាអ្នកមានបទពិសោធធ្វើការងារតាំងពីនៅសិក្សាមហាវិទ្យាល័យ និងច្រើនវិស័យនោះ បានលើកឡើងថា និស្សិតជាច្រើនតែងតែបានឃើញសិស្សច្បងមួយចំនួន ឬអ្នកស្គាល់គ្នាក្នុងតំបន់របស់គាត់មិនមានការងារធ្វើ ឬធ្វើការងារមិនត្រូវជំនាញ ច្រើនជាងអ្នកដែលមានការងារល្អធ្វើធ្វើឱ្យពួកគាត់វាយតម្លៃថាទីផ្សារការងារមានលក្ខណៈចង្អៀត ឬចាំបាច់ទាល់តែមានខ្សែជាដើមទើបអាចរកការងារល្អបានធ្វើ។ តាមពិតទៅ ស្ថានភាពជាក់ស្តែងនៃពិភពការងារមិនចង្អៀតខ្លាំងពេកដូចពួកគាត់ធ្លាប់គិតនោះទេ។ រូបភាពដែលពួកគាត់ធ្លាប់ឃើញនោះគឺអាចមកពីបញ្ហាសង្គមមួយចំនួនដែលនៅហ៊ុមព័ទ្ធជុំវិញបញ្ហាអប់រំ និងការងារ។ ជាឧទាហរណ៍និស្សិតកាលពីប៉ុន្មានឆ្នាំមុនមិនសូវខ្វល់ច្រើនពីការងារស្ម័គ្រចិត្ត ឬចាប់អារម្មណ៍លើការធ្វើការងារដោយចាប់ផ្តើមពីប្រាក់ខែតិចតួចនោះទេ ខណៈអ្នកខ្លះក៏សំដៅប្រាថ្នាចង់បានការងាររដ្ឋ ដែលធ្វើឱ្យគាត់នៅរង់ចាំឱកាសទាំងអស់នោះជាច្រើនឆ្នាំ ខណៈក្រុមហ៊ុនឯកជនជាច្រើនកំពុងត្រូវការអ្នកដែលមានសមត្ថភាពបម្រើការងារ តែរកមនុស្សដែលមានបទពិសោធធ្វើការងារមិនបាន។
លោក ឈឹម សុភី បាននិយាយថា៖ “កុំខ្វល់ច្រើនពេកថាអត់ការងារធ្វើ បើទោះបីជាសិស្សដែលទើបនឹងប្រឡងបាក់ឌុបចប់ថ្មីៗមិនទទួលបានពិន្ទុខ្ពស់ ឬមិនទាន់ខ្លាំងក៏ដោយ ក៏មិនទាន់ហួសពេលនៅឡើយដែរ ព្រោះយើងនៅសល់ពេល4ឆ្នាំទៀត។ កុំរារែក ហើយខ្លាចការខិតខំប្រឹងប្រែង ព្រោះពិភពការងារជាក់ស្តែងវាមិនលំបាកដូចក្នុងសាលានោះទេ”។
បុគ្គលិកដែលប្រឡូកការងារច្រើនវិស័យខាងលើបានលើកឡើងផងដែរថា ការងារមិនខ្វះទេ តែអ្វីដែលលំបាកគឺរកខ្លួនឯងឱ្យឃើញថា តើយើងចង់ធ្វើអ្វីឱ្យពិតប្រាកដ ហើយការងារប្រភេទណាដែលពិតជាជំរុញជីវិតឱ្យយើងមានភាពរីករាយ និងមានថាមពលខ្លាំងមិននឿយណាយ។ ការងារមួយចំនួនវាអាចមិនត្រូវនឹងជំនាញរបស់យើងទាំងស្រុងនោះទេ តែយើងអាចរៀនពីវាបាន ហេតុនេះការចូលថ្នាក់ឧត្តមសិក្សាគ្រាន់តែជាចំណុចចាប់ផ្តើមតូចមួយប៉ុណ្ណោះសម្រាប់ការអភិវឌ្ឍខ្លួនឯងពេញមួយជីវិត។ ឱ្យតែមានការតាំងចិត្តខ្ពស់ ហើយហ៊ានអភិវឌ្ឍខ្លួនឯង ភាពថ្កុំថ្កើង នឹងនៅជាមួយយើង ហេតុនេះសូមក្លាហានស្វែងរកអ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដ ហើយជ្រើសរើសមុខវិជ្ជានោះដើម្បីចាប់ផ្តើម មុននឹងឈានដល់ការប្រឡូកក្នុងពិភពការងារហាត់ការ ឬស្វែងរកបទពិសោធ ដើម្បីពង្រឹងអាជីពនាថ្ងៃអនាគត៕