ពិព័រណ៌ Thailand Products Expo 2017 បានចាប់ផ្ដើមបើកជាផ្លូវការហើយកាលពីល្ងាចថ្ងៃម្សិលមិញ ដោយបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្ររយៈពេល 4 ថ្ងៃ ចាប់ពីថ្ងៃទី25 – 28 ខែឧសភា ឆ្នាំ 2017។ កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនចំនួន200 និងមានស្ដង់លក់ទំនិញសរុបចំនួន250ស្ដង់ដែលមានដាក់តាំងបង្ហាញ និងលក់នូវទំនិញជាច្រើន ដូចជា ម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងអគ្គិសនី គ្រឿងសម្អាង វត្ថុអនុស្សាវរីយ៍ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងទំនិញOTOP ដែលសុទ្ធសឹងតែជាទំនិញមានគុណភាពល្អមកពីប្រទេសថៃទាំងអស់។
ឯកឧត្ដម ភិប៊ូន ហាត់ថៈកិច្ចកុស៊ុន អភិបាលខេត្ដផេតចៈប៊ូន បានលើកឡើងថា កម្មវិធីនេះបានបង្ហាញឱ្យឃើញពីអំពីភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះដែរ លោកជឿជាក់ថាប្រជាជនកម្ពុជានឹងអញ្ជើញមកចូលរួមទិញទំនិញដ៏មានគុណភាពល្អ ម៉ាកល្បីៗមកពីប្រទេសថៃយ៉ាងសប្បាយរីករាយមិនខាន៕