ការធ្វើអាជីវកម្មចាំបាច់បំផុតត្រូវមានភាពបត់បែនខ្ពស់ឱ្យស្របទៅនឹងតម្រូវការជាក់ស្តែងនៃចរន្តទីផ្សារសកល និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតប្រជែង។ នៅកម្ពុជាមានអាជីវកម្មខ្លះបានដំណើរការល្បីល្បាញត្រឹមរយៈពេលខ្លី ក៏ដួលទៅវិញដែលធ្វើឱ្យម្ចាស់អាជីវកម្មត្រូវងើបឡើងជាមួយអាជីវកម្មថ្មី ដោយក្នុងនោះមានអ្នកខ្លះត្រូវងើបឡើងម្តងហើយម្តងទៀត ព្រោះតែអាជីវកម្មរបស់ខ្លួនមិនស្របទៅនឹងតម្រូវការជាក់ស្តែងយូរអង្វែងក្នុងសង្គម។
លោក សុខ សុភមង្គល នាយកក្រុមហ៊ុន Codingate បានលើកឡើងថា បច្ចេកវិទ្យាជាអ្វីដែលពិភពលោកកំពុងត្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត ព្រោះវត្តមានរបស់បច្ចេកវិទ្យាអាចដោះស្រាយបញ្ហាជាច្រើនរបស់មនុស្ស។ មិនថាតែការរស់នៅ ការធ្វើការងារ ឬការធ្វើអាជីវកម្មនោះទេ បច្ចេកវិទ្យាអាចជួយសម្រួលបានយ៉ាងល្អ ហើយវាក៏ជាផ្នែកមួយដែលធ្វើឱ្យមានការរីកចម្រើនដែរ ប្រសិនបើយើងចេះប្រើប្រាស់វាប្រកបដោយភាពវិជ្ជមាន។ បច្ចុប្បន្ននេះមនុស្សស្ទើរគ្រប់គ្នាបានប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទដៃស្មាតហ្វូន ហេតុនេះបច្ចេកវិទ្យាបានក្លាយជាផ្នែកមួយនៃជីវិតរបស់ពួកគេ ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានព្យាយាមបង្កើតសមិទ្ធផលថ្មីប្រកប-ដោយភាពច្នៃប្រឌិត ដើម្បីបម្រើឱ្យសេចក្តីត្រូវការសម្រាប់ការរស់នៅរបស់មនុស្ស។ ទំនាក់ទំនងរវាងមនុស្សដែលនៅឆ្ងាយពីគ្នាក៏កាន់តែមានលក្ខណៈប្រសើរឡើង ហើយមនុស្សកាន់តែត្រូវការបច្ចេកវិទ្យាខ្លាំងឡើង។
លោក សុខ សុភមង្គល បាននិយាយថា៖ “បច្ចេកវិទ្យាមានភាពឆ្លាតវៃកាន់តែខ្លាំង ហើយបញ្ហារបស់មនុស្សជាច្រើនមិនអាចដោះស្រាយបានដោយមនុស្សម្នាក់ ឬពីរនាក់នោះទេ តែវាត្រូវការវត្តមានរបស់បច្ចេកវិទ្យាដែលអាចយល់បានពីអ្វីដែលមនុស្សកំពុងជួបប្រទះ និងពេលខ្លះអាចដឹងទាំងអារម្មណ៍របស់មនុស្សទៀតផង។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា អាចធ្វើឱ្យសង្គមកាន់តែប្រសើរឡើង ព្រោះវាអាចធ្វើឱ្យមនុស្សម្នាក់ៗមានសន្តិភាពផ្នែកផ្លូវចិត្ត ហើយមានពេលវេលាច្រើនសម្រាប់អភិវឌ្ឍសមត្ថភាពការងារ”។
ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខាងលើបានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗនានាចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនឡើង ព្រោះវាចំណេញពេលវេលា មានសុវត្ថិភាពខ្ពស់ និងមានប្រសិទ្ធភាពកាន់តែខ្លាំង ហេតុនេះអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាចាំបាច់ត្រូវតែខិតខំប្រឹងប្រែងបន្តបង្កើតស្នាដៃឱ្យបានកាន់តែប្រសើឡើង។ កត្តាទាំងអស់នេះនឹងជំរុញឱ្យអ្នកជំនាញបច្ចេកវិទ្យា និងកាន់តែមានទីផ្សារ ហើយក្លាយជាតម្រូវការសម្រាប់គ្រប់ផ្នែកទាំងអស់ក្នុងសង្គម។
នៅរយៈពេលប្រមាណ 5ឆ្នាំ ទៅ 7ឆ្នាំខាងមុខ បដិវត្តន៍ឧស្សាហកម្ម4.0 នឹងជំរុញឱ្យប្រព័ន្ធនៃការធ្វើអាជីវកម្មទាំងអស់ឱ្យប្រើប្រាស់បច្ចេកវិទ្យា ទាំងការគ្រប់គ្រងទិន្នន័យ ការធ្វើទីផ្សារ ការបម្រើសេវាកម្មការផលិត រួមទាំងការចរាចរទំនិញជាដើម សុទ្ធតែត្រូវប្រើប្រាស់ដោយគ្រឿងម៉ាស៊ីនច្រើនបំផុត។ ហេតុនេះសេវាកម្មបច្ចេកវិទ្យាដែលបម្រើឱ្យអាជីវកម្មទាំងអស់នឹងក្លាយជាតម្រូវការចាំបាច់ ហើយមនុស្សត្រូវតែមានចំណេះដឹងបច្ចេកវិទ្យាដើម្បីប្រើប្រាស់ប្រព័ន្ធទំនើបទាំងអស់នេះ។
លោក ស៊ឹម ចាន់គីរីរ័ត្ន អគ្គនាយកក្រុមហ៊ុន BanhJi បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ មនុស្សចាប់ផ្តើមប្រើប្រាស់សេវាហិរញ្ញវត្ថុដោយបច្ចេកវិទ្យាកាន់តែច្រើនឡើងនៅលើពិភពលោក។ ចំពោះវិធីសាស្ត្រនៃការគ្រប់គ្រងទិន្នន័យ និងការធ្វើការងាររបស់ក្រុមហ៊ុននីមួយៗ លើបញ្ជីស្នាមក៏មានការប្រែប្រួលផងដែរ ព្រោះការប្រមូលទិន្នន័យនាពេលបច្ចុប្បន្ននេះ មិនប្រើប្រាស់មនុស្សច្រើនដូចពេលមុននោះទេ។ បច្ចេកវិទ្យាកាន់តែមានភាពឆ្លាតវៃហើយការប្រមូល និងគ្រប់គ្រងទិន្នន័យកាន់តែមានលក្ខណៈទំនើប សុវត្ថិភាព និងលឿនជាងមុន។ គ្រប់អាជីវកម្មទាំងអស់នឹងលែងមានការលំបាកលើការគ្រប់គ្រងចំណាយ-ចំណូល ឬគិតពន្ធទៀតហើយ ព្រោះម៉ាស៊ីនអាចធ្វើបាន។
លោក ស៊ឹម ចាន់គីរីរ័ត្ន បាននិយាយថា៖ “ឥឡូវនេះមានកម្មវិធីខ្លះធ្វើឱ្យម្ចាស់អាជីវកម្មកាន់តែមានលក្ខណៈងាយស្រួល ព្រោះជាឧទាហរណ៍ប្រសិនបើយើងទិញកុំព្យូទ័រមួយគ្រឿង យើងគ្រាន់តែសរសេរពីប្រភេទកុំព្យូទ័រ តម្លៃ កន្លែងទិញ និងព័ត៌មានមួយចំនួនទៀត ប្រព័ន្ធបច្ចេកវិទ្យានឹងបែងចែកទិន្នន័យនោះទៅតាមប្រភេទឱ្យតែម្តង”។
អ្នកជំនាញខាងលើបានលើកឡើងផងដែរថាបច្ចេកវិទ្យាជាអ្វីដែលមនុស្សត្រូវការនៅពេលខាងមុខ តម្រូវការនេះនឹងធ្វើឱ្យការធ្វើអាជីវកម្មកាន់តែមានលក្ខណៈងាយស្រួល។ អ្នកដែលមិនធ្លាប់មានរបាយការណ៍ហិរញ្ញវត្ថុ ឬមិនសូវចេះផ្នែករៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក៏មានភាពងាយស្រួលជាងមុន តែចំពោះអ្នកដែលធ្វើការងារផ្នែកនេះវិញ ចាំបាច់ត្រូវតែសិក្សាបន្ថែមពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរពីអ្នកធ្វើការងារលើឯកសារដោយផ្ទាល់ មកក្លាយជាអ្នកគ្រប់គ្រងបច្ចេកវិទ្យាវិញម្តង។
គួរបញ្ជាក់ផងដែរថា នាពេលខាងមុខ ការងារដែលត្រូវការប្រើប្រាស់កម្លាំងនឹងត្រូវបានជំនួសដោយម៉ាស៊ីនទាំងអស់ ព្រោះបច្ចេកវិទ្យាអាចដោះស្រាយវាបានយ៉ាងប្រសើរ។ ការងារលើកដាក់ លីសែងនៅក្នុងវិស័យឡូជីស្ទិកនឹងកាត់បន្ថយមនុស្សកាន់តែច្រើន។ នៅពេលនោះអ្នកធ្វើការងារដោយប្រើប្រាស់កម្លាំង នឹងលែងក្លាយជាតម្រូវការទៀតហើយ ព្រោះគេអាចប្រើប្រាស់ម៉ាស៊ីនដើម្បីធ្វើការងារពេញ 24ម៉ោង ដោយគ្មានការសម្រាក និងមិនចេះមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ ឱកាសនៃការគ្រប់គ្រងការងារទាំងអស់នោះនឹងធ្លាក់លើក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗដែលមានសមត្ថភាពផ្តល់សេវាកម្មគ្រប់គ្រងការងារដល់ក្រុមហ៊ុនធំៗដែលត្រូវផ្លាស់ប្តូរវិធីសាស្ត្រក្នុងការធ្វើពាណិជ្ជកម្ម៕