សាធារណរដ្ឋ ហ្វ៊ីនលែនដ៍ ជាប្រទេសមួយនៅក្នុងក្រុមន័រទិក ស្ថិតនៅប៉ែកខាងជើងរបស់ទ្វីបអឺរ៉ុប មានផ្ទៃដីដែលជាព្រៃឈើច្រើនជាងគេបំផុតក្នុងពិភពលោក មានបឹងទឹកសាបច្រើនដល់ទៅ190,000កន្លែង។ ហ្វ៊ីនលែនដ៍ អាចនិយាយបានថា ជាស្ថានសួគ៌របស់អ្នកស្រឡាញ់គំនរព្រិល ព្រោះនៅភាគខាងជើងបំផុតនៃប្រទេសដែលហៅថា លែហ្វលែនដ៍។ ធាតុអាកាសត្រជាក់ខ្លាំង មានព្រិលគ្របដណ្ដប់ស្ទើរតែទូទាំងតំបន់ ក្រៅពីនេះ ហ្វីនលែនដ៍ នៅមានបាតុភូតព្រះអាទិត្យរះពេលអធ្រាត្រឱ្យអ្នកទេសចរបានទស្សនា ដោយសារក្នុងអំឡុងរដូវក្ដៅ ព្រះអាទិត្យនឹងមិនអស្ដង្គតឡើយរយៈពេលប្រមាណជា70ថ្ងៃ និងនៅរដូវរងាវិញ ព្រះអាទិត្យនឹងមិនរះឡើងឡើយរយៈពេលប្រមាណជា50ថ្ងៃ និងនៅមានបាតុភូតពន្លឺនៅឯជើងមេឃដ៏សែនស្រស់ស្អាតទៀតផង។ តាមរយៈរបាយការណ៍ “World Happiness Report” ប្រចាំឆ្នាំ2018 បានរកឃើញថា ប្រទេសហ្វ៊ីនលែនដ៍ បានគ្រងតំណែងជាប្រទេសដែលមានសេចក្ដីសុខខ្លាំងបំផុតក្នុងពិភពលោក ហើយមូលហេតុដែលធ្វើឱ្យ ហ្វ៊ីនលែនដ៍ ឡើងមកឈរលើលំដាប់ទី1បាន គឺដោយសារមានធម្មជាតិដែលឧត្ដមសម្បូរ ប្រជាជនមានសុវត្ថិភាពក្នុងជីវិត និងទ្រព្យសម្បត្តិ ការមើលថែទាំសុខភាពមិនចាំបាច់បង់ប្រាក់ រួមទាំងការសិក្សាដែលល្អបំផុតទៀតផង។ ដោយហេតុនេះហើយទើប ឡារ៉ែន សូមរួបរួមតំបន់ទេសចរណ៍ល្បីៗនៅក្នុងប្រទេស ហ្វ៊ីនលែនដ៍ មកជម្រាបជូនមិត្តអ្នកអានដូចខាងក្រោមនេះ។
1. Petajavesi Old Church បេតិកភណ្ឌ ពិភពលោករបស់ហ្វ៊ីនលែនដ៍
ស្ថិតនៅក្នុងតំបន់ Petajavesi បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូនៅឆ្នាំ1994។ ជាវិហារចំណាស់ដែលសាងឡើងអំពីឈើ មានឯកលក្ខណៈដ៏លេចធ្លោស្រស់ស្អាតតាមបែបវិហារក្នុងតំបន់ ស្គែនឌិនេវៀន។ អគារវិហារស្ថិតនៅតាមមាត់អូរតូចមួយ មានដើមឈើដុះរៀងគ្នាព័ទ្ធជុំវិញ ធ្វើឱ្យទិដ្ឋភាពរបស់វិហារមើលទៅស្អាតបរិសុទ្ធដោយធម្មជាតិ។ អគារវិហារចែកចេញជា2ផ្នែក គឺផ្នែកដែលជាបន្ទប់រគាំង (ជួង) និងផ្នែកដែលជាតួវិហារមានលក្ខណៈស្រដៀងខ្ទមដ៏ធំមួយ។ ជាវិហារនៃលទ្ធិ លូធើរ៉ាន់ សាងឡើងក្នុងចន្លោះឆ្នាំ1763-1765 ជាស្នាដៃរបស់ Jaakko ជាងឈើដែលមានឈ្មោះល្បីពីតំបន់ Laukka។ ខាងក្នុងវិហារមានតុបតែងដោយការប្រើពណ៌ក្រហមគូរជាក្បូរក្បាច់តាមមុខតំណរបស់ឈើមើលទៅសា-មញ្ញ តែមានឯកលក្ខណៈដោយឡែកពីគេ។ ភាពលេចធ្លោមួយទៀតក៏គឺ ផ្នែកដែលជាអាសនៈរបស់ធម្មាសន៍ មានចម្លាក់ឈើយ៉ាងស្រស់ស្អាត ពណ៌ភ្លឺថ្លា ជារូបផ្ទៃមុខរបស់ St.Christopher ដែលគេនាំគ្នាហៅថា The paint of pulpit។
2. វិហារ អ៊ុស្ភេនស្គី វិហារស្ទីល អថូដុកស៍ (Uspenski Orthodox Cathedral) ដែលធំបំផុតក្នុងអឺរ៉ុប
ជាស្ថាបត្យកម្មចំណាស់ដែលស្រស់ស្អាតប្លែកភ្នែក ដោយក្បាច់ក្បូរ
បែបរុស្ស៊ី មានឈ្មោះល្បីល្បាញទូទាំងពិភពលោកតាមរយៈការបានធ្វើជាទីតាំងថតខ្សែភាពយន្តដែលទទួលបានរង្វាន់ អូស្ការ រឿង រេដស៍។ វិហារនេះសាងឡើងក្នុងគ្រិស្តសករាជ 1864 មានពណ៌ចម្លែកភ្នែកដែល
មិនងាយបានឃើញ ដោយមានតួវិហារមានពណ៌ឥដ្ឋក្រហម ដំបូល
ពណ៌ផ្ទៃមេឃស្រាល និងចុងកំពូលពណ៌មាស។ ខាងក្នុងតុបតែងយ៉ាងល្អវិចិត្រដោយពណ៌មាស និងគ្រឿងអលង្ការ។ មហាវិហារ អ៊ុស្ភេនស្គី នេះអាច
ហៅបានថាជាបូជនីយដ្ឋានដែលបង្ហាញអំពីសម្ព័ន្ធភាពរបស់ហ្វ៊ីនលែនដ៍
និងរុស្ស៊ី ដោយរុស្ស៊ីធ្លាប់គ្រប់គ្រងហ្វ៊ីនលែនដ៍ដល់ទៅជាង100ឆ្នាំ។
3. ប្រាសាទ ព្រិលទឹកកក (Snow Castle) ទីក្រុង ខេមិ
ជាប្រាសាទដែលសាងសង់ឡើងយ៉ាងភ្លឺចិញ្ចាញពីគំនរព្រិល និងផ្ទាំងទឹកកកនៅលើផ្ទៃដីទំហំជាង2ម៉ឺនម៉ែត្រក្រឡា។ ប្រាសាទមួយនេះមានទំហំប៉ុនទីក្រុងតូចមួយ ដោយសាងឡើងពីការចោះ និងឆ្លាក់ដុំទឹកកកយ៉ាងល្អប្រណីត អាចរាប់បានថាជាស្នាដៃបដិមាកម្មដុំទឹកកកដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។ ខាងក្នុងទីក្រុងទឹកកកនេះប្រកបដោយទីកន្លែងផ្សេងៗដែលតុបតែងយ៉ាងប្លែកភ្នែកជាច្រើន ដូចជា ស្នូ រេស្តូរ៉ង់ (Snow Restaurant) ជាភោជនីយដ្ឋានដែលគ្រឿងសង្ហារិមផ្សេងៗសុទ្ធតែធ្វើឡើងពីដុំទឹកកក មិនថាតែតុ ឬកៅអីនោះឡើយ។ ស្នូ ហូថេល (Snow Hotel) បន្ទប់ស្នាក់នៅសម្រាប់អ្នកទេសចរ ដែលមានគ្រែធ្វើពីដុំទឹកកក និងនៅតាមជញ្ជាំងក៏មានការឆ្លាក់ក្បូរក្បាច់ដុំទឹកកកជារូបភាពផ្សេងៗយ៉ាងស្រស់ស្អាត រួមទាំង ស្នូ ឈែភេល (Snow Chapel) ឬវិហារទឹកកកដែលមានសម្រាប់ទទួលកូនកំលោះកូនក្រមុំណាដែលត្រូវការរៀបចំពិធីមង្គលការបែបមិនដូចគេទៀតផង។
4. ភូមិ សានតា ខ្លូស (SANTA CLAUS VILLAGE)
ភូមិ សានតា ខ្លូស (ភូមិ តាណូអែល) តំបន់ រ៉ូវ៉ានៀអាមិ ស្ថិតនៅប៉ែកខាងជើងឡើងទៅពីទីក្រុង ហេលស៊ីងគី ជាង1ពាន់គីឡូម៉ែត្រ។ រ៉ូវ៉ានៀអាមិ ជាទីក្រុងចម្បងរបស់ លែហ្វលែនដ៍ ហើយក៏ជាភូមិកំណើត និងទីស្នាក់អាស្រ័យរបស់ សានតា ខ្លូស (តាណូអែល) យ៉ាងផ្លូវការដែរ ដូច្នេះហើយទើបកន្លែងទេសចរណ៍ដ៏ពេញនិយមរបស់ទីនេះគឺគេចមិនផុតពី SANTA CLAUS VILLAGE នេះឡើយ។ នៅក្នុងភូមិនេះមានទីលានសម្រាប់ប្រកបពិធីសប្បាយៗ ពាក់ព័ន្ធនឹងគំនរព្រិលដ៏ច្រើន មានហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន កសិដ្ឋានចិញ្ចឹមសុនខ ហាស្គី កសិដ្ឋានចិញ្ចឹមសត្វប្រើស រេនឌៀរ មានផ្ទះ និងកន្លែងធ្វើការរបស់ សានតា ខ្លូស ដែលខាងក្នុងតុបតែងដោយពណ៌ស្រស់ស្អាតភ្លឺថ្លា ហើយដែលមិនអាចខ្វះបាននោះគឺ លោកតា សានតា (តាណូអែល) រូបពិត មនុស្សពិតមែនទែននៅចាំទទួលស្វាគមន៍អ្នកទេសចរនៅទីនោះទៀតផង៕