ខ្សែបម្រើដ៏មានឥទ្ធិពល Aaron Ramsey មានគម្រោងបន្តនៅជាមួយនឹងក្លិប Arsenal រហូតដល់ចុងរដូវកាលនេះ និងមិនធ្វើការផ្ទេរចេញក្នុងតម្លៃខ្លួនដ៏ទាបមួយនៅខែមករា ឡើយ ក្រោយពីទទួលបរាជ័យក្នុងកិច្ចពិភាក្សាលើកិច្ចសន្យា ជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ។
Arsenal អាចនឹងព្យាយាមទាញយកប្រាក់ខ្លះលើខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករា ខណៈដែលក្លិបកំពូលៗក្នុងក្របខ័ណ្ឌ Premier League, La Liga និង Serie A កំពុងតែពិនិត្យទៅលើស្ថានភាពរបស់គេ។ ប៉ុន្តែ Ramsey ដែលនឹងក្លាយជាកីឡាករមិនជាប់កិច្ចសន្យាលេងឲ្យក្លិបណា (Free-agent) ក្នុងពេលបញ្ចប់រដូវកាលនេះ បានបញ្ជាក់ថា៖ «ខ្ញុំជាប់កិច្ចសន្យាជាមួយនឹង Arsenal ហើយខ្ញុំនឹងប្រឹងឲ្យពីសមត្ថភាពនៅរដូវកាលនេះ ដើម្បីព្យាយាម និងសម្រេចឲ្យបានសមិទ្ធផលដ៏ពិសេស»។
ខ្សែបម្រើរូបនេះបានប្រាប់បន្តថា៖ «រាល់អ្វីៗទាំងអស់ កំពុងតែដំណើរការដ៏អស្ចារ្យជាមួយនឹងក្លិប។ យើងបានដឹងថា យើងបានស្ថិតក្នុងទីក្រុងមួយដែលយើងបានឈានដល់ការព្រមព្រៀងគ្នាមួយ ប៉ុន្តែ ករណីនោះមិនបានកើតឡើងឡើយ។ ហេតុនេះ ខ្ញុំត្រូវតែបន្តលេងកីឡាបាល់ទាត់ និងប្រឹងឲ្យអស់ពីសមត្ថភាពសម្រាប់ Arsenal នៅរដូវកាលនេះ ហើយខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពជាមួយនឹងក្លិបនៅពេលនេះ»។
ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះ ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងពេលក្រុម Arsenal ដណ្តើមបានជ័យជម្នះ ៥-១ នៅលើទឹកដីក្រុម Fulham កាលពីថ្ងៃអាទិត្យនោះ បានស៊ុតបាល់បញ្ចូលទី៥៩គ្រាប់ក្នុងការបង្ហាញខ្លួន៣៣៨លើកសម្រាប់ Arsenal ចាប់តាំងពីចូលរួមពីក្លិប Cardiff កាលពីឆ្នាំ២០០៨៕
ប្រភពពី៖ Channel News Asia