នៅពេលបានឃើញហើយ រំភើបអារម្មណ៍ស្ទើស្រក់ទឹកភ្នែក ខណៈដែលស្ថាបនិកមូលនិធិកុមារកម្ពុជា Cambodian Children’s Fund (CCF) បានលើកត្រដាងទង់ជាតិខ្មែរ នៅកណ្តាលហ្វូងមនុស្សកកកុញជាច្រើន ដោយមិនមានការខ្មាសអៀនបន្តិចសោះ ក្នុងគោលបំណងដើម្បីឱ្យប្រជាជនអន្តរជាតិបានស្គាល់ពីប្រទេសកម្ពុជា។
នៅលើបណ្ដាញសង្គម គេមើលឃើញ លោក Scott Neeson ជាស្ថាបនិកមូលនិធិកុមារកម្ពុជា បានចាកចេញពីកម្ពុជាធ្វើដំណើរទៅសហរដ្ឋអាមេរិក រយៈពេល 3សប្ដាហ៍ ក្នុងគោលបំណងដើម្បីប្រមូលថវិកាជួយកុមារក្រីក្រនៅកម្ពុជា នៅកណ្ដាលទីក្រុងញ៉ូវយក។ លោកបានលោកទង់ជាតិប្រទេសកម្ពុជាបង្ហាញទៅកាន់ហ្វូងមនុស្សជាច្រើននាក់ក្នុងកណ្ដាលទីក្រុង « សម្រាប់មនុស្សមួយចំនួន ដែលមិនអាចយកខ្ញុំចេញពីទីចង្អៀតនេះបាន នោះអ្នកប្រហែលជាភ្លេចវែនតាអ្នកនៅផ្ទះហើយ និងថែមទាំងស្រវឹងស្រាខ្លាំងទៀត។ ខ្ញុំឈរនៅទីនេះ ! »។ នេះជាទង្វើរមួយដែលលោកកំពុងស្វែងរកអ្នកមានទឹកចិត្តស្រឡាញ់ និងសប្បុរសធម៌ចំពោះកុមារក្រីក្ររស់នៅលើគំនរសំរាម ក្នុងប្រទេសកម្ពុជា។
គួររំឭកដែរថា ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច នរោត្តមសីហមុនី ព្រះប្រទានសញ្ជាតិខ្មែរ ជូនដល់ លោក Scott Neeson ស្ថាបនិក និងមូលនិធីកុមារកម្ពុជា (Cambodian Children’s Fund) បន្ទាប់ពីលោកបានខិតខំជួយកុមារក្រីក្ររនៅតំបន់ចាក់សំរាមស្ទឹងមានជ័យ អស់ជាច្រើនឆ្នាំមកហើយនោះ។
នាយកប្រតិបត្តិក្រុមហ៊ុនភាពយន្តល្បីៗរបស់ហូលីវូដ ដូចជា 20th Century Fox International និង Sony Pictures Entertainment មួយរូបនេះ ធ្លាប់ពោលថា «ខ្ញុំទើបតែទទួលបានសញ្ជាតិខ្មែរ ពីព្រះមហាក្សត្រនៃកម្ពុជា កាលពីពេលថ្មីៗនេះ។ ខ្ញុំបានចំណាយពេលជាង10 ឆ្នាំ ទើបទទួលបានសញ្ជាតិខ្មែរនេះ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំង វា (កម្ពុជា) ប្រៀបបាននឹងផ្ទះរបស់ខ្ញុំដែរ។ ឆាប់ៗខាងមុខនេះ ខ្ញុំនឹងទទួលបានលិខិតឆ្លងដែន ដូចបងបង្អូនជនជាតិខ្មែរដែរ»។ ជារៀងរាល់ឆ្នាំមូលនិធិកុមារកម្ពុជា ត្រូវចំណាយថវិកាប្រមាណ 10 លានដុល្លារ សម្រាប់ជូនដល់កុមារក្រីក្រនៅកម្ពុជា ហើយជំនួយទាំងនោះ បានពីការផ្តល់ជំនួនឯកជន (មិនមែនរដ្ឋភិបាល) មានដូចជា អ៉ីតាលី អឺរ៉ុប ហុងកុង អូស្ត្រាលី អាម៉េរិក ជាដើម៕