ក្រោយរៀបការ បុគ្គលគ្រប់រូបតែងតែចង់ទទួលបាននូវសេចក្ដីសុខយូរអង្វែង តែដោយសារតែភាពក្មេងវ័យ និងការធ្វេសប្រហែសមិនបានយកចិត្តទុកដាក់ពីសេចក្ដីត្រូវការរបស់ដៃគូ បានជំរុញឱ្យពួកគេប្រឈមមុខនឹងការបែកបាក់គ្នាក្រោយរៀបការរួចមិនយូរប៉ុន្មាន។ការបង្កើតគ្រួសារមួយដ៏មានសុភមង្គល គឺជារឿងដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន មិនថា បុរស ឬនារីនោះទេ។ ចំពោះបុរសអាចនិយាយបានថា ជាបង្គោលដ៏រឹងមាំ និងជាអ្នកមានទំនួលខុសត្រូវខ្ពស់ក្នុងគ្រួសារ ក្រោយរៀបការរួច។ ដូច្នេះបុរសត្រូវមើលពីខ្លួនឯងទៅលើចំណុចទាំង6នេះ ប្រសិនបើចង់បានប្រពន្ធ ៖
1. ឈប់សាវា
ចាំក្លាយជាមនុស្សចេះស្មោះសិន ចាំគិតគូរចង់បង្កើតគ្រួសារ ព្រោះលើលោកនេះគ្មាននារីណាមកស្រឡាញ់ប្រុសសាវានោះទេ។ បើក្នុងចិត្តឃើញអ្នកណាក៏ស្អាត ឃើញអ្នកណាក៏ពេញចិត្ត មានន័យថា មិនទាន់ជួបស្នេហ៍ពិតនៅឡើយទេ។ បើសិនជាច្បាស់ក្នុងចិត្តថា ស្រឡាញ់នារីម្នាក់ណាពិតប្រាកដ មិនមានចិត្តឱ្យអ្នកផ្សេងទៀតចាំគិតគូររឿងរៀបការទើបជាការប្រសើរ។
2. ចរិតចាស់ទុំជាងមុន
ត្រូវដឹងថា ពេលរៀបការហើយ មានមនុស្សស្រីម្នាក់នៅអង្គុយចាំនៅផ្ទះ មិនមែនដូចនៅកំលោះចង់ដើរដាច់យប់ថ្ងៃណាក៏បាននោះទេ។ ដូច្នេះហើយបើមិនទាន់លះបង់ចរិតផឹកស៊ីដាច់យប់ ស្រវឹងអួទីនួទេនោះ សួរថា យកគេមករងទុក្ខធ្វើអី? ចាំមានចរិតចាស់ទុំ ចេះទទួលខុសត្រូវខ្ពស់សិនចាំយកប្រពន្ធ។
3. បង្កើនប្រាក់ចំណូលខ្ពស់
ពាក្យថា មានការងារធ្វើតែម្យ៉ាង ហើយចង់បង្កើតគ្រួសារ គឺមិនគ្រប់គ្រាន់ទេ ត្រូវសួរវិញថាការងារនោះស្ថិតស្ថេរឬទេ? ប្រាក់ខែច្រើនទេ? ហើយតំណែងអ្វីដែរ? មនុស្សប្រុសមួយចំនួនឱ្យតែមានការងារធ្វើ ច្រើនគិតដល់រឿងគូស្រករបាត់ទៅហើយ តែត្រូវចាំថា ពេលរៀបការហើយត្រូវចិញ្ចឹមកូនក្រមុំគេ ហើយបើមានកូនត្រូវចិញ្ចឹមកូនថែមទៀត។
4. ចេះសន្សំទ្រព្យ ដើម្បីគ្រួសារ
រឿងលុយកាក់ខ្លះ ទោះមិនទាន់មានលទ្ធភាពទិញផ្ទះ ឬរថយន្តទំនើបដោយខ្លួនឯង តែយ៉ាងហោចណាស់ ក៏សល់លុយកាក់ខ្លះ ល្មមគ្រប់គ្រាន់នឹងបង្កើតមុខរបរតូចមួយពីរនាក់ប្ដីប្រពន្ធក្រោយរៀបការរួច កុំរំពឹងតែគ្រួសារជួយសុទ្ធសាធមិនល្អទេ។ បើមិនទាន់សល់លុយកាក់ ឬមានទ្រព្យសម្បត្តិខ្លះទេ កុំទាន់ប្រញាប់ពេកអីត្រូវខិតខំសិនទៅ។
5. មានភាពវ័យឆ្លាតក្នុងការដោះស្រាយបញ្ហា
គ្រប់បញ្ហាទាំងអស់ មិនថា រឿងហិរញ្ញវត្ថុរឿងការងារ រឿងជីវិត បើមិនទាន់ចេះរកដំណោះស្រាយបញ្ហាទាំងនេះទេ មានន័យថា នៅមិនទាន់មានភាពជាអ្នកចាស់ទុំ ជាអ្នកដឹកនាំក្នុងខ្លួននៅឡើយទេ។ ត្រូវដឹងថា ជីវិតគូក្រោយរៀបការហើយ មានរឿងជាច្រើនត្រូវឆ្លងកាត់មិនមែនឱ្យតែចេះស្រឡាញ់គ្នាតែម្យ៉ាងចប់រឿងនោះទេ។
6. រៀបចំគម្រោងការជីវិត
ចង់បានគ្រួសារមួយដ៏មានសុភមង្គល ក្រោយរៀបការរួច គឺត្រូវកំណត់ផែនការជីវិតគូឱ្យបានច្បាស់លាស់សិន។ ផែនការទាំងនោះរាប់បញ្ចូលទាំង រឿងរកស៊ី តើរៀបការហើយ គួរតែនៅធ្វើការឱ្យគេ ឬចង់រកស៊ីខ្លួនឯង? តើ5 ឬ10ឆ្នាំទៅមុខទៀតចង់មានអ្វី? ចង់បានអ្វី? ដូច្នេះត្រូវមានផែនការឱ្យច្បាស់លាស់ សឹមគិតគូរក្នុងការបង្កើតគ្រួសារ៕