“ក្មេងពិបាកញ៉ាំអាហារ” ជាបញ្ហាមួយដែលឪពុកម្ដាយមានអារម្មណ៍តានតឹង និងកង្វល់ចិត្តយ៉ាងខ្លាំង ហើយដោយសារតែខំព្យាយាមគ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យកូនបានញ៉ាំអាហារ ទើបជាលទ្ធផលធ្វើឱ្យក្មេងតតាំងកាន់តែខ្លាំងឡើង ហើយបញ្ហាក៏នឹងរឹតតែធ្ងន់ធ្ងរ និងរ៉ាំរ៉ៃខ្លាំងឡើង។ “ក្មេងពិបាកញ៉ាំអាហារ” អាចជួបប្រទះនៅលើក្មេងទូទៅ3% – 5%ច្រើនស្ថិតក្នុងវ័យ1 – 6ឆ្នាំ ក្មេងនឹងមានអាការដូចតទៅ គឺញ៉ាំយឺត បៀមបាយ ឬស្រែកយំមិនព្រមញ៉ាំ ខ្ជាក់ចេញ ឬក្អួតអាហារដែលញ៉ាំចូលទៅហើយនោះចេញមកវិញជាដើម។ ឯឪពុកម្ដាយវិញនឹងខំប្រឹងធ្វើយ៉ាងណាឱ្យកូនញ៉ាំបាន តាំងពីទំពាបញ្ចុក បង្ខំ លួងលោម អង្វរ សូកប៉ាន់ ដាក់លក្ខខណ្ឌជាមួយកូន ឬបង្ខំដាក់ទណ្ឌកម្មដោយវិធីផ្សេងៗក៏មាន។ ភាគច្រើនក្មេងត្រូវបានទទួលអាហារមួយថ្ងៃក្នុងបរិមាណដែលគ្រប់គ្រាន់ តែបើក្នុងករណីដែលក្មេងបានទទួលអាហារតិចជាងប្រក្រតី និងមានការចម្រើនធំធាត់យឺតនោះ ក្មេងគួរបានទទួលការពិនិត្យវាយតម្លៃ ដើម្បីរកវិធីព្យាបាលខាងរាងកាយ និងផ្លូវចិត្តយ៉ាងលម្អិត។
វិធីកែបញ្ហា ក្មេងពិបាកញ៉ាំអាហារ ក្នុងវ័យដែលត្រូវចាប់ផ្ដើមញ៉ាំ
1. ឱ្យអង្គុយនៅតុញ៉ាំបាយជាមួយប៉ាម៉ាក់។
2. មិនបើកទូរទស្សន៍មើលក្នុងអំឡុងពេលញ៉ាំបាយ ឬអាហារ។
3. ឱ្យពេលញ៉ាំអាហារប្រមាណជា30នាទី ដោយដួសអាហារឱ្យសមល្មម មិនច្រើនជ្រុលពេក។ បើក្មេងមិនញ៉ាំ ពេលដល់ម៉ោង ចូរប្រមូលអាហារទុកដាក់។
4. ក្នុងពេលញ៉ាំអាហារ ចូរនិយាយតែរឿងល្អៗ សប្បាយ។
5. កុំបង្ខំឱ្យក្មេងញ៉ាំ ឬដាក់ទោស ពេលក្មេងមិនញ៉ាំអាហារ។
6. ពេលក្មេងញ៉ាំបាយ ឬអាហារបានច្រើន ចូរនិយាយសរសើរ តែបើគេញ៉ាំបានតិច ចូរធ្វើព្រងើយ។
7. តម និងចៀសវាងការញ៉ាំអាហារផ្សេងៗក្នុងអំឡុងពេលញ៉ាំបាយ ដូចជា នំ ទឹកដោះគោ ឬស្ករគ្រាប់ជាដើម។
មូលហេតុធ្វើឱ្យក្មេងពិបាកញ៉ាំអាហារ
1. បរិមាណអាហារច្រើនជ្រុលពេក។
2. ក្មេងមិនចូលចិត្តញ៉ាំអាហារនោះ ដូចជា បន្លែ ឬត្រីជាដើម ដូច្នេះមិនគួរបង្ខំទេ តែគួរកែច្នៃអាហារនោះទៅជារូបបែបផ្សេងៗ ហើយបបួលឱ្យក្មេងសាកល្បងញ៉ាំ។
3. ក្មេងខ្វះការឃ្លានចង់ញ៉ាំអាហារ ដោយសារតែញ៉ាំនំ ឬទឹកដោះគោនៅពេលមុនហ្នឹងរួចហើយ។
4. ក្មេងមានបទពិសោធមិនល្អពាក់ព័ន្ធនឹងការញ៉ាំអាហារ ដូចជា ធ្លាប់ត្រូវបញ្ចុកបង្ខំឱ្យញ៉ាំរហូតឈឺមាត់ ឬធ្លាប់ស្ថិតក្នុងបរិយាកាសដែលមិនល្អក្នុងការញ៉ាំអាហារ ដូចជា ធ្លាប់ត្រូវសម្លុត ឬវាយបង្ខំឱ្យញ៉ាំជាដើម។
5. ខណៈពេលញ៉ាំអាហារ ក្មេងមានការឈឺ-ថ្កាត់ខាងរាងកាយ ឬមានបញ្ហាខាងអារម្មណ៍។
កែខៃបញ្ហារឿងកូនពិបាកញ៉ាំអាហារសម្រាប់មនុស្សជាឪពុកម្ដាយ
1. បន្ថយក្ដីកង្វល់ចិត្តចុះខ្លះពាក់ព័ន្ធនឹងការញ៉ាំអាហាររបស់កូន ដូចជា កង្វល់ថា កូននឹងមានទម្ងន់ខ្លួនតិច(ស្គម) ឬបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ជាដើម ព្រោះក្ដីកង្វល់នោះនឹងហុចផលទៅដល់កូន ធ្វើមានផលប៉ះពាល់ដល់ការមិនញ៉ាំអាហារបាន។
2. បណ្ដោយឱ្យកូនមានឱកាសបានជួយខ្លួនឯងខ្លះពាក់ព័ន្ធនឹងការញ៉ាំអាហារ ដូចជា ចំពោះក្មេងដែលចាប់ផ្ដើមចេះចាប់កាន់ចំណីអាហារដុំតូចៗ ឬចេះយកស្លាបព្រាដាក់ចូលមាត់ ទោះជាកំពប់ ឬប្រឡាក់ខ្លះក៏ដោយ។
3. ទៅជួបគ្រូពេទ្យចិត្តសាស្ត្រកុមារ បើសិនអាណាព្យាបាលបានធ្វើតាមការណែនាំ និងប្រតិបត្តិតាមចំណុចទី1 និងចំណុចទី2យ៉ាងជាប់លាប់ហើយបើមានចំណុចសង្ស័យណាមួយអាចសុំការណែនាំពីគ្រូពេទ្យកុមារ ឬគ្រូពេទ្យចិត្តសាស្ត្រកុមារ ដើម្បីរកដំណោះស្រាយ។
វិធីការពារបញ្ហាក្មេងពិបាកញ៉ាំអាហារ
1. ចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមក្នុងពេលវេលាដ៏ត្រឹមត្រូវ(អាយុបានប្រមាណជា6ខែឡើង)។
2. បង្ហាត់បង្រៀនអំពី “សុខប្រតិបត្តិ‟ ក្នុងការញ៉ាំដល់ក្មេងតាំងពីពេលចាប់ផ្ដើមឱ្យញ៉ាំអាហារ។បញ្ហា ក្មេង “ពិបាកញ៉ាំអាហារ‟ ជាបញ្ហាដែលជួបប្រទះញឹកញាប់ ដូច្នេះការមើលថែទាំ និងការពារបញ្ហាតាំងពីពេលចាប់ផ្ដើមនឹងជួយឱ្យក្មេងល្អប្រសើរឡើងបាន មិនដូច្នោះទេអាចកើតមានបញ្ហាឡើងបាន ដូចជា បញ្ហាសម្ព័ន្ធភាពរវាងឪពុកម្ដាយកូន បញ្ហាទង្វើច្រងេងច្រងាង និងបញ្ហាផ្នែកផ្លូវចិត្ត ដូចជា មានសម្ពាធ និងខ្វល់ខ្វាយច្រើនជាដើម៕