តើលោកអ្នកចង់ដឹងទេថា គុកដែលជាប់លេខ 1 ស្ថិតនៅក្នុងប្រទេសណា?!
មានឈ្មោះថាគុកហើយនោះ ប្រាកដណាស់ថា គ្មាននរណាម្នាក់ចង់ចូលទៅនៅក្នុងទីនោះឡើយ តែនៅពេលធ្វើខុសក៏ត្រូវតែនិយាយគ្នាទៅតាមច្បាប់ និងពេលចូលទៅនៅក្នុងគុកហើយ លោកអ្នកនឹងមិនដឹងឡើយថា នឹងត្រូវជួបអ្វីខ្លះ? អាចនឹងត្រូវជួបនឹងសេចក្តីឈឺចាប់ សេចក្តីលំបាកវេទនា ឬសេចក្តីស្លាប់ ឬអ្នកខ្លះអាចនឹងបានជួបនឹងមិត្តភាពល្អៗនៅក្នុងគុកក៏អាចថាបានដែរ។
ខាងក្រោមនេះគឺ គុកដ៏សាហាវៗលើពិភពលោកទាំង 11 កន្លែង តែមានគុកណាខ្លះនោះ សូមតាមដានជាបន្ត (និងសូមកុំភ្លេចថា នៅក្នុងចំណោមនោះមានគុកនៅក្នុងស្រុកខ្មែរយើងមួយដែរ)
11 . គុក បាងខ្វាង ប្រទេសថៃ
ជាប់ឈ្មោះនៅក្នុងលំដាប់ចុងប៉ូចគេរបស់បញ្ជីនេះ ល្បីល្បាញរឿងមានភាពសាហាវឃោរឃៅគួរសម អ្នករៀបរៀងសំណៅរឿងនេះបានឱ្យហេតុផលថា គឺជាគុកដែលមានទាំងទង្វើអំពើហិង្សាទៅលើអ្នកទោស ការរស់នៅចង្អៀតណែន គ្មានអនាម័យ ដល់ថ្នាក់លើកឱ្យក្លាយជាគុកដែល Hardcore មួយដែរនៅលើពិភពលោកនេះ។
10 . គុក Rikers Island នីវយ៉ក ប្រទេសសហរដ្ឋអាមេរិក
ជាគុកដែលល្បីល្បាញរឿងធ្វើអំពើហិង្សាលើអ្នកទោស និងធ្លាប់មានអ្នកទោសស្លាប់ដោយសារអំពើហិង្សានៅក្នុងទីនោះរួចមកហើយ។
9 . គុក San Quentin
កសាងឡើងនៅឆ្នាំ 1852 ជាគុកដែលចំណាស់បំផុតនៅក្នុងរដ្ឋ កាលីហ្វ័រនៀ ជាកន្លែងដែលគេល្បីល្បាញថា មានបញ្ហារឿងអំពើហិង្សាកើតឡើងជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ 2006 មានកើតការចលាចលមួយឡើង ដោយសារពួកអ្នកទោសបានព្យាយាមហែកគុករត់ ធ្វើឱ្យមានអ្នករងរបួសច្រើនជាង 100 នាក់ និងស្លាប់ 2 នាក់ ធ្វើឱ្យខាងសមត្ថកិច្ចត្រូវតែបន្ថែមភាពម៉ឺងម៉ាត់នៅក្នុងគុកមួយនេះកាន់តែខ្លាំងឡើង។
8 . គុក Alcatraz Island
តាំងនៅលើកោះ Alcatraz ដែលស្ថិតនៅខាងក្រៅឈូងសមុទ្ររបស់ សានហ្វ្រានស៊ីស្កូ។ ជាគុកសម្រាប់ដាក់អ្នកទោសឧក្រិដ្ឋដែលគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្រ្ត តែនៅទីបំផុតក៏ត្រូវបានបញ្ជាឱ្យបិទក្នុងឆ្នាំ 1963 ដោយសារតែថវិកាមិនគ្រប់គ្រាន់ក្នុងការជួសជុលឱ្យល្អឡើងវី្។
7 . គុក La Sabaneta
ស្ថិតនៅក្នុងប្រទេសវេណេហ្សូ៊អេឡា ដែលកសាងឡើងសម្រាប់ដាក់អ្នកទោស 15,000 នាក់ តែបែរជាមានអ្នកទោសរស់នៅបញ្ច្រៀតគ្នាណែនដល់ទៅ 2,5000 ទៅវិញ ខណៈដែលអ្នកយាមគុកក៏មានការខ្វះខាតដូចគ្នា គឺអ្នកយាមគុកម្នាក់ត្រូវមើលឃុំគ្រងអ្នកទោសដល់ទៅ 150 នាក់។ ក្នុងឆ្នាំ 1994 មានអ្នកស្លាប់ដល់ទៅ 108 នាក់ និងឆ្នាំបន្ទាប់មក មានអ្នកទោសរងរបួស 624 នាក់ ស្លាប់ 196 នាក់ ដោយសារអំពើហិង្សានៅក្នុងគុក។
6 . គុក Gitarama
ជាគុកដែលកសាងឡើងសម្រាប់ដាក់អ្នកទោសត្រឹមតែ 500 នាក់ប៉ុណ្ណោះ តែបែរជាមានអ្នកទោសច្រើនដល់ទៅ 6,000 នាក់ត្រូវបានដាក់នៅក្នុងទីនោះ ហើយដោយចំនួនដែលច្រើនហៀរគុកយ៉ាងនេះ ជំងឺដំបៅក្លាយរាលដាលក៏កើតមានឡើងយ៉ាងធ្ងន់ធ្ងរនិងដោយគ្មានការព្យាបាលអ្វីទាំងអស់ តែបណ្តោយទុកឱ្យដំបៅនោះស្អុយរលួយ រហូតដល់ត្រូវកាត់អវយវៈដែលកើតដំបៅនោះចោលនៅទីបំផុត ឬអ្នកខ្លះដល់ថ្នាក់ស្លាប់ក៏មាន។ អ្នកទោសភាគច្រើននៅក្នុងគុកនេះបានមកពីការសម្លាប់បំបាត់ពូជសាសន៍ក្នុងប្រទេស Rwanda។
5 . គុក La Sante
ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង អ្នកទោសជាច្រើនបានធ្វើអត្តឃាត ដោយសារតែមិនអាចទ្រាំនិងស្ថានភាពក្នុងគុកនេះបាន។ ក្រៅពីអ្នកយាមគុកហើយ នៅមានអ្នកទោសមួយចំនួនតាំងខ្លួនជាអ្នកមានអំណាច និងគំរាមកំហែងធ្វើបាបអ្នកទោសដែលទន់ខ្សោយជាង។ ខាងពន្ធនាគារព្យាយាមកែបញ្ហានេះ ដោយការពន្លែងអ្នកទោសចេញពីបន្ទប់ឃុំឃាំង 4 ម៉ោងក្នុងមួយថ្ងៃ ដើម្បីបន្ធូរភាពតានតឹងក្នុងអារម្មណ៍ឱ្យបានច្រើនឡើង។
4 . គុក Diyarbakir
ស្ថិតនៅក្នុងប្រទេសទុរគី អំពើហិង្សានៅក្នុងគុកមួយនេះមិនបានកើតចេញពីពួកអ្នកទោសទេ តែកើតចេញពីបណ្តាអ្នកយាមគុកទាំងឡាយទៅវិញ។ ក្នុងឆ្នាំ 1996 ប៉ូលិស និងក្រុមមន្រ្តីគុកបានប្រើអំពើហិង្សាទៅលើអ្នកទោស ធ្វើឱ្យមានអ្នកស្លាប់ 10 នាក់ និងរងរបួស 23 នាក់ទៀត។
3 . គុក Tadmor
ជាគុកដែលបង្កើតឡើងមកដើម្បីកាត់បន្ថយគុណតម្លៃនៃភាពជាមនុស្សរបស់អ្នកទោស ដោយសារហេតុកាណ៍ក្នុងឆ្នាំ 1980 នៅពេលប្រធានាធិបតី Hafez Al-Assad ត្រូវកងកម្លាំងប្រឆាំងវាយលុក គាត់បានបញ្ជាឱ្យទាហាននាំពួកអ្នកទោសចេញពីគុកនេះទៅវាយប្រហារសត្រូវវិញដែរ បន្ទាប់ពីនោះគុកនេះក៏ត្រូវបានបិទទ្វារក្នុងឆ្នាំ 2001 តែក៏ត្រឡប់មកបើជាថ្មីឡើងវិញនៅឆ្នាំ 2011។
2 . គុក Carandiru Penitentiary
ស្ថិតនៅក្នុងប្រទេស ប្រេស៊ីល ជាគុកជាប់លំដាប់លេខ 2 ខាងផ្នែកកាចសាហាវឃោរឃៅ និងពោរពេញដោយអំពើហិង្សា និងថែមទាំងមានអ្នកទោសចំនួន 1 ភាគ 5 របស់គុកនេះឆ្លងមេរោគ HIV ទៀតផង។ នៅក្នុងគុកនេះមានទាំងរឿង ប្រើអំណាចឥទ្ធិពលងងឹត រោគរាតត្បាត និងអំពើហិង្សាគ្រប់សព្វទាំងអស់។
1 . មន្ទីសន្តិសុខ ស 21 ឬគុកទួលស្លែង
ជាគុកដែលជាប់លំដាប់លេខ 1 ក្នុងពិភពលោកលើភាពសាហាវឃោរឃៅហួសពីការនឹកស្មាន និងត្រូវបានបង្កើតឡើងដោយពួកខ្មែក្រហមក្នុងអំឡុងឆ្នាំ 1975។ អំពើសាហាវយង់ឃ្នងហួសវិស័យមនុស្សត្រូវបានធ្វើឡើងដោយពួកក្រុមអ្នកយាមគុកវ័យក្មេងៗដែលបានប្រើអំពើហិង្សាលើអ្នកទោសដែលពួកគេចោទថាជាជនក្បត់បក្សដូចជាសត្វធាតុ។ មានអ្នកទោសដែលត្រូវស្លាប់នៅក្នុងគុកនេះក្នុងចន្លោះឆ្នាំ1975 – 1978 ប្រមាណជាជិត 30.000 នាក់។ គេនិយាយថា អ្នកទោសដែលសំណាងល្អបំផុតរបស់គុកនេះគឺ អ្នកទោសដែលចូលមកហើយត្រូវគេយកទៅសម្លាប់ចោលតែម្តង ព្រោះអ្នកទោសនោះមិនចាំបាច់រងទុក្ខវេទនាដោយការធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅរហូតដល់ស្លាប់ពីសំណាក់ពួកអ្នកយាមគុកវ័យក្មេងទាំងនោះ៕
ស្រាវជ្រាវដោយៈ តាវ៉ែនតា