ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជនាំមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃទី26 ខែឧសភានេះ ដោយអំពាវនាវដល់អតិថិជនរបស់ខ្លួន ដែលមានប័ណ្ណអេធីអឹម (ATM) ចាស់ប្រភេទ Magnetic stripe card សូមមកផ្លាស់ប្តូរទៅជាកាតថ្មីហៅថា EMV Chip Card ដែលកាន់តែមានសុវត្ថិភាពខ្លាំងជាងមុន។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា នេះគឺជាការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៃប្រព័ន្ធព័ត៌មានវិទ្យា និងធានាឱ្យមានសុវត្ថិភាពខ្ពស់ ការពារហានិភ័យក្នុងការក្លែងបន្លំ និងអាចប្រើប្រាស់មុខងារបន្ថែមទៀតនាពេលអនាគត និងអាចតភ្ជាប់ជាមួយពិភពលោកបាន។
លោកមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នធនាគារ អេស៊ីលីដា មានប័ណ្ណអេធីអឹមចាស់ប្រភេទ Magnetic Stripe ប្រហែល 800.000ប័ណ្ណ ដែលនឹងត្រូវជំនួសថ្មីដោយប័ណ្ណអេធីអឹម EMV Chip។ អតិថិជនទាំងអស់អាចទំនាក់ទំនងមកការិយាល័យធនាគារអេស៊ីលីដា ដែលនៅជិតលោកអ្នកបំផុតដើម្បីប្តូរយកប័ណ្ណអេធីអឹម EMV Chip ចាប់ពីពេលនេះតទៅ។
គួរបញ្ជាក់ថា ប័ណ្ណអេធីអឹម EMV Chip ថ្មីនេះអាចប្រើប្រាស់បានជាមួយនឹងម៉ាស៊ីនឆូតកាតប្រហែល 4.000 នៅតាមទីតាំងដែលមានស្លាកសញ្ញា ACLEDA Bank Gold Dot ដូចជាក្នុងផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ស្ថាប័ន ក្រុមហ៊ុន សណ្ឋាគារផ្សេងៗជាច្រើនទៀត ដើម្បីធ្វើប្រតិបត្តិការទិញផលិតផល សេវាកម្ម ដាក់ប្រាក់ ដកប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់តាមទូរសព្ទដៃ ឬពិនិត្យមើលសមតុល្យគណនី ជាដើម។ល៕