សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចផ្តល់ការគិតគូរមួយថ្មីទៀតជូនដល់ប្រជាពលរដ្ឋ ដោយបានបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈចំនួន 215គ្រឿងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅ-មកស្រុកកំណើតដោយឥតគិតប្រាក់ រយៈពេល 6ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាចូលមករាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរ សាលារាជធានីភ្នំពេញនឹងរៀបចំកិច្ចការនេះឱ្យមានភាពរលូន ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការដឹកប្រជាពលរដ្ឋទៅ និងមកដោយឥតគិតថ្លៃរវាងរាជធានីភ្នំពេញ និងស្រុកកំណើតរបស់ពួកគាត់នេះ នឹងចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង5 និង30នាទីព្រឹក ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី11 ខែតុលា ឆ្នាំ2018 ដោយអនុវត្តនៅលើផ្លូវជាតិលេខ1 ផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ4 ផ្លូវជាតិលេខ5 ផ្លូវជាតិលេខ6 ផ្លូវជាតិលេខ7និងផ្លូវជាតិលេខ8។
ការបែងចែករថយន្តត្រូវបានកំណត់ដូចខាងក្រោមនេះ៖
ផ្លូវជាតិលេខ1- ខេត្តស្វាយរៀង 5គ្រឿង ខេត្តព្រៃវែង 5គ្រឿង (ចំណត ផ្លូវ60ម៉ែត្រមុខក្រុមហ៊ុនមែរសឺដែស បិនហ្ស៍)
ផ្លូវជាតិលេខ2- ខេត្តតាកែវ 5គ្រឿង ខេត្តកែប5គ្រឿង (ចំណត ផ្លូវ60ម៉ែត្រមុខក្រុមហ៊ុនមែរសឺដែស បិនហ្ស៍)
ផ្លូវជាតិលេខ3- ខេត្តកំពត 10គ្រឿង (ចំណត ផ្សារសិនជូរី ផ្លាហ្សា)
ផ្លូវជាតិលេខ4- ខេត្តកំពង់ស្ពឺ 3គ្រឿង ខេត្តព្រះសីហនុ 7គ្រឿង(ចំណត ផ្សារសិនជូរី ផ្លាហ្សា)
ផ្លូវជាតិលេខ5- ខេត្តកំពង់ឆ្នាំង 5គ្រឿង ខេត្តពោធិ៍សាត់ 5គ្រឿង ខេត្តបាត់ដំបង 15គ្រឿង ខេត្តបន្ទាយមានជ័យ 15គ្រឿង(ចំណត សួនច្បារឬស្សីកែវ)
ផ្លូវជាតិលេខ6- ខេត្តកំពង់ធំ 5គ្រឿង ខេត្តសៀមរាប 10គ្រឿង (ចំណត ផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខាងជើងរង្វង់មូលព្រហ្មមុខបួន)
ផ្លូវជាតិលេខ6-7- ខេត្តកំពង់ចាម 10គ្រឿង(ចំណត ផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខាងជើងរង្វង់មូលព្រហ្មមុខបួន)
ផ្លូវជាតិលេខ6-8- ខេត្តត្បូងឃ្មុំ 5គ្រឿង ខេត្តក្រចេះ5គ្រឿង ខេត្តស្ទឹងត្រែង 5គ្រឿង(ចំណត គីឡូម៉ែត្រលេខ9)
សេចក្ដីជូនដំណឹងក៏បានបញ្ជាក់ដែរថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រើប្រាស់រថយន្តក្រុងចំនួន 95គ្រឿងដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់ រយៈពេល 3ថ្ងៃចាប់ពីថ្ងៃទី8 ដល់ថ្ងៃទី10 ខែតុលា ឆ្នាំ2018។
សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត រដ្ឋបាលរាជធានីភ្នំពេញនឹងប្រើប្រាស់រថយន្តក្រុងចំនួន120គ្រឿងសម្រាប់ដឹកជញ្ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពីរាជធានីទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញដោយមិនបង់ប្រាក់ រយៈពេល 6ថ្ងៃ ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី11 ខែតុលា ឆ្នាំ2018៕