ឧស្សាហកម្ម 4.0 ជាដំណើរនៃការធ្វើអាជីវកម្មបែបថ្មីដែលប្រើប្រាស់គ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ និងការប្រើប្រាស់បច្ចេកវិទ្យាជំនួសកម្លាំងមនុស្សដើម្បីកាត់បន្ថយចំណាយ ហើយបង្កើនប្រសិទ្ធភាពការផលិតឱ្យកាន់តែមានសក្តានុពល។
ផ្តើមចេញពីការធ្វើបដិវត្តន៍ឧស្សាហកម្ម 4.0 ស្ថានភាពវិជ្ជមានជាច្រើនត្រូវបានគេរំពឹងទុកថាអាចនឹងកើតមានឡើងនៅក្នុងចង្វាក់ផលិតកម្មនានាលើពិភពលោក ដែលធ្វើឱ្យមានការផ្លាស់ប្តូររបៀបនៃការធ្វើអាជីវកម្មទាំងផ្នែកផលិតកម្ម និងសេវាកម្ម។ ម៉ាស៊ីនស្វ័យប្រវត្តិនឹងត្រូវចូលមកជំនួសកន្លែងមនុស្សក្នុងរោងចក្រសហគ្រាស និងឧស្សាហកម្មដែលទាមទារឱ្យប្រើកម្លាំងច្រើន ព្រោះម៉ាស៊ីនអាចធ្វើការពេញ 24ម៉ោងក្នុងមួយថ្ងៃដោយគ្មានការសម្រាក និងមានថាមពលខ្លាំងជាងកម្លាំងមនុស្ស។ ប្រព័ន្ធផ្ទុកទិន្នន័យទាំងអស់នឹងត្រូវផ្លាស់ប្តូរពីការប្រើប្រាស់ឃ្លាំង ដាក់ឯកសារ ហើយមានមនុស្សធ្វើការច្រើន មកប្រើប្រាស់បច្ចេកវិទ្យា និងប្រើមនុស្សតិចបំផុតវិញម្តង។ ម្យ៉ាងវិញទៀតវាមានភាពងាយស្រួលខ្លាំងក្នុងការស្វែងរកទិន្នន័យរាប់ពាន់លានទំព័រក្នុងរយៈពេលខ្លីបំផុត ដែលអាចធ្វើឱ្យការធ្វើអាជីវកម្មកាន់តែមានលក្ខណៈងាយស្រួល និងប្រកួតប្រជែង។ ចំពោះការទិញលក់របស់មនុស្សវិញក៏ដូចគ្នាដែរ វត្តមាននៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (Fintech) នឹងធ្វើឱ្យមនុស្សជួបគ្នាកាន់តែតិច ហើយការចរាចរទំនិញនឹងកាន់តែមានលក្ខណៈងាយស្រួល ព្រោះការដឹកជញ្ជូនក៏មានការឆាប់រហ័ស ហើយការទូទាត់ប្រាក់ក៏ចំណាយពេលវេលាតិចបំផុតដែរ។
ស្របជាមួយនឹងគុណសម្បត្តិយ៉ាងច្រើនលើសលប់នៃបដិវត្តន៍ឧស្សាហកម្ម 4.0 វាក៏ត្រូវបានគេមើលឃើញថា អាចនឹងជះផលប៉ះពាល់ច្រើនលើវិស័យធនធានមនុស្ស និងអាជីវកម្មដែលមានលក្ខណៈជាប្រពៃណី។ អ្នកជំនាញដែលមិនសូវចេះបច្ចេកវិទ្យាចាំបាច់ត្រូវតែរត់ទៅសិក្សាបន្ថែមពីបច្ចេកវិទ្យាបើមិនធ្វើបែបនេះទេ គាត់នឹងប្រឈមជាមួយនឹងការបាត់បង់ការងារក្នុងឧស្សាហកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។ អាជីពជាច្រើននឹងត្រូវជំនួសដោយបច្ចេកវិទ្យា AI (artificial intelligence) ព្រោះការងារទាំងអស់ដែលធ្វើដដែលៗ ម៉ាស៊ីនសុទ្ធតែអាចធ្វើបានទាំងអស់ ហើយលើសពីនេះទៅទៀតក្រុមហ៊ុនទាំងអស់ត្រូវតែចំណាយលុយដើម្បីធ្វើបច្ចុប្បន្នភាពឱ្យទាន់សម័យកាល ស្របពេលដែលអ្នកគ្មានអាជីពអាចនឹងក្លាយជាបន្ទុកសម្រាប់សង្គម។
លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា បច្ចុប្បន្ននេះមនុស្សជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យា ហើយសកម្មភាពឧស្សាហកម្មមួយចំនួនក៏ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយនឹងគ្រឿងម៉ាស៊ីន (robot) ដើម្បីធ្វើការដែរ។ ចំពោះមនុស្សវិញ ការទូទាត់សាច់ប្រាក់ក៏លែងសូវប្រើប្រាស់ជាសាច់លុយសុទ្ធទៀតហើយ ភាគច្រើនគឺប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាដើម្បីទិញទំនិញ និងចំណាយផ្សេងៗ។ មនុស្សចាប់ផ្តើមបញ្ចូលបច្ចេកវិទ្យានៅក្នុងការរស់នៅ ព្រោះសូម្បីតែកាហ្វេនាសម័យ Cyber world នេះក៏ទាល់តែ Cyber Café ទើបមានអតិថិជន មានន័យថា ទាល់តែមាន Wifi និងបច្ចេកវិទ្យាទំនើបនានាទើបមានមនុស្សគាំទ្រ។ ហេតុនេះវត្តមាននៃបច្ចេកវិទ្យានៅលើពិភពលោក នឹងធ្វើឱ្យមានការផ្លាស់ប្តូររបៀបនៃការរស់នៅ។
លោក ឌៀប សីហា បានមានប្រសាសន៍ថា៖ “តាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា ឆ្នាំ2022 មនុស្សប្រើប្រាស់ម៉ាស៊ីនអាចកើនឡើងដល់ 48% បើធៀបនឹងកម្លាំងមនុស្សតែដល់ឆ្នាំ2025 មនុស្សអាចប្រើគ្រឿងយន្តដល់ទៅជាង 50% ហេតុនេះវាអាចធ្វើឱ្យប៉ះពាល់ដល់វិស័យការងារ”។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ទោះជាឧស្សាហកម្ម 4.0 ត្រូវបានគេសង្កេតឃើញថាមានផលប៉ះពាល់ខ្លះយ៉ាងណាក៏ដោយ តែយុវជនជំនាន់ថ្មីនេះនៅមានពេលសម្រាប់ត្រៀមមុនមិនដូចជំនាន់មុនដែលនៅឆ្ងាយខ្លាំងពីបច្ចេកវិទ្យានោះទេ។ ក្នុងនាមជាស្ថាប័នអប់រំ លោក រួមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យបៀលប្រាយ ក៏បានធ្វើការជជែកពិភាក្សានៅបរទេសជាមួយដៃគូជាច្រើន រួមទាំងអ្នកជំនាញពីភាពជាប្រជាជនសកល (global citizen) និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងពិភពលោក ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការឆ្លើយតបជាមួយនឹងទីផ្សារការងារជំនាន់ថ្មីនេះ។
លោក ឌៀប សីហា បានលើកឡើងផងដែរថា ដើម្បីដោះស្រាយបញ្ហានេះសាកលវិទ្យាល័យរបស់លោកបានបញ្ចូលនូវបច្ចេកវិទ្យាទៅកាន់និស្សិតនៅគ្រប់ផ្នែកទាំងអស់ ដើម្បីពង្រឹងសមត្ថភាពឱ្យបានទាន់ពេលវេលា និងធានាថា ពួកគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងវិញទៀត សាកលវិទ្យាល័យក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដើម្បីធ្វើការផ្លាស់ប្តូរចំណេះដឹង និងផ្តល់ឱកាសការងារទៅកាន់និស្សិត ដោយធ្វើយ៉ាងណាលើកទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងពីបច្ចេកវិទ្យា៕