ក្រុម Real Madrid ដែលជាម្ចាស់ជើងឯក Champions League បានរងបរាជ័យដ៏កម្រមួយក្នុងយុទ្ធនាការនេះ ខណៈដែលពួកគេបានចាញ់ក្នុងលទ្ធផល 1-០ នៅលើទឹកដីក្រុម CSKA Moscow កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុម Manchester United របស់លោក Jose Mourinho បានខ្វះភាពមុតស្រួចម្តងទៀត ក្នុងពេលទទួលបានលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Valencia។
ស្របពេលដែលក្រុម Bayern Munich ក៏បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Ajax ដែរនោះ វាបានក្លាយជារាត្រីដ៏រីករាយសម្រាប់ក្រុម Manchester City របស់លោក Pep Guardiola ខណៈដែលពួកគេបានផ្តួលក្រុម Hoffenheim ក្នុងលទ្ធផល 2-1 ហើយក្រុម Juventus ក៏ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅលើក្រុម Young Boys ផងដែរ ក្រោយពីការរកបាន 3គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Paulo Dybala។ Real មិនត្រូវបានរំពឹងទុកថា នឹងជួបភាពត្រដាបត្រដួសក្នុងពូល G ឡើយ ខណៈដែលពួកគេបានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំនាពេលថ្មីៗនេះក្នុង Champions League ប៉ុន្តែ ក្រុមរបស់លោក JulenLopetegui បានរបូតគ្រាប់បាល់ភ្លាមៗក្រោយពីលេងបានត្រឹមតែ 2នាទី ក្នុងទីក្រុងម៉ូស្គូ ក្រោយពីការប្រព្រឹត្តកំហុសរបស់កីឡាករ Toni Kroos។ Gareth Bale និង Sergio Ramos ស្ថិតក្នុងចំណោមកីឡាករសំខាន់ៗដែលបានអវត្តមាននាកីឡដ្ឋាន Luzhniki ប៉ុន្តែ ការបញ្ជូនបាល់ត្រឡប់ក្រោយរបស់ Kroos បានអនុញ្ញាតឱ្យកីឡាករ Nikola Vlasic ដែលខ្ចីជើងពីក្លិប Everton រកបានគ្រាប់បាល់ដើម្បីជួយឱ្យក្រុម CSKA នាំមុខ ក្រោយពីលេងបានត្រឹមតែ 68វិនាទី។
ជាមួយគ្នានេះ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែបម្រើ David Silva បានជួយឱ្យក្រុម Man City ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុម Hoffenheim កាលពីថ្ងៃអង្គារ ខណៈក្រុមរបស់លោក Guardiola បានធ្វើឱ្យយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេវិលទៅកាន់ភាពល្អប្រសើរវិញ ក្នុងប្រទេសអាល្លឺម៉ង់៕
ប្រភពពី៖ Channel News Asia