Lionel Messi បានជួយឱ្យក្រុម Barcelona ងើបចេញពីការធ្លាក់ចុះទម្រង់លេងនាពេលថ្មីៗនេះ តាមរយៈការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះដោយក្រុមរបស់គេបានផ្តួលក្រុម Tottenham Hotspurs 4-2 ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពូល B ដ៏រំភើបកាលពីថ្ងៃពុធ។
តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ដើម្បីធ្វើឱ្យគ្រាប់បាល់សរុបក្នុងក្របខ័ណ្ឌ Champions League របស់គេកើនឡើងដល់ 105គ្រាប់ និងជាអ្នកជួយឱ្យក្រុមរបស់ខ្លួនរកបាន 2គ្រាប់ផ្សេងទៀត ខណៈដែលរូបគេក៏បានស៊ុតបាល់ប៉ះទៅនឹងបង្គោលទី 2លើក នាកីឡដ្ឋាន Wembley ផងដែរ។ Messi វ័យ 31ឆ្នាំ ទទួលបានការទះដៃសរសើរក្នុងពេលចេញពីទីលានដោយអ្នកគាំទ្រទាំង 2ក្រុម ក្នុងពេលបញ្ចប់ការប្រកួតដែលបានធ្វើឱ្យក្រុម Barcelona រក្សាការឈរលេខ1 ក្នុងពូល ហើយក្រុម Tottenham កំពុងតែធ្លាក់ចូលក្នុងបញ្ហា ក្រោយពីការរងបរាជ័យ 2លើក។
ខ្សែបម្រើ Philippe Coutinho រកបានគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោយពីលេងបានត្រឹមតែរយៈពេល2នាទីសម្រាប់ក្រុម Barcelona ដែលបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដោយការមិនស្គាល់ឈ្នះសោះពីការប្រកួតក្របខ័ណ្ឌ La Liga 3ប្រកួត ខណៈដែល Ivan Rakitic រកបានគ្រាប់បាល់ទី2 យ៉ាងល្អ។ បន្ទាប់មក Messi ដែលមុននេះបានស៊ុតបាល់ប៉ះទៅនឹងបង្គោលទី 2លើកនោះ ក៏រកបានគ្រាប់បាល់បញ្ចូលទីនៅចន្លោះគ្រាប់បាល់ពី Harry Kane និង Erik Lamela នៅមុនពេលតារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានរកគ្រាប់បាល់ទី2 របស់គេឃើញនៅពេលជិតបញ្ចប់ការប្រកួតដើម្បីបំពេញជ័យជម្នះតែម្តង។
លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានឱ្យដឹងថា៖ «ក្រោយពីការជួបលទ្ធផលមិនល្អចំនួន 3លើកមក វាពិតជាសំខាន់ណាស់ក្នុងការធ្វើឱ្យបានល្អនៅថ្ងៃនេះ។ ការឆ្លើយតបរបស់យើងពិតជាល្អមែន»៕
ប្រភពពី៖ Sky Sports