សហព័ន្ធកីឡាប្រដាល់ស្ម័គ្រចិត្តអន្តរជាតិ ហៅកាត់ថា AIBA ត្រូវតែដោះស្រាយបញ្ហាអភិបាលកិច្ចរបស់ខ្លួនឱ្យបាននៅត្រឹមខែក្រោយនេះ បើមិនអ៊ីចឹងទេនឹងប្រឈមមុខនឹងការអវត្តមានក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ2020 ព្រមទាំងនឹងបាត់បង់ការទទួលស្គាល់របស់ខ្លួនពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)មិនខាន។ នេះបើយោងតាមការព្រមានរបស់ IOC កាលពីថ្ងៃពុធ។
IOC បានធ្វើការព្រមានដល់ AIBA នៅមុនពេលត្រូវធ្វើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ បញ្ហាអភិបាលកិច្ចរបស់កីឡានេះ រួមទាំងបញ្ហាប្រឆាំងនឹងសារធាតុហាមឃាត់របស់អង្គភាពនេះផង ឬមិនអ៊ីចឹងទេ AIBA នឹងប្រឈមមុខនឹងការបាត់ខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ឆ្នាំ2020។ គួរបញ្ជាក់ដែរថា របាយការណ៍វិវឌ្ឍន៍របស់ AIBA កាលពីខែឧសភា មិនបានបំពេញចិត្ត IOC ដែលបានបញ្ជាក់ថា ខ្លួននឹងពិនិត្យមើលលើបញ្ហានេះម្តងទៀត ក្រោយពីសន្និបាតរបស់ AIBA និងការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅថ្ងៃទី2 និងទី3 ខែវិច្ឆិកា ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។
IOC បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នៅថ្ងៃនេះ បានសម្តែងនូវការខ្វល់ដ៏ខ្លាំងរបស់ខ្លួនជាមួយនឹងស្ថានភាពនៅក្នុងសហព័ន្ធកីឡាប្រដាល់ស្ម័គ្រចិត្តអន្តរជាតិ (AIBA) និងអភិបាលកិច្ចរបស់ពួកគេនាពេលបច្ចុប្បន្ន»។ IOC បានបន្ថែមទៀតថា៖ «បញ្ហាទាំងនោះរាប់បញ្ចូលទាំងកាលៈទេសៈផ្សេងៗនៃការបង្កើតបញ្ជីឈ្មោះបោះឆ្នោត និងទំនាក់ទំនងដែលមិនត្រឹមត្រូវក្នុងភាពជាសមាជិករបស់ AIBA ទាក់ទងនឹងទីតាំងរបស់ IOC»។
AIBA បានស្ថិតក្នុងស្ថានភាពជ្រួលច្របល់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអតីតប្រធានរបស់ខ្លួន គឺលោក Wu Ching-kuo បានជាប់ពិន័យព្យួរការងារកាលពីឆ្នាំ2017 នៅមុនពេលលាលែងពីតំណែងជុំវិញបញ្ហាអភិបាលកិច្ច និងបញ្ហាហិរញ្ញវត្ថុ៕
ប្រភពពី៖ Reuters