នៅក្នុងព្រឹត្តិការណ៍ «ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ដែលចូលរួមសម្ដែងដោយតារាៗក្នុងគ្រួសារតារាកម្ពុជា ត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំងពីការដើរម៉ូដនៃតួអង្គតែងជាខ្មោច ឬហៅថាតំណាងឱ្យពពួកប្រេតច្រើនជាង និងដោយសារតែតារាសិល្បៈចាស់ក្មេងត្រូវបានតែងខ្លួនជាតួប្រេត ឬខ្មោចប្លែកៗ ហើយឡើងមកដើរបង្ហាញខ្លួននៅលើឆាក និងឱ្យសំឡេងភ្លេងជាអ្នកពញ្ញាក់អារម្មណ៍ផងនោះ ធ្វើឱ្យអ្នកទស្សនាទាំងអស់ដែលបានស្ដាប់ និងមើលឃើញហើយព្រឺព្រួច ញាប់ញ័រខ្លួនយ៉ាងខ្លាំង។
សមាជិកចាស់-ថ្មីនៃគ្រួសារតារាកម្ពុជា រួមមានកញ្ញា ភី សម័យ អ្នកនាងយីវ មូលីកា អ្នកនាងសាង សុរិយា កញ្ញាទេព មុន្នីរក្សា លោកសាក់ ស៊ីឌី លោកឡុង សុខហៀង កញ្ញាកែវ ពេជ្រកុសុម៉ា កញ្ញារក្សា (ខេរ៉ា) លោកមាស សៀវប៉ាយ ត្រូវគេឃើញតែងខ្លួនយ៉ាងប្លែកភ្នែកតែម្ដង ដែលនៅពេលបានឃើញហើយស្ទើរតែញាក់សាច់តែម្ដង។ ក្រៅពីរំលេចផ្ទាំងទស្សនីយភាពដ៏កម្របានឃើញនៅលើវេទិកានេះហើយ តារាសិល្បៈដែលបានតែងខ្លួនជាតួអង្គខ្មោច ក៏ត្រូវបានគេដឹងដែរថាបានលះបង់ពេលវេលាដល់ទៅ 2ថ្ងៃ សម្រាប់ការហាត់សមនៅលើឆាកទៀតផង។
គួរកត់សម្គាល់ដែរថា ខណៈដែលតារាជាច្រើនដួងនេះតុបតែងខ្លួនធ្វើជាខ្មោចដែលពិតជាគួរឱ្យខ្លាច និងព្រឺព្រួចមែននោះ តារាទាំងនោះថែមទាំងបានផាត់មុខមាត់កាចៗ មានឈាមហូរដាបខ្លួនទៀតផង។
តោះ! សាកល្បងទាយទាំងអស់គ្នាទៅមើល៍ថា តួអង្គខ្មោចដែលបានលេចឡើងនៅក្នុងពិធី «ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ដែលទើបបញ្ចប់នោះ តើមានតួអង្គខ្មោចណាខ្លះដែលគួរឱ្យខ្លាចបំផុត?៕