…តពីលេខមុន
https://www.lareine.com.kh/news/lifestyle/momandbabe/27715/
8. ហាមញ៉ាំអាហារដែលគ្មានប្រយោជន៍
អាហារគ្មានប្រយោជន៍ដែលថានេះក្រៅពីនឹងបំផ្លាញសុខភាពស្ត្រីមានគភ៌ ហើយ អាហារខ្លះថែមទាំងបំផ្លាញខួរក្បាលទារកក្នុងគភ៌ទៀតផង។ អាហារទាំងនោះមានដូចជា ស្រា(ជាតិអាល់កុល) កាហ្វេអុីនអាហារដែលមានរសជាតិផ្អែមខ្លាំង ខ្លាញ់ច្រើន ហឹរខ្លាំង ស្ទើរឆៅស្ទើរឆ្អិន អាហារជ្រក់ត្រាំ អាហារកំប៉ុង និងម្សៅប៊ីចេង។
9. ហាមធ្វើដំណើរឆ្ងាយពេលជិតដល់ថ្ងៃប្រសូត
សម្រាប់ស្ត្រីមានគភ៌ក្នុងត្រីមាសចុងក្រោយ ជាពិសេសស្ត្រីដែលមានអាយុគភ៌32សប្ដាហ៍ឡើងទៅ គួរតម ឬផ្អាកធ្វើដំណើរផ្លូវឆ្ងាយ ព្រោះក្នុងអំឡុងពេលនេះ មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ និងអាចប្រសូតមុនកាលកំណត់បានយ៉ាងងាយ។
10. ហាមញ៉ាំទឹកដោះច្រើន
លើសពី 2កែវក្នុងមួយថ្ងៃស្ត្រីមានគភ៌ជាច្រើននាក់សម្រុកញ៉ាំទឹកដោះគោ ដើម្បីបំប៉នគភ៌តាំងពីពេលដឹងថា ខ្លួនមានគភ៌។ តាមគោលការណ៍ភោជនាហារ គួរចាប់ផ្ដើមញ៉ាំទឹកដោះគោបំប៉នគភ៌នៅពេលឈានចូលត្រីមាសទី2 នៃការតាំងគភ៌ ព្រោះអំឡុងពេលនោះ ទារកបានទាញយកកាល់ស្យូមពីម្ដាយទៅប្រើច្រើនឡើង អាចធ្វើឱ្យខ្លួនស្ត្រីជាម្ដាយបាត់បង់ជាតិកាល់ស្យូមច្រើនជាងប្រក្រតី តែ… ការញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 1កែវ ឬទឹកសណ្ដែកលឿងមួយថ្ងៃ 2កែវ គឺល្មមគ្រប់គ្រាន់ហើយ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ស្ត្រីមានគភ៌ដែលទឹកដោះគោច្រើនជ្រុលលើសភាពចាំបាច់ នឹងធ្វើឱ្យទារកមានភាពប្រថុយនឹងការកើតប្រតិកម្មចាញ់បានយ៉ាងងាយ ដូចជា ប្រតិកម្មប្រូតេអុីនក្នុងទឹកដោះគោជាដើម។
11. ហាមស្លៀកសម្លៀកបំពាក់រឹបខ្លួនខ្លាំងជ្រុលពេក
ស្ត្រីមានគភ៌គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងៗ សប្បាយៗ ខ្យល់អាកាសចេញចូលស្រួល ដោយសារតែក្នុងអំឡុងពេលតាំងគភ៌មានការប្រែប្រួលកម្រិតអ័រម៉ូនក្នុងរាងកាយយ៉ាងខ្លាំងជាពិសេសអ័រម៉ូនភេទ ធ្វើឱ្យស្ត្រីមានគភ៌មានក្លិនខ្លួន និងក្លិនអវយវៈភេទខ្លាំងជាងមុន។ ការស្លៀកសម្លៀកបំពាក់ដែលរឹតណែន ធ្វើឱ្យកាន់តែកើតមានក្លិនអាប់ខ្លាំងឡើង និងនៅធ្វើឱ្យប្រព័ន្ធឈាមរត់ដំណើរការមិនបានស្រួល ធ្វើឱ្យពិបាកដកដង្ហើម ងងឹតមុខ ឬខ្យល់គរបានទៀតផង។
12. ហាមលូកលាងរន្ធស្បូន និងប្រើថ្នាំកម្ចាត់ក្លិន
ក្នុងអំឡុងពេលមានគភ៌ មានការប្រែប្រួលអ័រម៉ូនច្រើន ហុចផលឱ្យអវយវៈភេទមានក្លិនខ្លាំងឡើង ទើបស្ត្រីមានគភ៌ធ្វើការលូកលាងសម្អាតរន្ធស្បូន និងជ្រើសរើសប្រើផលិតផលកម្ចាត់ក្លិន។ ទង្វើនេះជាការនាំមកនូវមេរោគឱ្យចូលទៅក្នុងរន្ធស្បូនដោយផ្ទាល់ ព្រោះជាធម្មតា នៅបរិវេណនោះនឹងមានមេរោគល្អនៅប្រចាំការចាំស្ទាក់ចាប់មេរោគផ្សេងៗដែលចូលទៅក្នុងរន្ធស្បូន ដូច្នេះហើយទើបមនុស្សប្រក្រតីមិនកើតការឆ្លងមេរោគដោយងាយៗនោះទេ តែបើពេលណាមានការលូកលាងរន្ធស្បូន ឬប្រើទឹកថ្នាំ ឬសាប៊ូដែលមានកម្រិតខ្លាំងៗ នឹងធ្វើឱ្យស្លាប់មេរោគល្អទាំងនោះ ហើយធ្វើឱ្យមេរោគចង្រៃផ្សេងៗហូរចូលទៅក្នុងរន្ធស្បូនបាន ធ្វើឱ្យប្រអប់ស្បូនកើតការឆ្លងមេរោគទាំងម្ដាយ និងកូនយ៉ាងងាយស្រួល។
13. ហាមលើករបស់ធ្ងន់ៗ ឬតោងឡើងទីខ្ពស់ៗ
នៅពេលលើករបស់ធ្ងន់ៗខ្លាំងពេក កម្លាំងប្រឹងនឹងធ្លាក់ទៅនៅត្រង់ស្បូន ព្រោះជាចំណុចកណ្ដាល។ កម្លាំងប្រឹងខណៈពេលខំលើករបស់ធ្ងន់ៗ ប្រថុយប្រថាននឹងការធ្វើឱ្យរលូតបុត្របាន។ ការលើករបស់ធ្ងន់ៗ ឬការតោងឡើងទីខ្ពស់ៗ ប្រថុយនឹងការបាត់បង់លំនឹង ធ្វើឱ្យដួលបោកនឹងដីបានដូចគ្នា។
14. ហាមស្វាមីមានក្នុង មានក្រៅ
ចំណុចនេះត្រូវតែ Tag ឬ Copy ឱ្យស្វាមីអានឱ្យបាន។ តាមរយៈរបាយការណ៍វេជ្ជសាស្ត្របានរកឃើញថា ស្វាមីក្បត់ចិត្តភរិយាច្រើនបំផុតក្នុងអំឡុងពេលភរិយាតាំងគភ៌ មានតាំងពីជាមួយស្ត្រីបម្រើសេវាផ្លូវភេទ មានភេទសម្ព័ន្ធជាមួយស្រីផ្សេងជាច្រើននាក់។ ទង្វើនេះអាចហុចផលប៉ះពាល់ដល់ភរិយា និងកូនតូច ព្រោះប្រថុយប្រថាននឹងការឆ្លងរោគពីក្រៅ ដូចជា រោគអេដស៍ និងស្វាយប្រមេះជាដើម។ គ្រប់រោគដែលរៀបរាប់មកនេះអាចហុចផលធ្វើឱ្យទារកពិការ ឬប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបាន។ ឯការការពារ ៖ ស្ត្រីមានគភ៌កុំព្រងើយកន្តើយក្នុងការផ្ដល់សេចក្ដីសុខជាមួយស្វាមី ព្រោះពេញមួយរយៈ 9ខែ ពេទ្យមិនបានហាម ឬកម្រិតការមានភេទសម្ព័ន្ធឡើយ អ្នកអាចប្រព្រឹត្តបានតាមប្រក្រតីក្នុងឥរិយាបទដែលមិនប្រថុយគ្រោះថ្នាក់ខ្លាំងពេកប៉ុណ្ណោះ។ ការមើលថែទាំសុខភាពគភ៌នេះសំខាន់ណាស់ ព្រោះមិនមែនសម្រាប់តែស្ត្រីមានគភ៌ខ្លួនឯងប៉ុណ្ណោះទេ ទារកដែលនៅក្នុងគភ៌ក៏ត្រូវតែមានសុខភាពល្អបរិបូរណ៍ដែរ ដូច្នេះបើមានហេតុខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបគ្រូពេទ្យភ្លាមជាបន្ទាន់៕