កីឡាការិនីវាយកូនបាល់ Naomi Osaka កំពុងតែស្រេកឃ្លានក្នុងការបន្តដំណើរទៅមុខពី «ការចងចាំផ្អែមលាយល្វីង» នៃការឈ្នះពានក្នុងព្រឹត្តិការណ៍ US Open កាលពីខែមុន ហើយកីឡាការិនីរូបនេះ បានបង្ហាញពីទម្រង់លេងដ៏រឹងមាំក្នុងយុទ្ធនាការ China Open កាលពីថ្ងៃអង្គារ។
តារាឆ្នើមស្រីវ័យក្មេងរបស់ជប៉ុនរូបនេះ បានយកឈ្នះលើកីឡាការិនីអាមេរិក Danielle Collins យ៉ាងងាយស្រួលក្នុងលទ្ធផល 6-1 និង6-0 ក្នុងរយៈពេលត្រឹមតែ 53នាទី នៅលើទីលានរឹងក្នុងទីក្រុងប៉េកាំង ដើម្បីឈានទៅប្រកួតជុំទី3។ ជាមួយគ្នានេះ ទម្រង់លេងយ៉ាងល្អរបស់កីឡាការិនីចិន Wang Qiang បានបន្ត ក្រោយពីនាងបានយកឈ្នះលើកីឡាការិនីឡេតូនី Jelena Ostapenko ដែលជាម្ចាស់ជើងឯក French Open ឆ្នាំ2017 ក្នុងលទ្ធផល 6-០ និង6-០។ Ostapenko ដែលមានចំណាត់ថ្នាក់លេខ12 ប្រចាំព្រឹត្តិការណ៍ បានត្រូវការការព្យាបាលដៃខាងឆ្វេងរបស់គេ អំឡុងពេលនៃការប្រកួត ប៉ុន្តែជ័យជម្នះបានកើតឡើងពីការបង្ហាញទម្រង់លេងយ៉ាងល្អរបស់ Qiang នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។
Osaka វ័យ 20ឆ្នាំ ដែលការឈ្នះពានតែ1 ក្នុងកម្មវិធី Grand Slam របស់នាងត្រូវបានរំខានដោយជម្លោះរបស់កីឡាការិនី Serena Williams ជាមួយនឹងអាជ្ញាកណ្តាលក្នុងទីក្រុងញូវយ៉កនោះ នឹងត្រូវប៉ះជាមួយនឹងកីឡាការិនី Julia Goerges ក្នុងវគ្គបន្ទាប់ ក្នុងរដ្ឋធានីរបស់ចិន។ កេរិ៍្តឈ្មោះ Osaka កំពុងតែមានភាពល្បីល្បាញ ហើយមន្ត្រីរៀបចំការប្រកួតកាលពីថ្ងៃអង្គារ បានបញ្ជាក់ថា នាងបានទទួលសិទ្ធិរបស់នាងក្នុងព្រឹត្តិការណ៍ WTA Finals Singapore ជាលើកទី1៕
ប្រភពពី៖ Channel News Asia