តាមរយៈគេហទំព័រកម្សាន្ដ Kapook បានឱ្យដឹងថា ព្រៃកោងកាង ធុងប៉្រូងថង ( ทุ่งโปรงทอง ) មានទីតាំងស្ថិតនៅជុំវិញមាត់ច្រាំងទន្លេ ប្រៈសែ ក្បែរតំបន់ទំនាបសមុទ្រ ប្រៈសែ ស្រុកក្លែង ខេត្តរៈយ៉ង។ នៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានព្រៃកោងកាងលាតសន្ធឹងល្វឹងល្វើយ និងមានស្ពានធ្វើអំពីឈើ ដែលអាចដើរឆ្លងពីព្រៃមួយទៅព្រៃមួយ និងអាចដើរព័ទ្ធជុំវិញព្រៃបាន។
ចំណែកស្ពានដែលភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ដទស្សនាសត្វស្លាប និងកូនព្រៃដើមកោងកាងបាននោះ មានប្រវែង 2 .6គីឡូម៉ែត្រ ក្នុងនោះភ្ញៀវទេសចរអាចថតរូបផ្ដិតយកទេសភាពស្អាតៗនៅក្បែរខ្លួនបានផងដែរ ។ តែដោយឡែក ស្ពានដែលមានប្រវែងវែងបំផុត និងអាចដើរឆ្លងទៅកាន់ព្រៃកោងកាងនីមួយៗ បើចង់បន្ដដំណើរត្រូវផ្ដល់ដំណឹងទៅអ្នកអនុរក្សព្រៃជាមុនសិន ដើម្បីធ្វើដំណើរជាមួយអ្នកនាំផ្លូវ។
បន្ថែមលើសពីនោះ ភ្ញៀវទេសចរអាចបន្ដដំណើរនៅលើទូកដើម្បីទស្សនាព្រៃកោងកាងទាំងមូលក៏បានផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត កន្លែងតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ត្រូវបានបើកឱ្យចូលទស្សនាទាំងភ្ញៀវជាតិ និងអន្ដរជាតិដោយឥតគិតថ្លៃ ចាប់ពីវេលាម៉ោង 6ព្រឹក ដល់ម៉ោង 6ល្ងាច។ តែចំពោះការជិះទូកវិញ ត្រូវបានបង់ថ្លៃទៅតាមចំនួនមនុស្ស ។
ដើម្បីកុំឱ្យខកខាន សូមទស្សនាវីដេអូទេសភាពព្រៃកោងកាង «ធុងប៉្រូងថង» ដែលធំជាងគេនៅប្រទេសថៃ ៖