តារាឆ្នើម Antoine Griezmann បានប្រកាសថា រូបគេចង់បន្តនៅជាមួយនឹងក្លិប Atletico Madrid និងចង់ប្រជែងដណ្តើមយកពានផ្សេងៗជាច្រើនទៀត ស្របពេលកំពុងតែមានការអារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិប Manchester United។
ក្រុមបិសាចក្រហមមួយនេះ កំពុងតែត្រៀមដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់៨៥លានផោន (ស្មើនឹង១១០លានដុល្លារអាមេរិក) សម្រាប់ Griezmann វ័យ២៦ឆ្នាំ ដែលទើបតែបានប្រកាសកាលពីពេលថ្មីៗថា រូបគេត្រៀមលក្ខណៈរួចរាល់ហើយក្នុងការចាកចេញពីក្លិបយក្សរបស់ក្របខ័ណ្ឌ La Liga មួយនេះ។ ប៉ុន្តែ ទោបីជាយ៉ាងណា ក្នុងពេលនិយាយទៅកាន់គេហទំព័ររបស់ Atletico ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានបញ្ជាក់ថា រូបគេពិតជាស្រេកឃ្លានក្នុងការបន្តនៅជាមួយនឹងក្រុមរបស់លោក Diego Simeone ដោយសន្យាថា នឹងប្រជែងដណ្តើមយកពានរង្វាន់ផ្សេងៗទៀត។
Griezmann បានឲ្យដឹងថា៖ «វាបានក្លាយជាឆ្នាំដ៏អស្ចារ្យមួយ ហើយជាការរំពឹងទុក ខ្ញុំអាចអភិវឌ្ឍជារៀងរាល់ឆ្នាំ និងឈ្នះពានជាច្រើនទៀតជាមួយនឹងក្រុមនេះ។ ខ្ញុំនឹងធ្វើរាល់អ្វីៗទាំងអស់ដែលអាចទៅរួច»។ រូបគេបាននិយាយរួចជាស្រេចអំពីការប្រជែងនៅរដូវកាលក្រោយ និងរបៀបដែល Atletico ត្រូវតែពង្រឹងក្រុមរបស់ខ្លួនជាមួយនឹងមិត្តរួមជាតិបារាំងរបស់គេគឺ Alexandre Lacazette ដែលស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរមកនៅអេស្ប៉ាញដែរ។
អតីតតារាឆ្នើមរបស់ក្លិប Real Sociedad រូបនេះបានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ ពីព្រោះយើងបានសម្រេចគោលដៅរបស់យើង ហើយយើងប្រហែលជាអាចសម្រេចបាននូវគោលដៅជាច្រើនទៀត។ នៅឆ្នាំក្រោយនេះ យើងនឹងមានគោលដៅ និងការប្រជែងថ្មីៗ»៕
ប្រភពពី៖ The Sun