បន្ទាប់ពីបុកពោះបារម្ភរឿងលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិរួចហើយ ការផ្លាស់ទីមកសិក្សានៅរាជធានីភ្នំពេញបានក្លាយជាចំណុចព្រួយបារម្ភ និងជម្រើសដ៏តឹងតែងមួយសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ជាពិសេសអ្នក-រស់នៅតំបន់ឆ្ងាយពីរាជធានីភ្នំពេញ។
បើគិតតាមស្ថិតិនិស្សិតដែលបានបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សាឃើញថាមាននិស្សិតត្រឹមតែជាង 20%ប៉ុណ្ណោះ ដែលបានបញ្ចប់ដោយជោគជ័យ ខណៈសិស្សមិនតិចទេសម្រេចចិត្តមិនបន្តការសិក្សានៅឧត្តមសិក្សា។ បញ្ហាទាំងអស់នេះត្រូវបានគេមើលឃើញថា អាចកើតឡើង ដោយសារកត្តាជីវភាព កង្វះព័ត៌មាន និងឧបសគ្គតូចៗជាច្រើនផ្សេងទៀតដែលរុញច្រានឱ្យពួកគេមិនអាចបន្ត ឬសម្រេចចិត្តមិនបន្តការសិក្សានៅមហាវិទ្យាល័យ។ ចំពោះបញ្ហាកង្វះព័ត៌មានសិស្សមួយចំនួនមិនដឹងពីការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សា ការត្រៀមខ្លួនដើម្បីផ្លាស់ប្តូរបរិយាកាស និងតំបន់នៃការរស់នៅក្នុងពេលសិក្សាជាដើម។
លោក លី ពិសិដ្ឋ អតីតនិស្សិតដែលមកពីខេត្តសៀមរាបបានលើកឡើងថា ពីដំបូងគាត់មានការរារែកចំពោះការសម្រេចចិត្តបន្តការសិក្សានៅរាជ-ធានីភ្នំពេញ ព្រោះគាត់គិតថា ការរស់នៅរាជធានីភ្នំពេញលំបាកខ្លាំង ហើយត្រូវចំណាយច្រើន និងមិនស្គាល់ពីទីតាំងភូមិសាស្រ្តច្បាស់លាស់។ ម្យ៉ាងវិញទៀតពេលនេះមហាវិទ្យាល័យក៏មានច្រើនគួរសមដែរនៅទីរួមខេត្ត ហេតុនេះក៏ចង់សាកល្បងរៀននៅខេត្តដែរ តែចុងបញ្ចប់លោកក៏បានសម្រេចចិត្តចូលមកសិក្សានៅរាជធានីភ្នំពេញ ព្រោះចង់ជម្នះការលំបាក និងភាពរារែក របស់ខ្លួនឯង។ ពេលមកសិក្សានៅភ្នំពេញដំបូងបញ្ហាដែលជួបញឹកញាប់ជាងគេគឺ វង្វេងផ្លូវ ព្រោះមិនស្គាល់ទីតាំងច្បាស់លាស់ ហើយការធ្វើដំណើរក៏បារម្ភច្រើនរឿងប៉ូលិសផាក ព្រោះមិនធ្លាប់ជិះក្នុងទីក្រុង។ ពេលនោះ ចង់ទៅណាក៏ត្រូវពឹងមិត្តភក្តិ ឬទៅជាមួយគេទើបអាចទៅបាន។ លោក លី ពិសិដ្ឋ បាននិយាយថា៖ “ចំពោះការជ្រើសរើសសាលាវិញក៏ជាបញ្ហាមួយដែរ ព្រោះដំបូងឡើយមានជម្រើសច្រើន ឮតែគេថា សាលានេះល្អ ឬសាលានោះល្អតែមិនដឹងថាសាលានោះ នៅកន្លែងណា ហើយទៅដាក់ពាក្យតាមណាឡើយ។ ហេតុនេះបើមានបំណងមកសិក្សានៅភ្នំពេញ ប្អូនៗគួរតែចំណាយពេលវេលាមកស្នាក់នៅ និងស្គាល់សាលាឱ្យបានច្រើនបន្តិចដើម្បីងាយស្រួលរក ហើយមិនពិបាកក្នុងការសម្រេចចិត្ត បើជិតដល់ពេលបិទឈប់ទទួលពាក្យ ហើយមានអ្នកខ្លះបង្ខំចិត្តជ្រើសយកសាលាណាដែលមិនទាន់បិទ ឬចូលរៀនទាំងមិនពេញចិត្តក៏មាន”។
អតីតនិស្សិតខាងលើបានលើកឡើងផងដែរថាចំពោះកន្លែងស្នាក់នៅក៏ជាចំណុចមួយផងដែរដែលត្រូវគិតគូរ ព្រោះប្រសិនបើយើងស្វែងរកកន្លែងស្នាក់នៅមិនល្អអាចធ្វើឱ្យមានបញ្ហាប៉ះពាល់ដល់ការសិក្សាផងដែរ។ កន្លែងស្នាក់នៅ គួរជ្រើសរើសកន្លែងណាដែលមិនសូវមានតម្លៃខ្ពស់ពេកព្រោះមករៀន មិនមែនមកសោយសុខទេ តែក៏គួរស្វែងរកកន្លែងណាដែលមានសុវត្ថិភាព ហើយឆ្ងាយពីអ្នកផឹកស៊ីឡូឡា។ ប្រសិនបើជ្រើសរើសកន្លែងស្នាក់នៅមិនល្អ យើងអាចប្រឈមនឹងការរំខានច្រើន ហើយធ្វើឱ្យយើងមិនសូវសប្បាយចិត្តនៅពេលមកដល់ផ្ទះ ហើយចង់ស្រាវជ្រាវបន្ថែម តែអារម្មណ៍មិនមូល។
បង្ហាញពីចំណុចត្រូវត្រៀមខ្លួនពេលមកសិក្សានៅភ្នំពេញ និស្សិតឆ្នាំទី3 យុវតី ឡាយ សុភាវត្តី បានលើកឡើងថា ការមកសិក្សានៅភ្នំពេញ គឺជាជម្រើសមួយក្នុងការដើរចូលស្ថាប័នសិក្សាដែលពោរពេញដោយការប្រកួតប្រជែង ហេតុនេះការសិក្សាត្រៀមគឺជារឿងសំខាន់។ ការលើកឡើងបែបនេះមិនមែនមានន័យថា អ្នកសិក្សានៅតាមបណ្តាខេត្តមិនមានការប្រកួតប្រជែងនោះទេ តែភាគច្រើននៅរាជធានីភ្នំពេញ មាននិស្សិតមកពីគ្រប់ខេត្តក្រុងទាំងអស់ ហេតុនេះប្រសិនបើចង់ចាប់យកឱកាសអាហារូបករណ៍ ឬចូលសាលាជំនាញតឹងតែងដូចជា សាលាតិចណូ ឬសាលាពេទ្យជាដើម ចាំបាច់ត្រូវតែរៀនត្រៀមឱ្យបានមុនពេលប្រឡងប្រជែង។ ម្យ៉ាងវិញ ទៀតសិស្សានុសិស្ស ក៏គួរតែស្វែងយល់ឱ្យបានច្បាស់ពីព័ត៌មានតាមសាកលវិទ្យាល័យនីមួយៗឱ្យបានច្បាស់លាស់ជាមុន ដើម្បីកុំឱ្យចាញ់បោកសាលាមួយចំនួនដែលសន្សាឱ្យអាហារូបករណ៍ តែត្រូវបង់នេះ បង់នោះច្រើនជាដើម។
យុវតីខាងលើបានលើកឡើងផងដែរថា ថ្វីត្បិតតែការសិក្សានៅទីក្រុងមានឱកាសច្រើន មានសាកលវិទ្យាល័យច្រើន និងមានភាពទំនើបជាងនៅខេត្តក៏ដោយ តែសិស្សចាំបាច់ត្រូវមានការត្រៀមខ្លួនឱ្យបានល្អ ព្រោះបើមិនរៀនត្រៀមឱ្យបានល្អទេនោះ យើងនឹងមិនអាចទាញយកឱកាសល្អនោះបានទេ តែផ្ទុយមកវិញអាចចាញ់បោកគេ ឬទទួលយកឱកាសដែលអាចប៉ះពាល់ដល់អនា-គតក៏ថាបាន។ ក្រៅពីនេះ សិស្ស-និស្សិតដែលចង់ធ្វើការងារក្នុងពេលសិក្សាក៏ចាំបាច់ត្រូវប្រុងប្រយ័ត្នផងដែរ ចំពោះក្រុមហ៊ុនមួយចំនួនដែលបច្ចុប្បន្ននេះកំពុងទាក់ទាញឱ្យធ្វើការតាមអនឡាញ និងរកគ្នាបន្តបន្ទាប់ដើម្បីទទួលបានកម្រៃ។ មានសិស្សមិនតិចទេដែលលង់ខ្លួនមិនបានទាំងចំណូលហើយថែមទាំងខាតបង់លុយកាក់អស់រាប់រយដុល្លារទៀតផង៕