តារាសម្ដែងប្រុសរូបសង្ហា Orlando Bloom បានធ្វើឱ្យនារីរត់តុម្នាក់ ត្រូវបានបណ្ដេញចេញពីការងារ បន្ទាប់ពីពួកគេទាំងពីរបានជួបគ្នាក្នុងភោជនីយដ្ឋាន ហើយនាំគ្នាទៅឡើងស្ថានសួគិ៍នៅក្នុងបន្ទប់របស់តារាសម្តែងរូបសង្ហា ដោយមិនខ្វល់ពីម៉ោងការងារ។
Orlando បានទាក់ទងទៅកាន់អ្នកគ្រប់គ្រងភោជនីយដ្ឋានល្បីដែលមានឈ្មោះថា Chiltern Firehouse ដើម្បីតាមរកនារីរត់តុម្នាក់ឈ្មោះ Vivian Ross មានវ័យ ២២ឆ្នាំ ដែលត្រូវបានខាងភោជនីយដ្ឋានបណ្ដេញចេញពីការងារ បន្ទាប់មានសម្ព័ន្ធភាពផ្លូវភេទជាមួយតារាប្រុសរូបនេះហើយ។ គួរជម្រាបបន្ថែមថា Orlando បាននាំនាង Vivian Ross ទៅផឹកស្រា និងប្រឡែងគ្នានៅលើគ្រែក្នុងបន្ទប់របស់ខ្លួន ប្រៀបដូចជាគូស្នេហ៍កំពុងផ្អែមល្ហែមជាមួយគ្នា និងស្និទ្ធស្នាលនឹងគ្នារហូតដល់នាងហ៊ានចេញចូលបន្ទប់របស់គេដូចជាបន្ទប់ផ្ទាល់ខ្លួនដែរ ។
ជាចុងក្រោយ ពិតជាស៊យមែនទែនសម្រាប់ Vivian Ross ខណៈដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងភោជនីយដ្ឋានខាងលើ បានឃើញនាងនៅលើគ្រែរបស់តារាសម្ដែង Orlando Bloom ដោយចៃដន្យ ហើយក៏សម្រេចបណ្ដេញនាងចេញពីការងារភ្លាមៗនោះតែម្ដង ដែលវាជាការដាក់ទោសចំពោះបុគ្គលិកដែលមានភាពស្និទ្ធស្នាលជាមួយភ្ញៀវជ្រុលពេក។
បន្ទាប់ពីកើតហេតុការណ៍ខាងលើ Orlando Bloom ក៏បានមកសូមទោសអ្នកគ្រប់គ្រងភោជនីយដ្ឋាននោះ និងសូមការអនុញ្ញាតសុំលេខទូរស័ព្ទរបស់ Vivian Ross ដើម្បីទូរស័ព្ទទៅសូមទោសនាង ដែលខ្លួនបានបង្កហេតុការណ៍នេះឡើង ព្រមទាំងទទួលខុសត្រូវចំពោះរូបនាងផងដែរ ក៏ប៉ុន្ដែខាងអ្នកគ្រប់គ្រងភោជនីយដ្ឋាន Chiltern Firehouse បានត្រឹមតែប្រាប់ថា “យើងគ្មានទំនាក់ទំនង និងលែងដឹងឮពីនាងទៀតហើយ“ ៕