ម្លិះជាផ្កាមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តយកទៅថ្វាយព្រះនៅរៀងរាល់ថ្ងៃសិល ឬយកធ្វើកម្រងផ្កា ក៏ដូចជាប្រើប្រាស់ក្នុងកម្មវិធីបុណ្យផ្សេងៗ ដូចជាឡើងគេហដ្ឋាន បុកគ្រឹះសាងសង់សំណង់ និងកម្មវិធីធំៗជាច្រើនទៀតរាប់មិនអស់ ដែលធ្វើឱ្យទីផ្សារផ្កាដ៏ក្រអូបប្រហើរមួយនេះមានតម្រូវការគ្រប់រដូវកាលមិនថា រដូវវស្សា ឬរដូវប្រាំងឡើយ។
លោកអ៊ំ រស់ សារ៉ុម កសិករដាំផ្កាម្លិះនៅក្នុងភូមិកោះក្របី ដែលបច្ចុប្បន្នត្រូវរដ្ឋាភិបាលកាត់បញ្ចូលមកក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានប្រសាសន៍ថា គ្រួសារលោកអ៊ំក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិកោះក្របីស្ទើរតែទាំងអស់ដែរបានចាប់យកមុខរបរដាំផ្កាម្លិះ តៗគ្នាតាំងពីដូនតាមកម៉្លេះក្រោយឆ្នាំ1979មក។ លោកអ៊ំមានប្រសាសន៍ថា ដើមឡើយប្រជាពលរដ្ឋក្នុងភូមិបានដាំផ្កាផ្សេងៗច្រើនប្រភេទទៀត ដូចជាផ្កាចន្ធូ ចំប៉ា ចំប៉ី និងរំដួល ជាដើម តែក្នុងចំណោមផ្កាទាំងនោះមានតែផ្លាម្លិះប៉ុណ្ណោះ ដែលមានទីផ្សារច្រើនជាងគេ ទើបពួកយើងនាំគ្នាដាំផ្កាម្លិះតៗគ្នាមករហូតមកទល់បច្ចុប្បន្ន។
លោកអ៊ំបន្តថា សម្រាប់គ្រួសារលោកអ៊ំ ក៏មិនខុសពីគ្រួសារដទៃទៀតដែរ បានចាប់យករបរដាំផ្លាម្លិះនេះនៅលើដីទំហំជាងកន្លះហិកតាអស់រយៈពេលជាង 20ឆ្នាំមកហើយ ហើយវានៅតែផ្តល់ផលនៅឡើយ មិនទាន់ងាប់ដើមទៅវិញទេ ដែលជាធម្មតានៅខែវស្សានេះ គេអាចបេះបានចន្លោះពី4 ទៅ 5គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែដោយសាររដូវវស្សាដើមម្លិះផ្តល់ផ្កាច្រើន បានធ្វើឱ្យតម្លៃរាងធ្លាក់ចុះច្រើន មួយគីឡូក្រាមបានតែ 25,000រៀលប៉ុណ្ណោះ សម្រាប់ម៉ូយបោះដុំដែលមកប្រមូលទិញដល់ផ្ទះ។ ប៉ុន្តែផ្កានេះអាចឡើងថ្លៃខ្លាំងនៅរដូវរងារដែលត្រជាក់ខ្លាំង ដោយយើងអាចលក់បាន 1គីឡូក្រាមថ្លៃដល់ទៅ15 ទៅ20ម៉ឺនរៀលឯណោះ ដោយសារនៅរដូវនោះផ្កាមិនសូវឱ្យផល ក្នុងមួយថ្ងៃយើងប្រមូលបានតែមួយគីឡូក្រាមជាងប៉ុណ្ណោះ។
លោកអ៊ំបានបន្តទៀតថា ការដាំផ្កានេះមិនសូវរំខានដល់សមាជិកគ្រួសារនោះទេ ពេលព្រឹកគ្រាន់តែនាំគ្នាពីរនាក់ប្តីប្រពន្ធទៅបេះផ្កា រយៈពេលជាងមួយម៉ោង ហើយយកមកថ្លឹងលក់ ឬអង្គុយដោតធ្វើជាកម្រងផ្កាជាងមួយម៉ោងទៀត ក៏យើងអាចលក់បានលុយប្រហែលជា10ម៉ឺនរៀលដែរក្នុងមួយថ្ងៃ ដែលអាចជួយឱ្យគ្រួសារមានជីវភាពធូរធារមួយកម្រិតមានប្រាក់សម្រាប់ចំណាយចាយវាយផ្សេងៗប្រចាំថ្ងៃ ដោយសារផ្កានេះវាផ្តល់ផលរាល់ថ្ងៃជាប្រចាំដែរ។ ដើមផ្កាម្លិះនេះមានលក្ខណៈងាយស្រួលដាំ និងថែទាំខ្លាំងណាស់ គឺដាំបានតែ2 ទៅ 3ខែ វានឹងចាប់ផ្តើមឱ្យផលជាបណ្តើរៗហើយ ហើយវាអាចរស់បានរហូតដល់30 ទៅ40ឆ្នាំ ឯណោះទើបវាងាប់ដើមទៅវិញ ឬបើសិនដើមវាចាស់ខ្លាំង យើងអាចកាប់ដើមនោះចោលមួយសា ហើយវានឹងលាស់មែកថ្មីៗចេញមកដូចយើងដាំថ្មីឡើងវិញអ៊ីចឹង និងអាចផ្តល់ផលយូរអង្វែងថែមទៀតផង។
ចំពោះបច្ចេកទេសនៃការដាំដុះ គឺមិនមានការលំបាកអ្វីខ្លាំងនោះទេ ដោយសារមានគេផ្សាំកូនដើមម្លិះលក់ មួយដើមតម្លៃតែ 1,500រៀលប៉ុណ្ណោះ។ ប៉ុន្តែមុននឹងដាក់ដាំ កសិករត្រូវភ្ជួរដីហាលចោលឱ្យស្ងួតដើម្បីសម្លាប់មេរោគមាននៅក្នុងដី និងសម្លាប់ពូជស្មៅឱ្យងាប់អស់ជាមុនសិន ងាយស្រួលនៅពេលដាំស្មៅមិនសូវដុះឡើងច្រើនមកបឺតដណ្ដើមយកជីវជាតិពីក្នុងដីដែលនាំឱ្យដំណាំផ្កាម្លិះលូតលាស់មិនសូវបានល្អ។ លោកអ៊ំបញ្ជាក់ថា នៅពេលគេភ្ជួរដីរួច កសិករត្រូវលើកដីជារងដែលមានគម្លាតឆ្ងាយពីគ្នាប្រវែង 1.8ម៉ែត្រចន្លោះពីរងមួយទៅរងមួយទៀត ហើយត្រូវដាក់ដាំជាជួរៗគម្លាតពីដើមមួយទៅដើមមួយទៀតចម្ងាយ 1ម៉ែត្រពីគ្នា។
លោកអ៊ំបន្តថា នៅពេលដាំរួច គេមិនលំបាកមើលថែទាំទេ គ្រាន់តែស្រោចទឹកមួយសប្តាហ៍ 2 ទៅ 3ដងដើមផ្កាម្លិះនឹងលូតលាស់ល្អឡើងមិនខាន តែបើសិនជាមេឃភ្លៀងគេមិនបាច់ស្រោចទឹកទេ រហូតបានអាយុ 3 ទៅ 4ខែ ផ្កាវានឹងឱ្យផល អាចឱ្យយើងបេះលក់បានបណ្តើរៗហើយ ហើយគេគ្រាន់តែបន្តជម្រះស្មៅនិងដាក់ជីឱ្យវាលូតលាស់រឹតតែល្អឡើង និងបានផលច្រើនប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា ផ្កាម្លិះក៏ប្រឈមនឹងសត្វល្អិតបំផ្លាញច្រើនដែរ ជាពិសេសសត្វដង្កូវចូលស៊ីផ្កាតែម្តង ដែលតម្រូវឱ្យកសិករត្រូវចំណាយលុយទិញថ្នាំសម្លាប់សត្វល្អិត មកបាញ់លើផ្កាជាប្រចាំផងដែរ។
ចំណែកអ្នកមីង ពៅ លីណា ដែលកំពុងក្រងផ្កានេះលក់ទៅឱ្យម៉ូយក៏មានប្រសាសន៍ដែរថា ដោយសារអំណោយផលពីធម្មជាតិធ្វើឱ្យដីក្នុងភូមិកោះក្របីដែលនៅជិតមាត់ទន្លេនេះមានសភាពក្តៅ ហើយសើម មានជីវជាតិល្អ ទើបគេអាចដាំផ្កាម្លិះនេះបានដោយងាយស្រួល សម្រាប់ចែកចាយនៅលើទីផ្សារមិនថាតែនៅក្នុងក្រុងភ្នំពេញនោះទេ គឺអាចចែកចាយផ្ញើទៅឱ្យម៉ូយនៅទូទាំងប្រទេសទៀតផង ដែលនេះជាកត្តាមួយដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្នុងភូមិមានភាពល្អប្រសើរស្ទើរគ្រប់ៗគ្នា។
គួរបញ្ជាក់ដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិកោះក្របីខាងលើ មិនមែនប្រកបតែរបរដាំផ្កាម្លិះតែមួយមុខនោះទេ ពោលគឺនៅមានដាំដំណាំហូបផ្លែច្រើនប្រភេទទៀត ដូចជាចេក ស្វាយ ល្មុត មៀនខ្មែរដែលមានរសជាតិឆ្ងាញ់ មានក្លិនក្រអូប និងដំណាំបន្លែបង្ការជាច្រើនប្រភេទទៀតផងដែរ៕