ទឹកប្រាក់ដែលមានតម្លៃសរុបជាង 80លានដុល្លារអាមេរិកត្រូវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនលើវិស័យចំនួន12 កាលពីថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិនក្នុងវេទិកាវិនិយោគធុរកិច្ច និងទេសចរណ៍នៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មចិនអាស៊ានលើកទី15 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជាសហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។
អនុស្សរណៈទាំងនេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា ការធ្វើធុរកិច្ចពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍(អ្នកនាំភ្ញៀវទេសចរ) និងផ្នែកវិស្វកម្ម(ផ្លូវដែកល្បឿនលឿន ទំនប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ) ការស្ថាបនាផ្លូវយន្តហោះ ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍Sino-ASEAN។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកសាង “វិថីសូត្រសមុទ្រសតវត្សរ៍ទី21‟ និងគាំទ្រការអនុវត្ត “ផ្លូវនិងខ្សែក្រវាត់‟ ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់តាមរយៈវិស័យពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍នៅក្នុងទីក្រុងណាននីងដ៏ស្រស់ឆើតឆាយនៃខេត្តក្វាងស៊ី។
លោកជំទាវ យ៉ាន ហ្ស៊ីចាន (Yan Zhichan) អនុប្រធាននៃរដ្ឋបាលតំបន់ស្វយ័តខេត្តក្វាងស៊ីបានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងកម្ពុជាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានបង្ហាញជំនឿថា ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌បែបទំនើបរវាងប្រទេសចិន និងពិភពលោកជាពិសេសជាមួយបណ្ដាប្រទេសក្នុងអាស៊ាន។
គួរបញ្ជាក់ដែរថា រៀងរាល់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានតែងមានពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងអនុស្សរណៈជាច្រើនរវាងវិនិយោគិន និងពាណិជ្ជករកម្ពុជា-ចិន ខណៈដែលគម្រោងវិនិយោគធំៗជាច្រើនរបស់ក្រុមហ៊ុនចិនបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលមានដូចជាគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ទំនប់វារីអគ្គិសនី និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងៗទៀត ដែលទាំងអស់នេះសុទ្ធតែបង្ហាញឱ្យឃើញអំពីភាពស៊ីចង្វាក់គ្នានៃគោលនយោបាយរបស់ប្រទេសទាំង2 ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដើម្បីតភ្ជាប់សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោក។
សូមជម្រាបថា ទឹកប្រាក់វិនិយោគពីប្រទេសចិនមកកម្ពុជាបានកើនឡើងពី 900លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2016 ដល់ 1.6ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ2017 ហើយនៅក្នុងរយៈពេល 7ខែនៃឆ្នាំ2018នេះ បានកើនឡើងដល់ 2.8ប៊ីលានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានកើនឡើងដល់ 5,8ប៊ីលានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2017 គឺបានកើនឡើង 22%បើធៀបនឹងឆ្នាំ2016៕