អ្វីទៅជាជំងឺទឹកស៊ីជើង?
“ទឹកស៊ីជើង” ជាអាការជំងឺសើស្បែកដែលបានជួបប្រទះជាញឹកញាប់នៅពេលមានទឹកជំនន់។ មូលហេតុនៃការកើតរោគមួយប្រភេទនេះ គឺកើតចេញពីការឆ្លងរោគ និងការមិនមានអនាម័យចំពោះស្បែកជើង ដោយប្រកាន់ភ្ជាប់នូវទម្លាប់មិនសម្អាតស្បែកប្រអប់ជើងមិនបានស្អាតល្អ។ ជើងដែលសើមទឹក ឬផ្អាប់ដោយសារជាតិញើសរយៈពេលយូរ បណ្ដាលឱ្យស្បែកងាយឡើងកន្ទួលក្រហម រហូតដល់ក្លាយទៅជាផ្សិតមានសភាពរមាស់ និងរបេះរបកបាននៅលើបរិវេណបាតជើង។
វិធីព្យាបាលជំងឺទឹកស៊ីជើង
ការព្យាបាលដំបូង គឺប្រើប្រាស់ថ្នាំបំបាត់រមាស់ និងអាលែកស៊ីលាបពីលើស្បែកប្រអប់ជើងដើម្បីឱ្យស្បែកមានសភាពល្អឡើងវិញ មិនមានអាការរមាស់ និងបំបាត់ការប្រេះរលាត់សាច់ស្បែក។ ករណីដែលស្បែករមាស់ដល់ថ្នាក់អាប់សែហើយនោះ គឺបណ្ដាលមកពីស្បែករហែកឆ្លងបាក់តេរីរហូតដល់ថ្នាក់ឡើងផ្សិត ដូច្នេះអ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីឱ្យវេជ្ជបណ្ឌិតធ្វើការព្យាបាលជាបន្ទាន់ ព្រោះអាការបែបនេះអាចនឹងពិបាកព្យាបាល ហើយចំណាយពេលយូរ និងអស់ថវិកាច្រើនទៀតផង។
វិធីការពារជំងឺទឹកស៊ីជើង
• បន្ទាប់ពីប៉ះជាមួយនឹងទឹកកខ្វក់ ទឹកមានមេរោគ អ្នកត្រូវលាងសម្អាតជើងនឹងសាប៊ូឱ្យបានស្អាត ឬសម្អាតជើងជាមួយទឹកក្ដៅឧណ្ហៗក៏បានរួចជូតឱ្យស្ងួត ដោយកន្សែងពោះគោទន់ៗ។
• ប្រសិនបើមានរបួសនៅបរិវេណស្បែកបាត់ជើង ឬប្រអប់ជើង អ្នកត្រូវលាងសម្អាតរបួសដោយទឹកអំបិល និងទឹកថ្នាំសម្លាប់មេរោគ។
• ហាមប្រើប្រាស់របស់រួមជាមួយអ្នកដទៃដូចជា កន្សែងជូតខ្លួន ស្រោមជើង និងស្បែកជើងជាដើម។
• ហាមអេះ ឬកេះបរិវេណសាច់ដែលមានរបួស ព្រោះមេរោគចេញពីរបួសអាចធ្វើឱ្យឆ្លងទៅកាន់ស្បែកនៅបរិវេណដទៃទៀតបាន។
• ប្រើប្រាស់ស្រោមជើង និងស្បែកជើងដែលស្ងួត មិនសើមផ្អាប់ជានិច្ច៕