រាជបណ្ឌិត្យសភាកម្ពុជា RAC (Royal Academy of Cambodia)បានបញ្ជាក់ថា ក្រុមហ៊ុនមួយគ្រោងនឹងបើកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគោ វេចខ្ចប់ និងដាក់លក់នៅលើទីផ្សារកម្ពុជានៅស្រុកឆែប ខេត្តព្រះវិហារ ជាគម្រាងរបស់រាជបណ្ឌិត្យសភា ដែលគម្រាងនេះនឹងចាប់ដំណើរការនៅអំឡុងខែធ្នូ ឆ្នាំ2018។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន RAC បានមានប្រសាសន៍ថា ក្រុមហ៊ុនមួយបានមកសហការជាមួយលោក ដោយគ្រោងដឹកជញ្ជូនគោញីមកពីប្រទេសថៃ(កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅខេត្តស្រះកែវ)ចំនួន 200ក្បាលជាពូជគោដាណឺម៉ាក(Danmark)មកសាកល្បងចិញ្ចឹមនៅក្នុងកសិដ្ឋាននៅខេត្តព្រះវិហារដើម្បីផលិតទឹកដោះ វេចខ្ចប់ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ការនាំយកពូជគោញីមកដាក់ក្នុងកសិដ្ឋាននោះ គឺអាចធ្វើឡើងនៅក្នុងអំឡុងខែធ្នូ ឆ្នាំ2018នេះ ដោយរង់ចាំតែការដាំស្មៅសម្រាប់ផ្គត់ផ្គង់ឱ្យវាស៊ីបានគ្រប់គ្រាន់ប៉ុណ្ណោះ។
លោកបណ្ឌិតពន្យល់ថា៖ «ក្នុងមេគោ 1ក្បាលបើផ្ដល់ចំណីឱ្យវាបានត្រឹមត្រូវ គឺវាអាចផ្ដល់ទឹកដោះបានពី 20ទៅ 30លីត្រក្នុងថ្ងៃហើយប្រសិនបើកសិករ 1គ្រួសារចិញ្ចឹមគោ10ក្បាលគឺអាចរកចំណូលបានប្រមាណជា 100ដុល្លារអាមេរិកក្នុង 1ថ្ងៃៗពីព្រោះក្រុមហ៊ុនអាចទទួលទិញទឹកដោះគោឆៅថ្លៃប្រមាណ 2,000រៀលក្នុង1លីត្រ»។
បណ្ឌិត សុខ ទូច បន្ដថា៖ «ក្រុមហ៊ុនផលិតទឹកដោះគោនៅខេត្តព្រះវិហារនេះគ្រោងចំណាយប្រាក់វិនិយោគប្រមាណ 2.5លានដុល្លារអាមេរិកក្នុងការទិញមេគោ និងស្ពែម Sperm របស់គោបាមកបង្កាត់ពូជក្នុងស្រុកព្រមទាំងទិញម៉ាស៊ីនសម្រាប់វេចខ្ចប់ផលិតផលទឹកដោះគោដែលចេញពីកសិដ្ឋានបញ្ជូនទៅលក់តាមទីផ្សារទៀតផង»។
លោកបណ្ឌិតអះអាងថា ប្រសិនបើការសាកល្បងលើមេគោចំនួន 200ក្បាលនេះទទួលបានជោគជ័យ ជំហានបន្ដក្រុមហ៊ុនមានគម្រោងបង្កើតធនាគារគោដោយបង្កាត់ពូជ និងទិញមេគោជាច្រើនមកប្រវាស់ឱ្យប្រជាពលរដ្ឋនៅតំបន់ជុំវិញទីនោះជាអ្នកចិញ្ចឹម រីឯក្រុមហ៊ុនជាអ្នកដើរប្រមូលទិញទឹកដោះគោស្រស់ពីកសិករហើយវេចខ្ចប់សម្រាប់នាំយកទៅលក់នៅទីផ្សារជាបន្ត។
សូមបញ្ជាក់ថាគម្រោងបង្កើតតំបន់ឧទ្យានចិញ្ចឹម និងផលិតទឹកដោះគោស្រស់ដំបូងបង្អស់នេះនឹងបង្កើតឡើងនៅក្នុងទឹកដីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នៅលើទឹកដីស្រុកឆែប នៃខេត្តព្រះវិហារ។ គម្រោងមួយនេះត្រូវបាន សម្តេច ហ៊ុន សែន គាំទ្រ និងថែមទាំងបានផ្តល់ជាថវិកាចំនួន 10ម៉ឺនដុល្លារក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹម និងអំពាវនាវឱ្យសប្បុរសជននានាចូលរួមក្នុងកិច្ចការនេះទៀតផង។
ឧទ្យានជាតិមួយនេះ(ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប)មានផ្ទៃដីសរុបចំនួន 11,435ហិកតាត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ2014។ តំបន់នេះមានលក្ខណៈពិសេសច្រើនយ៉ាង ដូចជាមានធនធានជីវៈចម្រុះដែលជាភាពកម្រនៃធម្មជាតិរុក្ខជាតិ និងសត្វ មរតកវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា មជ្ឈមណ្ឌលផលិតដែកខ្មែរបុរាណដែលអាចមានអាយុកាលជាងមួយពាន់ឆ្នាំ ក៏ដូចជាទឹកជ្រោះព្រះនិម្មិត ប្រាសាទព្រះវិហារជាដើម ដែលវាអាចឱ្យទាញប្រយោជន៍យ៉ាងច្រើនសម្រាប់សហគមន៍ និងទាក់ទាញភ្ញៀវទេសចរទៀតផង៕