ប្រធានបទ «ការស្លៀកពាក់សិចស៊ី» របស់តារាសិល្បៈស្រី កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន និងមិត្តសិល្បករជាច្រើន ហើយយ៉ាងណាមិញ តារាចម្រៀង និងសម្ដែងជើងចាស់ អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានធ្វើការចាប់អារម្មណ៍ចំពោះបញ្ហានេះដែរ ស្របពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងមានវិធានការក្ដៅក្នុងការដាក់ពិន័យចំពោះតារារូបណាដែលបង្ហាញភាពសិចស៊ីហួសហេតុពេកលើបណ្ដាញសង្គម។
ផ្អែកលើគណនីហ្វេសប៊ុក ផ្លូវការរបស់អ្នកនាងស៊ិន ឧត្តមផល្លា បានសរសេរសាររៀបរាប់ថា «ឱ! ប្រទេសកម្ពុជារបស់ខ្ញុំអើយ កាលណាបានជឿនលឿនដូចប្រទេសគេទៅ? អ្នកនិយមស្លៀកពាក់បែបសុភាពរាបសារ ក៏សុភាពរាបសាទៅតាមបែបផែនរបស់ពួកគាត់ទៅ អ្នកនិយមស្លៀកពាក់បែបសិចស៊ី ក៏តាមបែបផែនរបស់ពួកគាត់ដែលនិយមទៅ សំខាន់គេចេះស្លៀកពាក់ទៅតាមពេលវេលា កាលៈទេសៈស្ថានភាព និងទីកន្លែងដែលគួរស្លៀកពាក់ ឬមិនគួរ ហេតុអីក៏ប្រទេសមួយនេះ ហាក់ដូចជាគាបសង្កត់ផ្លូវចិត្តរបស់មនុស្សគ្រប់គ្នាខ្លាំងម្ល៉េះ? រកតែគេធ្វើអ្វីទៅតាមចិត្តគេមិនបាន! តើមានអារម្មណ៍ថា ខ្លោចចិត្តទេដែលកើតនៅលើប្រទេសមួយនេះ?»។
គួរបញ្ជាក់ដែរថា អ្នកនាង ស៊ិន ឧត្តមផល្លា បានធ្វើការបញ្ជាក់ពីការបង្ហោះសារមួយនេះថា អ្នកនាងមិនបានចង់ល្បីនោះទេ គឺគ្រាន់តែវាជាអារម្មណ៍ពិតរបស់អ្នកស្រី តែប៉ុណ្ណោះ មិនបានចង់ក្លាយខ្លួនជាជនល្បីនោះទេ។
ចុះប្រិយមិត្តទាំងអស់គ្នាវិញ យល់ឃើញយ៉ាងណាដែរ?៕