ស្ត្រីអាមេរិកម្នាក់ បានចេញមុខជាសាធារណៈដើម្បីចោទប្រកាន់ថា តារាបាល់ទាត់ដ៏ឆ្នើម Cristiano Ronaldo បានរំលោភរូបនាងនៅឯសណ្ឋាគារ1 ក្នុងទីក្រុង Las Vegas កាលពីរយៈពេល 9ឆ្នាំមុន។ នាង Kathryn Mayorga វ័យ 34ឆ្នាំ បានប្រាប់ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ថា នាងបានជួបខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ ក្នុងទីក្រុង Las Vegas នៅឯក្លិបរាត្រីមួយ កាលពីខែមិថុនា ឆ្នាំ2009។ ក្រោយមក នៅឯបន្ទប់របស់គេក្នុងសណ្ឋាគារ Palms Place នាងបានចោទប្រកាន់ថា Cristiano Ronaldo បានរំលោភរូបនាង ហើយបន្ទាប់មកបានសុំអភ័យទោសនាងវិញ។
មេធាវីរបស់ Ronaldo កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា ពួកគេនឹងប្តឹងទស្សនាវដ្តីរបស់អាល្លឺម៉ង់ សម្រាប់ការចេញផ្សាយការចោទប្រកាន់មិនផ្លូវការនេះ។ Ronaldo វ័យ 33ឆ្នាំ បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ជាព័ត៌មានមិនពិត ហើយរូបគេបានបញ្ជាក់ថា ករណីផ្លូវភេទនេះ គឺជាការព្រមព្រៀងទាំងសងខាង។ មានព័ត៌មានចេញផ្សាយថា រូបគេបានយល់ព្រមបង់ប្រាក់ឱ្យនាង Mayorga ចំនួន287,000ផោន (ស្មើនឹង37.4ម៉ឺនដុល្លារអាមេរិក) ដើម្បីរារាំងមិនឱ្យរូបនាងប្តឹងពីបទឧក្រិដ្ឋ ដែលអាចនឹងធ្វើឱ្យរូបគេជាប់គុក1ជីវិត និងរារាំងមិនឱ្យនាងនិយាយរឿងនេះជាសាធារណៈ។ ប៉ុន្តែ បច្ចុប្បន្នមេធាវីរបស់នាង កំពុងតែព្យាយាមលុបចោលសំណងនោះ ហើយនាងបាននិយាយករណីនេះជាលើកទី1។ ឯកសារផ្នែកច្បាប់មួយ បង្ហាញពីការចោទប្រកាន់ផ្សេងៗប្រឆាំងនឹង Ronaldo ដែលជាអតីតតារាឆ្នើមរបស់ក្លិប Manchester United។
ឯកសារពីតុលាការដែលត្រូវបានដាក់ដោយមេធាវីរបស់នាង បានសរសេរថា៖ «Cristiano Ronaldo បានទាញជនរងគ្រោះចូលក្នុងបន្ទប់ដេក និងទៅលើគ្រែ ហើយរូបគេបានព្យាយាមចាប់បង្ខំឱ្យនាងរួមភេទ ទោះបីនាងឆ្លើយថា ទេ ក៏ដោយ»៕
ប្រភពពី៖ The Straits Times