កីឡាករប្រណាំងរថយន្ត Lewis Hamilton បានបង្កើនការនាំមុខរបស់គេនៅលើតារាងជើងឯកពិភពលោកផ្នែកបើករថយន្តប្រណាំងនៅឆ្នាំនេះ រហូតដល់ 50ពិន្ទុ នៅពេលដែលរូបគេដណ្តើមបានជ័យជម្នះមួយ ក្រោមការជួយពីសំណាក់ក្រុមបច្ចេកទេសរបស់ Mercedes ក្នុងព្រឹត្តិការណ៍ Russian Grand Prix កាលពីថ្ងៃអាទិត្យ។
ម្ចាស់ការពារជើងឯកពិភពលោក 4សម័យកាលរូបនេះបានចាប់ផ្តើមការប្រណាំងដោយស្ថិតនៅលើលេខរៀងទី2 តែត្រូវបានជួយដោយមិត្តរួមក្រុម Mercedes គឺ Valtteri Bottas ដែលបានអនុញ្ញាតឱ្យរូបគេបើកវ៉ា ហើយបន្ទាប់មក បានការពាររូបគេមិនឱ្យរងនូវការជែងវ៉ាពីសំណាក់កីឡាករ Sebastian Vettel របស់ក្រុម Ferrari ទៀតផង។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបានអង្គុយក្បែរលោក Bernie Ecclestone អតីតប្រធាន F1 ក្រោយពីបានធ្វើដំណើរទៅដល់ទីលានប្រណាំង Sochi Autodrom បានមើលឃើញកីឡាករអង់គ្លេស Hamilton ប្រើប្រាស់យុទ្ធសាស្ត្រដ៏គួរឱ្យកត់សម្គាល់របស់ក្រុម Mercedes និងបានបើកវ៉ាលើ Vettel ក្នុងល្បឿនយ៉ាងល្អ។
Bottas បានចាប់ផ្តើមការប្រណាំងដោយស្ថិតក្នុងលេខរៀងនាំមុខគេលើទីលាន និងមិនមានទឹកមុខរីករាយឡើយក្នុងពេលត្រូវបានចោទសួរទាក់ទងនឹងការស្តាប់ការបញ្ជារបស់ក្រុមដែលបានរារាំងមិនឱ្យរូបគេឈ្នះការប្រណាំង ខណៈដែលរូបគេបានបញ្ចប់ក្នុងថិរវេលា2.545វិនាទីពីក្រោយកីឡាករ Hamilton ដែលហាក់មិនស្រណុកក្នុងខ្លួនឡើយចំពោះស្ថានភាពនេះឡើយបន្ទាប់ពីការប្រណាំង។
Vettel បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3 ហើយកីឡាករអាល្លឺម៉ង់រូបនេះ បានឃើញ Hamilton កាន់តែបន្ថែមការនាំមុខរបស់គេនៅលើតារាងពិន្ទុរួម៕
ប្រភពពី៖ Channel News Asia