ការប្រកបរបរកសិកម្ម ឬការចិញ្ចឹមសត្វ ទាមទារឱ្យកសិករមានបច្ចេកទេស និងចេះបត់បែនតាមទីផ្សារ ទើបទទួលបានជោគជ័យលើការងាររបស់ខ្លួន។ ឧទាហរណ៍ដូចជាកសិករម្នាក់ ដោយមើលឃើញថា ទឹកដោះគោស្រស់មានតម្រូវការកាន់តែច្រើនឡើងៗ នៅលើទីផ្សារ បានធ្វើឱ្យគ្រួសារគាត់ផ្អាកចិញ្ចឹមគោយកសាច់ ហើយងាកមកចិញ្ចឹមគោយកទឹកដោះវិញម្តង ដោយទទួលបានប្រាក់ចំណេញកើនឡើងទ្វេដង។
លោកពូ យុន វុត្ថា កសិករចិញ្ចឹមគោយកទឹកដោះនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានប្រសាសន៍ថា គ្រួសារលោកពូបានចាប់យករបរថ្មីតាមរយៈការចិញ្ចឹមគោយកទឹកដោះនេះអស់រយៈពេល 5ឆ្នាំមកហើយ ដែលធ្វើឱ្យជីវភាពបានធូរធារច្រើន រហូតអាចផ្គត់ផ្គង់កូនឱ្យរៀនបានខ្ពស់គ្រប់ៗគ្នា ហើយថែមទាំងសន្សំប្រាក់សង់ផ្ទះវីឡាស្រស់ស្អាតមួយសម្រាប់រស់នៅទៀតផង។
លោកពូមានប្រសាសន៍ថា ដើមឡើយលោកបានទិញគោញីចំនួន 1ក្បាលពីអង្គការដែលគេចិញ្ចឹមនៅក្បែរផ្ទះក្នុងតម្លៃ 1,500ដុល្លារ ហើយបានយកមកចិញ្ចឹមយកទឹកដោះសាកល្បងដំបូង។ គោមួយក្បាលនោះមានកូនមួយរួចហើយ ហើយត្រូវបានម្ចាស់ដើម(អង្គការ)កំពុងចិញ្ចឹមយកទឹកដោះស្រាប់ផងដែរ។ លុះពេលចិញ្ចឹមទៅ និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញអង្គការនោះ លោកក៏ទទួលបានជោគជ័យ ដោយទទួលបានផលទឹកដោះគោស្រស់លក់រាល់ថ្ងៃ ហើយខិតខំចិញ្ចឹមបន្តយកទឹកដោះគោស្រស់បណ្តើរ ថែបំប៉នឱ្យវាបង្កើតកូនឱ្យបានកាន់តែច្រើនបន្ថែមបណ្តើរៗទៀត រហូតដល់បានចំនួន 10ក្បាលមកទល់សព្វថៃ្ង ដោយក្នុងនោះមានញី 9ក្បាល និងគោឈ្មោលបង្កាត់ពូជតែ 1ក្បាលប៉ុណ្ណោះ។
លោកថា ការចិញ្ចឹមគោយកទឹកដោះមានភាពងាយស្រួលដូចការចិញ្ចឹមយកសាច់ដែរ ប៉ុន្តែគ្រាន់តែត្រូវចំណាយប្រាក់ទិញកន្ទក់អង្ករ និងកន្ទក់ពោតសម្រាប់ឱ្យវាស៊ីប្រចាំថ្ងៃ ដើម្បីបំប៉នកម្លាំងរបស់វា។ ក្នុងមួយថ្ងៃគោមួយក្បាលត្រូវស៊ីកន្ទក់អង្ករអស់ 2គីឡូក្រាម សម្រាប់ជំនួយសាច់ និងស៊ីកន្ទក់ពោត2គីឡូក្រាមផងដែរដើម្បីជំនួយឱ្យវាមានទឹកដោះច្រើន ដោយសរុបប្រាក់ចំណាយអស់ប្រមាណជា2ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែវាអាចផ្តល់ផលទឹកដោះមកវិញច្រើនដែរ ដោយក្នុងមួយក្បាលផ្តល់ទឹកដោះស្រស់ចំនួន 8លីត្រជារៀងរាល់ថ្ងៃ ដែលមានម៉ូយមកទិញជាប្រចាំរាល់ថ្ងៃដូចគ្នា ដោយលក់បោះដុំក្នុងមួយលីត្រថ្លៃ 1ដុល្លារ ប៉ុន្តែបើលក់រាយមួយលីត្រថ្លៃ 1.5ដុល្លារ ហើយមានប៉ុន្មានក៏ម៉ូយយកទាំងអស់ដែរ។
លោកពូបានបន្តថា បច្ចុប្បន្នគ្រួសារលោកពូផលិតទឹកដោះគោមិនសូវបានច្រើនទេ ដោយសារមានគោចំនួនតែ 4ក្បាលប៉ុណ្ណោះដែលផ្តល់ទឹកដោះប្រចាំថ្ងៃ គោមួយចំនួនទៀតទើបនឹងកើតបានជាងមួយឆ្នាំ ដូច្នេះវាមិនទាន់អាចផ្តល់ទឹកដោះបានឡើយទើបជាហេតុធ្វើឱ្យការផ្គត់ផ្គង់ទឹកដោះគោមិនមានភាពទូលំទូលាយនៅលើទីផ្សារ បានត្រឹមតែលក់ឱ្យម៉ូយតែម្នាក់ប៉ុណ្ណោះ នៅផ្សារបឹងកេងកងសម្រាប់យកចែកចាយបន្ត និងមួយចំនួនទៀតលក់ឱ្យអ្នកស្គាល់គ្នា នៅក្នុងភូមិ ឬអ្នកភ្នំពេញមកទិញទុកហូបប្រចាំគ្រួសាររបស់គេ សម្រាប់ជំនួយកម្លាំងពិសេសជំនួយដល់ការលូតលាស់ឆ្អឹង និងធ្វើឱ្យឆ្អឹងឱ្យកាន់តែរឹងមាំ។
សម្រាប់គោបង្កាត់ពូជមកពីក្រៅប្រទេសនេះ វាមានសមត្ថភាពផ្តល់ទឹកដោះបានចំនួន 10ខែក្នុងមួយឆ្នាំ ដោយគិតចាប់ពីវាបង្កើតកូនបានមួយខែកន្លះគេអាចច្របាច់យកទឹកដោះរហូតដល់ 5ខែក្រោយហើយគេយកវាទៅដាក់បាសាជាថ្មី តែនៅតែអាចច្របាច់យកទឹកដោះបន្តបាន 5ខែទៀតទើបឈប់ដើម្បីឱ្យវាផលិតទឹកដោះឱ្យបានច្រើនទុកចិញ្ចឹមកូនក្នុងពោះរបស់វាម្តង និងរហូតទាល់តែវាបង្កើតកូនបានមួយខែកន្លះម្ដងទៀតទើបគេចាប់ផ្តើមច្របាច់យកទឹកដោះសាជាថ្មី។ កសិករខាងលើបន្តថា សម្រាប់ការចិញ្ចឹមគោជាលក្ខណៈគ្រួសារនេះគេមិនចាំបាច់ប្រើបចេ្ចកទេស ឬម៉ាស៊ីនច្របាច់យកទឹកដោះ ដូចកសិកដ្ឋានធំៗនោះទេ គឺគ្រាន់តែយកដៃច្របាច់បានហើយ ប៉ុន្តែត្រូវលាងសម្អាតជាមុនដែរដោយត្រូវសម្អាតទាំងដៃមនុស្ស សម្អាតទាំងដោះគោ ដើម្បីធានាថា វាគ្មានមេរោគឆ្លងទៅដល់អ្នកបរិភោគ។ សម្រាប់អ្នកបរិភោគភាគច្រើន គេយកទៅក្លាសេ្សឱ្យត្រជាក់ហើយទើបហូប ខ្លះទៀតយកទៅស្ទីមឱ្យឆ្អិនជាមុនសិនទើបហូបជាក្រោយ ប៉ុន្តែយកល្អ គួរយកទៅក្លាសេ្សឱ្យត្រជាក់បានហើយ ទើបវានៅរក្សាគុណភាពល្អ និងផ្តល់វីតាមីនបានខ្ពស់។
លោកពូ វុត្ថា បានបន្ថែមទៀតថា ដោយសារគោពូជថ្មីដែលគេយកពីស្រុកក្រៅមកបង្កាត់ជាមួយពូជគោក្នុងស្រុកនេះអាចមានសមត្ថភាពផ្តល់ទឹកដោះរាល់ថ្ងៃ ហើយអាចលក់សាច់បានទៀតនៅពេលដែលវាចាស់ទៅ។ នៅពេលគោចាប់ផ្តើមដោយឈ្មោលដំបូង គឺវាអាចផ្តល់ទឹកដោះបានហើយ តែនៅបានចំនួនតិចនៅឡើយ លុះដល់វាបានកូន2 ទើបវាមានទឹកដោះពេញលេញ ដោយគោមួយក្បាលអាចផ្តល់ទឹកដោះបាន 8លីត្រ ព្រឹក 4លីត្រ និងល្ងាច 4លីត្រហើយផ្តល់ទឹកដោះឱ្យរហូតដល់វាកូនលើកទី5 ឬកូនទី6 ទើបវាថយទឹកដោះទៅវិញបណ្តើៗ នៅពេលនោះគេអាចលក់វាចេញទៅឱ្យម៉ូយដែលទិញយកទៅកាប់សាច់លក់បានហើយ។
លោកពូបានរំឭកឱ្យដឹងថា ដើមឡើយលោកពូជាអ្នករត់ម៉ូតូឌុប រកចំណូលសឹងតែមិនគ្រប់ការចំណាយប្រចាំថ្ងៃផង ហើយដោយសារការចិញ្ចឹមគោយកទឹកដោះនេះហើយទើបធ្វើឱ្យគ្រួសារបានធូរធារពង្រីកមុខរបរបន្ថែម ដូចជាដាំផ្ការាសី ដាំត្របែកលក់ និងចិញ្ចឹមជ្រូកនៅក្បែរផ្ទះថែមទៀតដែលអាចរកចំណូលបានច្រើនគួរសមជាប្រចាំ មានលទ្ធភាពផ្គត់ផ្គង់ការសិក្សាកូនរហូតដល់រៀនចប់បាក់ឌុប និងចប់មហាវិទ្យាល័យ មានការងារធ្វើខ្លះៗហើយ និងថែមទាំងសន្សំលុយធ្វើផ្ទះវីឡាបាននៅថែមទៀត ហើយលោកពូរំពឹងថា ទៅថ្ងៃខាងមុខគ្រួសារលោកពូនឹងនៅតែចិញ្ចឹមគោយកទឹកដោះលក់ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្ថែមចំណូលឱ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារឱ្យកាន់តែប្រសើរឡើងទៀត៕