ដោយសារតែការអប់រំនៅមានកម្រិតប្រជាជនកម្ពុជាត្រូវរស់នៅក្នុងសង្គមដែលហ៊ុមព័ទ្ធដោយបញ្ហាប្រឈមជាច្រើន មិនថាការសិក្សា ការធ្វើការងារ ការរកស៊ី ទំនាក់ទំនងក្នុងសង្គម ស្នេហា គ្រួសារ ឬការប្រើប្រាស់បច្ចេកវិទ្យាសុទ្ធតែអាចបង្កបញ្ហាស្មុគ្រស្មាញដែលនាំឱ្យមានវិបត្តិផ្លូវចិត្ត។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រាឯកទេសវិកលវិទ្យា ប្រធានផ្នែកជំងឺផ្លូវចិត្ត និងបំពានដោយគ្រឿងញៀន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតបានលើកឡើងថា មានបញ្ហាច្រើនណាស់ក្នុងការរស់នៅដែលសុទ្ធតែនាំឱ្យមានជំងឺផ្លូវចិត្ត។ ពេលខ្លះទម្លាប់នៃការរស់នៅងាយៗប្រចាំថ្ងៃ ដែលយើងធ្លាប់ធ្វើដោយមិនដឹងខ្លួន សុទ្ធតែជាកត្តាដែលរុញច្រានឱ្យមានជំងឺផ្លូវចិត្ត ឬបញ្ហាធ្លាក់ទឹកចិត្តបាន។ កត្តាទាំងអស់នេះអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ ការធ្វើការងារ ការធ្វើអាជីវកម្ម និងអាចឈានរហូតដល់ក្លាយជាវិកលចរិត ឬសម្លាប់ខ្លួនថែមទៀតផង។ កត្តាសំខាន់ទី1 ដែលនាំឱ្យមានជំងឺផ្លូវចិត្តគឺ កត្តាសង្គមសាស្រ្ត ដែលកត្តានេះកើតចេញពីចំណុចខាងក្រៅខ្លួន មួយចំនួនដូចជា ការច្រណែននៅពេលអាណាព្យាបាលមិនបានទិញសម្ភារឱ្យស្មើគ្នា ការបាត់បង់លុយកាក់ពីការរកស៊ី ឬបាត់បង់ឱកាសល្អណាមួយ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បាននិយាយថា៖ “មានអ្នកខ្លះបាត់បង់លុយកាក់តិចតួច តែគាត់បែរជាសម្លាប់ខ្លួន។ កត្តានេះមកពីគិតរឿងលុយកាក់តិចតួចនោះសំខាន់ខ្លាំងសម្រាប់ជីវិតគាត់។ ហេតុនេះនៅពេលដែលគាត់គ្រប់គ្រងផ្លូវចិត្តមិនបានល្អ គាត់អាចនឹងប្រឈមបញ្ហាផ្លូវចិត្តខ្ពស់ ហើយធ្វើឱ្យជីវិតគាត់មានបញ្ហា”។
អ្នកជំនាញចិត្តសាស្រ្តខាងលើបានលើកឡើងផងដែរថា បញ្ហាសង្គមមួយចំនួនទៀតដែលហួសពីការស្មានរបស់យើងក៏អាចធ្វើឱ្យយើងក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្តដែរ ដូចជាបញ្ហាគ្រោះធម្មជាតិដែលបានបំផ្លេចបំផ្លាញដល់លំនៅឋាន ឬទ្រព្យសម្បត្តិ និងបញ្ហាសង្គ្រាម ឬវិបត្តិសង្គមផ្សេងៗផងដែរ។ កត្តាសំខាន់ទី2 ដែលនាំឱ្យមានបញ្ហាផ្លូវចិត្តគឺ កត្តាជីវសាស្រ្ត ហើយកត្តានេះត្រូវបានបែងចែកជា2ប្រភេទផងដែរ គឺកត្តាជីវសាស្រ្តខាងក្រៅ និងកត្តាជីវសាស្ត្រខាងក្នុងខ្លួន។
មនុស្សជាច្រើនប្រហែលជាបានឃើញហើយនៅក្នុងបណ្តាញសង្គម Facebook ដែលមានអ្នកខ្លះប្រើប្រាស់គ្រឿងញៀនរហូតដល់វិកលចរិត។ យើងរាល់គ្នាតែងតែហៅគាត់ថា បែកថ្នាំ តែស្ថានភាពពិតប្រាកដ គឺមកពីកត្តាជីវសាស្រ្តដែលកើតចេញពីធាតុពុលនៅក្នុងគ្រឿងញៀនទៅបំពុលខួរក្បាលយើងធ្វើឱ្យបាត់បង់ស្មារតី។ ចំណែកឯអ្នកខ្លះទៀតផឹកស្រារហូតដល់បាត់បង់ស្មារតី បង្កគ្រោះថ្នាក់ និងបង្កបញ្ហាជាច្រើនផ្សេងទៀត។ កត្តាទាំងអស់នេះក៏មកពីជាតិពុលនៅក្នុងស្រាធ្វើឱ្យខូចខួរក្បាលក៏មានដែរ។
លោក វេជ្ជបណ្ឌិត យឹម សុបុត្រា បាននិយាយថា៖ “យើងឃើញហើយមនុស្សមួយចំនួនផឹកស្រាច្រើនលើសកម្រិតនៅតាមសហគមន៍។ ពេលនិយាយទៅគាត់ថាគាត់ផឹកស្រាយូរហើយគ្រប់កម្មវិធីមិនដែលឃើញឆ្កួតទេ ហេតុនេះគាត់ក៏បន្តវារហូតដល់ដំណាក់កាលញៀនដែលមិនអាចអត់ផឹកបានគឺត្រូវតែផឹករាល់ថ្ងៃរហូតធ្វើឱ្យគាត់ពុលខ្លាំងទៅជាមានបញ្ហាផ្លូវចិត្តបាន”។
អ្នកជំនាញចិត្តសាស្រ្តដដែលបានលើកឡើងផងដែរថា កត្តាជីវសាស្ត្រមួយទៀតដែលគ្រប់គ្នានឹកស្មានមិនដល់គឺការប្រើប្រាស់ឱសថ ក៏អាចធ្វើឱ្យយើងក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្តដែរ។ ប្រជាជនជាច្រើនចូលចិត្តទិញថ្នាំប្រើដោយមិនបានប្រឹក្សាជាមួយគ្រួពេទ្យ ពេលខ្លះគេងមិនលក់គឺតែងទៅទិញ ថ្នាំងងុយដេកមកលេបខ្លួនឯងជាការស្រេច ព្រោះចំណាយតិច តែបញ្ហានេះយូរៗទៅក៏ធ្វើឱ្យគាត់មានបញ្ហាដែរ។ សារធាតុគីមីនៅក្នុងថ្នាំទាំងអស់នោះអាចធ្វើឱ្យខួរក្បាលមិនមានតុល្យភាព ហើយបង្កទៅជាជំងឺបាន។
ចំពោះសុភាពនារីវិញ បញ្ហាដែលគ្រប់គ្នានឹកស្មានមិនដល់ថាអាចធ្វើឱ្យមានបញ្ហាផ្លូវចិត្តដែរ គឺការញាំុតែសម្រកទម្ងន់។ តែប្រភេទនេះប្រសិនបើមានស្តង់ដារផលិតត្រឹមត្រូវមិនមានបញ្ហានោះទេ តែប្រសិនបើវាផលិតមិនត្រឹមត្រូវនឹងអាចធ្វើឱ្យបង្កបញ្ហាសម្រាប់ខួរក្បាល។ ផលិតផលតែខ្លះពេលទទួលទានទៅ មិនឃ្លានអាហារ ហើយមិនងងុយដេក បន្ទាប់មកក៏ស្រកទម្ងន់ តែបើគិតទៅវាមិនខុសពីសារធាតុមេតំហ្វេតាមីនទេ ដែលធ្វើឱ្យមនុស្សមិនឃ្លាន មិនងងុយ ហើយស្រកគីឡូនោះ។ បញ្ហានេះគឺជាកត្តាជីវសាស្ត្រយ៉ាងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយកុំធ្វេសប្រហែសឱ្យសោះ ព្រោះក្នុងខួរក្បាលក្នុងសារធាតុគីមីច្រើនណាស់ ហើយវាមានប្រភេទផ្សេងៗគ្នា។ លោកថា នៅពេលសប្បាយមានខួរក្បាលមានគីមីសប្បាយ កើតទុក្ខមានគីមីកើតទុក្ខ ព្រួយបារម្ភមានគីមីប្រភេទផ្សេង ហើយជាឧទាហរណ៍ ប្រសិនបើមនុស្សម្នាក់ធ្លាក់ទឹកចិត្ត មានន័យថាគាត់ខ្វះជាតិេសរ៉ូតេនីន ហេតុនេះគ្រូពេទ្យត្រូវតែប្រើប្រាស់ថ្នាំដើម្បីបង្កើនសារធាតុនេះឡើងវិញឱ្យមានតុល្យភាព។ ទាំងអស់នេះជាកត្តាផ្លូវចិត្តដែលកើតចេញពីកត្តាខាងក្រៅខ្លួន ចំណែកឯកត្តាក្នុងខ្លួនវិញ គឺអាចបណ្តាលមកពីជំងឺប្រចាំកាយដូចជាជំងឺស្រ្តូក ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងជាដើម។
លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថាកត្តាចុងក្រោយដែលនាំឱ្យមានបញ្ហាផ្លូវចិត្ត គឺកត្តាចិត្តសាស្រ្តដែលកើតចេញពីការប្រើប្រាស់គំនិតរបស់មនុស្សម្នាក់ៗ និងឥរិយាបថនៃការគិតរបស់ពួកគេ។ ជាករណីជាក់ស្តែងប្រសិនបើការសិក្សាមិនល្អ មានវិបត្តិស្នេហា ឬមានបញ្ហាផ្សេងៗកើតឡើងចំពោះជីវិតគាត់ ហើយគាត់មិនមានទម្លាប់នៃការគិតវិជ្ជមាន ឬស្ថានភាពផ្លូវចិត្តរបស់គាត់មិនរឹងមាំ គាត់អាចនឹងធ្វើឱ្យស្ថានភាពផ្លូវចិត្តធ្លាក់ចុះដុនដាបក្លាយជាវិបត្តិធ្ងន់ធ្ងរបាន៕