អាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានឈ្នះការប្រជែងក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកអឺរ៉ុប ឆ្នាំ2024 ខណៈដែល សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានគាំទ្រការដេញថ្លៃមួយដែលត្រូវបានចាត់ទុកថា មានសុវត្ថិភាពជាងសំណើមួយពីសំណាក់ប្រទេសតួកគី។
បញ្ហានយោបាយ ការបង្រួបបង្រួមជាតិ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសតួកគី បានក្លាយជាកត្តាកាត់សេចក្តីយ៉ាងសំខាន់ ក្នុងយុទ្ធនាការក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់អន្តរជាតិរបស់អឺរ៉ុប។
ទីបំផុត លទ្ធផលមិនមានភាពប្រកៀកប្រកិតគ្នាឡើយ ខណៈដែលអាល្លឺម៉ង់ ដែលជាបេក្ខភាពឈានមុខគេ បានឈ្នះការបោះឆ្នោតក្នុងចំណោមសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ UEFA តាមរយៈលទ្ធផល 14-4 ដោយអវត្តមាន1សំឡេង។
UEFA បានបញ្ជាក់ថា សំណើដេញថ្លៃរបស់អាល្លឺម៉ង់ បានឆ្លើយតបគ្រប់ចំណុចទាំងអស់ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយប្រកបដោយភាពជោគជ័យ ចាប់តាំងពីកីឡដ្ឋាន រហូតដល់ហេដ្ឋារចនាសម្ព័ន្ធនានា និងសណ្ឋាគារ។
ក្រោយពីបេក្ខភាពដែលឈ្នះសិទ្ធិត្រូវបានប្រកាសឲ្យដឹងនៅទីស្នាក់ការរបស់ UEFA នៅប្រទេសស្វ៊ីស លោក Reinhard Grindel ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ បានឲ្យដឹងថា៖ «យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការបំពេញតាមការរំពឹងទុករបស់យើង»។
អាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ2006 ប៉ុន្តែ មិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ក្នុងនាមជាប្រទេសមានការបង្រួបបង្រួមឡើយ ខណៈដែលអាល្លឺម៉ង់ ខាងលិចបានធ្វើជាម្ចាស់ផ្ទះយុទ្ធនាការនេះ ក្នុងឆ្នាំ1988 ពោលគឺរយៈពេល១ឆ្នាំ នៅមុនពេលជញ្ជាំងទីក្រុងប៊ែរឡាំង បានដួលរលំ៕
ប្រភពពី៖ Channel News Asia