តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក គេបានមើលឃើញថា Mister Grand International 2018 ដែលទើបបញ្ចប់មុននេះនៅក្នុងប្រទេសថៃ មិនដឹងថាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា គឺលោក Greg Gregg Dalde ត្រូវបានជ្រើសចេញពីប្រភពណានោះឡើយ ប៉ុន្តែបែឃើញវត្តមានរបស់លោកតំណាងអោយជាតិខ្មែរទាំងមូលនៅក្នុងកម្មវិធីទៅវិញ ជាហេតុបណ្ដាលឱ្យមហាជនខ្មែររិះគន់ និងប្រតិកម្មខ្លាំងបំផុត ដោយឡើកលើងថា មិនដឹងជាឈុតក្នុងរចនាបទអ្វីឱ្យពិតប្រាកដ ទោះកែច្នៃក៏មិនត្រូវ។
អ្នកលេងហ្វេសប៊ុកជាច្រើន បានប្រតិកម្មចំពោះការចូលប្រកួតរបស់បេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាខាងលើ ដោយម្នាក់ៗបានចោទសួរថា តើឈុតតំណាងខ្មែររបស់លោក Greg Gregg Dalde ស្រង់ចេញពីណា? បើក្បិនមិនចំក្បិន មកុដក៏មិនចំមកុដ តើនោះជាជនជាតិអ្វីឱ្យពិតប្រាកដ? ជាពិសេសក្នុងពេលដែលឈុតតំណាងជាតិរបស់គេសុទ្ធតែមានរចនាបទឆ្លុះបញ្ចាំងពីជាតិគេ ប៉ុន្តែអ្នករៀបចំឈុតឱ្យបេក្ខភាពខ្មែរ គឺធ្វើឈុតឱ្យដូចបាយឡុកបាយឡ ដែលអ្នករិះគន់ចោទថា គឺបណ្ដាលមកពីក្រសួងពាក់ព័ន្ធខ្វះប្រសិទ្ធិភាពចាត់ការចំពោះក្រុមហ៊ុនដែលយកឈ្មោះកម្ពុជាទៅជាន់ឈ្លី។
គួរបញ្ជាក់ផងដែរថា ការពិតណាស់ គេមិនបានដឹងប្រភពបុរសឈ្មោះ Greg Gregg Dalde ដែលត្រូវបានគណកម្មការជ្រើសឱ្យឈរឈ្មោះជាតំណាងកម្ពុជា មានប្រភពមកពីណាទេ មិនទាំងចេះខ្មែរមួយម៉ាត់ ថែមទាំងស្លៀកឈុត ប្រពៃណីខ្មែរ មិនដឹងជាស្អីៗ ដែលមិនខុសពីយកមុខខ្មែរទៅបំបាក់លើឆាកអន្តរជាតិ។ អ្នកលេងបណ្ដាញសង្គមបានទទូចឱ្យក្រសួងពាក់ព័ន្ធមានវិធានការចំពោះរឿងនេះ ប្រសិនបើនៅតែបណ្ដោយឱ្យក្រុមហ៊ុនឯកជន បន្តរំលងចំណាត់ការទៀតនោះ ហើយប្រើឈ្មោះកម្ពុជាដោយយកបេក្ខជនប៉ាតណាប៉ាតណី ហើយថែមទាំងច្នៃឈុតឱ្យស្លៀកមិនត្រូវរចនាបទខ្មែរ ប្រាកដណាស់នឹងនាំឱ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិ៕