រដូវបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ គេសម្គាល់ឃើញថា តារាចម្រៀងម្នាក់ៗតែងតែបញ្ចេញបទចម្រៀងរបស់ខ្លួនជាចង្វាក់ប្រពៃណី និងប្រជាប្រិយគ្រប់ៗគ្នា ជាក់ស្ដែងដូចជាក្រុមការងារចម្រៀងរបស់តារាពហុជំនាញ គឺអ្នកនាង ទូច ស្រីល័ក្ខ បានបញ្ចេញបទចម្រៀងមួយបទដ៏មានអត្ថន័យដែលមានចំណងជើងថា «ម្ចាស់ជីវិតកូនអើយ» ដែលជាប្រភេទបទមនោសញ្ចេតនា កម្សត់ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះអ្នកនាងបានរៀបរាប់អំពីគុណូបការៈរបស់អ្នកមានគុណទាំងទ្វេ។
អមដោយវីដេអូចម្រៀង អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរសាររៀបរាប់ថា «ឪពុកម្តាយបានលះបង់គ្រប់យ៉ាងដើម្បីតែកូន ឱ្យកូនរស់នៅមានសេក្តីសុខ សួរថា តើលោកទាំងពីរលំបាកប៉ុនណាបើកូនៗណារស់នៅឆ្ងាយពីក្រុមគ្រួសារ ប្រាកដណាស់ លោកច្បាស់ជាបារម្ភ និងយំ បន្ទាប់ពីស្តាប់បទនេះហើយសូមផ្ដល់ជាកម្លាំងចិត្តឱ្យក្រុមខ្ញុំផង។ បទ «ម្ចាស់ជីវិតកូនអើយ» ច្រៀងដោយក្រុមកម្សត់ស្រីល័ក្ខ និពន្ធទំនុកច្រៀង & Melody ដោយក្រុមកម្សត់ស្រីល័ក្ខ សម្រួលតន្រ្តីដោយលោក ផល វន្ឍៈ ដឹកនាំថតដោយ Heng Picture»។
សូមជម្រាបបន្ថែមដែរថា តាមទំនៀម គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌចំនួន 15ថ្ងៃ គឺចាប់ផ្តើមធ្វើតាំងពីថ្ងៃ1រោច ខែភទ្របទ ដល់ថ្ងៃ 15រោច ខែភទ្របទ។ ពីថ្ងៃ1រោច ដល់14រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ។ ថ្ងៃ15រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះ អ្នកស្រុកតែងមកប្រជុំគ្នាធ្វើនៅក្នុងវត្តគ្រប់ៗគ្នា។ កាលពីបុរាណកាល បុណ្យភ្ជុំបិណ្ឌមានរយៈពេល 3ខែឯណោះ គឺស្របពេលនឹងរដូវចូលវស្សាដែរ។ តែក្រោយមក ដោយប្រជាជនជាពុទ្ធបរិស័ទ ជាប់មមាញឹកនឹងកិច្ចការរកស៊ីចិញ្ចឹមជីវិតខ្លាំងពេក ទើបគេសម្រេចធ្វើត្រឹមតែ 15ថ្ងៃវិញ។
សូមរីករាយស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖