ការចាប់ផ្តើមធ្វើអាជីវកម្ម ឬការបើកធ្វើជំនួញរបស់បុគ្គលម្នាក់ៗរមែងមានការចាប់ផ្តើមពីបុព្វហេតុផ្សេងៗគ្នា ខ្លះសម្លឹងមើលឃើញពីផលចំណេញល្អ និងបានគិតគូរយ៉ាងច្បាស់លាស់ រួចក៏ចាប់ផ្តើមធ្វើជំនួញនោះតែម្តង។ ខ្លះទៀតមើលឃើញពីភាពលំបាកក្នុងការងារដែលខ្លួនកំពុងធ្វើ ក៏បែរទៅធ្វើជំនួញផ្ទាល់ខ្លួនវិញ។ ឧទាហរណ៍ដូចជា ប្រធានក្រុមហ៊ុន RINCO ដែលបានផ្តល់បទសម្ភាសដល់កាសែតឡារ៉ែនពាណិជ្ជ នូវអ្វីដែលលោកបើកដំណើរការក្រុមហ៊ុនដូចខាងក្រោម៖
លោក ម៉ម សុថារិន្ទ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពហុបច្ចេកវិទ្យានៅប្រទេសអារមេនី(រដ្ឋមួយក្នុងអតីតសហភាពសូវៀត)ក្នុងឆ្នាំ1992។ ពេលមកដល់ប្រទេសកំណើតវិញ លោកបានក្លាយជាមន្ត្រីក្នុងស្ថាប័នរដ្ឋមួយ។ បន្ទាប់ពីលោកបានប្រឡូកក្នុងការងារជាមន្ត្រីរាជការបានមួយរយៈ លោកក៏ឈប់ ដោយសារមានគំនិតចង់រកស៊ីវិញម្ដង។
ប៉ុន្តែលោកបានទៅធ្វើការនៅក្នុងក្រុមហ៊ុនបារី-ថ្នាំជក់ (British American Tobacco Cambodia) របស់ឧកញ៉ា គង់ ទ្រីវ រយៈពេល 7ឆ្នាំក្នុងតំណែងជាអ្នកគ្រប់គ្រងសម្ភារ និងរៀបចំបញ្ជូនទំនិញ និងបន្ទាប់នោះមកទៀត លោកបានចូលទៅធ្វើការនៅក្រុមហ៊ុនប្រេងតូតាល់ Total អស់រយៈពេល 7ឆ្នាំដូចគ្នា ដែលទាំងអស់នេះជាឱកាសធ្វើឱ្យលោកបានដកស្រង់យកបទពិសោធមកប្រើក្នុងអាជីវកម្មរបស់ខ្លួនឯង។ ក្នុងការងារទាំងពីរខាងលើលោក ម៉ម សុថារិន្ទ ទទួលបានប្រាក់ខែ 2,000 និងជាង 2,000ដុល្លារអាមេរិកតាមលំដាប់ ប៉ុន្តែលោកមិនមានការសោកស្តាយឡើយ។
នៅក្នុងឆ្នាំ2010 លោកក៏ចាប់ផ្ដើមបើកក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា RINCO TRADING co.,Ltd ដើម្បីបម្រើសេវាកម្មសុវត្ថិភាព Safety SHE (Safety Health Environment) ដែលពីដំបូងមិនទាន់បានចុះបញ្ជីទេ(បង់ត្រឹមពន្ធប៉ាតង់) លុះដល់ឆ្នាំ2014 ទើបក្រុមហ៊ុនលោកមានការចុះបញ្ជីច្បាស់លាស់ ដោយប្រើប្រាស់ដើមទុនដំបូងចំនួន 2,000ដុល្លារអាមេរិកប៉ុណ្ណោះ។
លោកបានរៀបរាប់ថា៖ “កាលពីចាប់ផ្ដើមរកស៊ីដំបូង គេមកកក់ដោយផ្ទាល់ ឬផ្ញើតាមអុីមែលតាមរយៈភ្ញៀវក្នុងស្រុក ឬបរទេសដែលចង់ទិញមុនមួយអាទិត្យ ឬមួយខែតាម Plan របស់គេ ព្រោះឧបករណ៍បរិក្ខារយើងសុទ្ធតែបញ្ជាទិញពីបរទេស ភ្ញៀវអាចមកយកបាននៅថ្ងៃដែលអីវ៉ាន់មកដល់។ បច្ចុប្បន្នយើងប្រើបច្ចេកវិទ្យាមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ធ្វើឱ្យអាចលក់ទំនិញតាមប្រព័ន្ធអនឡាញ តាមឌីជីថលនេះបានជាហូរហែ និងទទួលបានការកុម្ម៉ង់ទិញកើនឡើង យើងក៏ជួលបុគ្គលិក 5នាក់ដើម្បីជួយក្នុងអាជីវកម្មនេះ‟។
លោកបានប្រាប់ឱ្យដឹងថា ហេតុអីបានជាលោកចាប់យកមុខជំនួញនេះ នោះគឺដោយសារតែលោកមានបទពិសោធពីការងារនៅក្រុមហ៊ុនបារី និងក្រុមហ៊ុនតូតាល់ ដែលកាលនោះ ការគិតពីការគ្រប់គ្រងសុវត្ថិភាពពុំត្រូវបានគេអនុវត្តទេ។ ជាងដប់ឆ្នាំក្នុងការងារ លោកមិនទទួលបានការការពារសុវត្ថិភាពគ្មានអ្នកបង្ហាត់បង្ហាញបង្រៀន និងគ្មានទាំងឧបករណ៍ការពារទៅទៀត។ ពេលត្រូវការបញ្ជាទិញពីបរទេសដូចជាពីសិង្ហបុរី ឬចិនតៃវ៉ាន់ជាដើម សុទ្ធតែមិនបានដូចអ្វីដែលយើងត្រូវការ ជួនកាលមិនមានទៀតផង។
ហេតុនេះទើបលោកចិញ្ចឹមចិត្ត និងគិតប្រមើលមើលពីការបើកក្រុមហ៊ុនដែលផ្គត់ផ្គង់បរិក្ខារសុវត្ថិភាពដើម្បីពេលក្នុងស្រុកយើងត្រូវការ យើងអាចផ្គត់ផ្គង់បានតាមតម្រូវការ។ ដោយសារយើងធ្លាប់លំបាក យើងព្យាយាមសម្លឹងទៅមុខថា ថ្ងៃណាមួយយើងនឹងធ្វើវាឱ្យបាន។ យើងដឹងពីផលលំបាកនេះទើបយើងអាចធ្វើបាននៅថ្ងៃនេះ ដែលអាចជួយ
ផ្គត់ផ្គង់ដល់តម្រូវការក្នុងស្រុកដែលបានចាប់ផ្តើមមានតម្រូវការនូវឧបករណ៍បរិក្ខារទាំងនោះហើយ។
លោកបន្តថា ដំបូងៗយើងមានការលំបាកណាស់ព្រោះយើងទទួលបានការបញ្ជាទិញតិចតួចពេក។ ក្រុមហ៊ុនសហគ្រាសដែលបញ្ជាទិញនៅមានចំនួនតិចនៅឡើយ និងមិនទាន់បានគិតគូរខ្លាំងពីបញ្ហាសុវត្ថិភាពជាចម្បងនេះទេ តែនៅពេលពួកគេចាប់ផ្តើមយល់ដឹងពីបញ្ហាសុវត្ថិភាព ពួកគេបានធ្វើការបញ្ជាទិញ ធ្វើឱ្យយើងទទួលបានការបញ្ជាទិញកាន់តែច្រើនឡើង ធ្វើឱ្យមុខរបររបស់យើងកាន់តែមានភាពរីកចម្រើនឡើង។
លោក សុថារិន្ទ បានបញ្ជាក់ថា បើគិតទៅ មុខរបររបស់លោកហាក់ដូចមានហានិភ័យខ្ពស់ តែថាពិបាក ក៏ដូចជាមិនពិបាកទេ ព្រោះឧបករណ៍បរិក្ខារសុវត្ថិភាពមានតម្រូវការច្រើននៅក្នុងវិស័យសំណង់អគារ អចលនទ្រព្យ និងខុនដូជាដើម និងរួមទាំងក្នុងវិស័យរោងចក្រកាត់ដេរផងដែរ។ បើគិតពីតម្លៃវិញ សម្ភារប្រើប្រាស់ធម្មតា ដូចជាមួក ស្រោមដៃ វ៉ែនតា ម៉ាស់ការពារ សុទ្ធតែជាសម្ភារមានស្តង់ដារ មិនសូវជាមានតម្លៃថ្លៃប៉ុន្មានទេ តែឧបករណ៍ខ្សែរ៉កសម្រាប់យោងមនុស្សឡើង-ចុះអាចនឹងមានតម្លៃថ្លៃបន្តិច។
លោកបន្តថា ការទិញ-លក់តាមអនឡាញ អតិថិជនមិនចាំបាច់មកទិញដល់ក្រុមហ៊ុនទេ គឺគ្រាន់តែមានទូរស័ព្ទទំនើប និងកុំព្យូទ័រដែលអាចដំណើរការអុីនធើណិតបានជាការស្រេច។ ពួកគេអាចពិនិត្យមើលឧបករណ៍បរិក្ខារទំនិញដែលយើងបានបង្ហាញ និងបានផ្ញើគំរូដែលគេចង់បាននោះទៅគេ។
លោកបានបញ្ជាក់ថា ជារួមនៅក្នុងការដ្ឋានសំណង់មួយ គេតែងតែព្រមព្រៀងជាមួយយើង និងឱ្យយើងផ្គត់ផ្គង់គ្រឿងបរិក្ខារសុវត្ថិភាពឱ្យគេ 100% តែម្ដង។ ចំពោះការលក់សម្ភារបរិក្ខារសុវត្ថិភាពនេះក្រោយពីមានការផ្សព្វផ្សាយរបស់ក្រសួងការងារអំពីភាពងាយរងគ្រោះថ្នាក់របស់កម្មករសំណង់ និងកម្មកររោងចក្រមក ក្រុមហ៊ុនដែលសាងសង់សំណង់អគារធំៗ រឹតតែមានតម្រូវការសម្រាប់ការដ្ឋានរបស់ពួកគេ។ ឯខាងរោងចក្រវិញក៏បានជាវគ្រឿងបរិក្ខារសម្រាប់សុវត្ថិភាពកាន់តែច្រើនឡើងៗដែរ ដូច្នេះផលចំណេញ ក៏យើងទទួលបានទៅតាមនោះដែរ។
ទោះជាមានវ័យរាងជ្រេរបន្តិចមែន តែលោកសុថារិន្ទ ក្លាយជាសហគ្រិនជោគជ័យម្នាក់ដែលសព្វថ្ងៃនេះក្រុមហ៊ុនរបស់លោកត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមានសក្តានុពលលើផ្នែកសម្ភារបរិក្ខារសុវត្ថិភាពនៅកម្ពុជា ហើយលោកគ្រោងបង្កើតសេវាត្រេននីង(Tranning)សម្រាប់អាជីវកម្មរបស់លោកថែមទៀត។ ចំពោះគ្រឿងសម្ភារបរិក្ខារដែលលក់នៅក្នុងអាជីវកម្មរបស់លោក គឺលោកបានកុម្ម៉ង់ពីបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសអុីតាលី ចិន ចិនតៃវ៉ាន់ ជប៉ុន បារាំង និងអាមេរិកជាដើមតាមការចង់បានរបស់អតិថិជន។
ទន្ទឹមនឹងភាពជោគជ័យក្នុងអជីវកម្ម លោក សុថារិន្ទ បានចែករំលែកបទពិសោធ និងចំណេះដឹងមួយចំនួនដល់អាជីវករ ឬសហគ្រិនវ័យក្មេងជាច្រើនទៀតផងដែរ ដោយលោកបានអះអាងថា ការផ្តោតលើអាជីវកម្ម ការស្គាល់ច្បាស់ពីអាជីវកម្មរបស់ខ្លួន និងតម្រូវការទីផ្សារ គឺជាចំណុចសំខាន់ដែលជំរុញឱ្យអាជីវកម្មរីកធំធាត់លឿន និងជោគជ័យខ្លាំង៕