យុវវ័យ ឬវ័យជំទង់ ជាវ័យដែលកូនៗចាប់ផ្តើមបញ្ចេញការជំទាស់ច្រើនបំផុត ដែលធ្វើឱ្យអាណាព្យាលឈឺក្បាលវិលមុខមិនស្ទើរឡើយ។ វ័យនេះជាវ័យដែលអាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត ព្រោះថានៅពេលដែលឥទ្ធិពលនៃឯករាជភាពរបស់គេបានស្តែងចេញមកជាសកម្មភាពអវិជ្ជមាន វាអាចធ្វើឱ្យយុវជននោះក្លាយជាមនុស្សខូច និងបាត់បង់អនាគតតែម្តង។
ឯករាជភាពរបស់យុវវ័យ ឬមនុស្សវ័យជំទង់ ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យអាណាព្យាបាលភាគច្រើនឈឺក្បាល ហើយស្វែងរកវិធីបង្ក្រាបពួកគេ។ ពាក្យខ្មែរយើងក៏បានលើកឡើងផងដែរថា លត់ដែកទាន់នៅក្តៅ អប់រំកូនចៅទាន់នៅក្មេង។ ពាក្យនេះសំខាន់ណាស់សម្រាប់ការអប់រំកូនៗ តែប្រសិនបើអាណាព្យាបាលអនុវត្តខុស ឃ្លាមួយនេះក៏នឹងផ្តល់ផលអវិជ្ជមានខ្លាំងផងដែរ។
អ្នកចិត្តវិទ្យាមនុស្សវ័យជំទង់នៅបស្ចិមប្រទេសភាគច្រើន បានយល់ស្របដូចៗគ្នាថា ដោយសារតែយុវវ័យ ជាវ័យដែលគ្រប់ផ្នែកនៃរាងកាយមានការផ្លាស់ប្តូរ ចិត្តគំនិតរបស់ពួកគេក៏ត្រូវផ្លាស់ប្តូរដូចគ្នា។ នៅពេលដែលរាងកាយរបស់ពួកគេគ្រប់លក្ខណៈដូចមនុស្សធំពេញវ័យ គេក៏ចាប់ផ្តើមចង់ធ្វើអ្វីៗគ្រប់យ៉ាងដូចមនុស្សធំតាមវិធីរបស់គេផ្ទាល់។ វិធីនៃការគិត និងការដោះស្រាយបញ្ហាដោយឯករាជនេះ ពេលខ្លះមើលទៅគឺហាក់បីដូចជាឆ្គងខ្លាំងណាស់សម្រាប់មនុស្សចាស់ និងគ្រប់យ៉ាងដែលមនុស្សចាស់ផ្តល់ទៅឱ្យពួកគេ ក៏ត្រូវបានជំទាស់ពីពួកគេវិញដូចគ្នា។
អាណាព្យាបាលមួយចំនួនបានធ្វើឱ្យកូនៗមិនចូលចិត្ត ឬគិតថាឪពុកម្តាយកំពុងដាក់គំនាបដល់ពួកគេ ធ្វើឱ្យទំនាក់ទំនង និងសម្ព័ន្ធភាពរវាងកូន និងឪពុកម្តាយកាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗ ហេតុនេះដើម្បីកុំឱ្យឯករាជភាពរបស់កូនៗដែលស្ថិតក្នុងវ័យជំទង់ក្លាយជាសកម្មភាពអវិជ្ជមាន និងដើម្បីឱ្យកូនៗនៅតែចូលចិត្ត ស្រឡាញ់ និងគោរពស្តាប់បង្គាប់នោះ អាណាព្យាបាលគួរតែសាកល្បងបើកចិត្តឱ្យទូលាយទទួលយកនូវគំនិតរបស់កូនៗជាមុនសិន។
ចុងក្រោយនេះ ដើម្បីជាដំណោះស្រាយ អាណាព្យាបាលគួរតែទទួលស្តាប់នូវរាល់ទស្សនៈ គំនិតយោបល់ និងការសម្រេចចិត្តផ្សេងៗរបស់កូន និងបណ្តោយឱ្យពួកគេមានសេរីភាពខ្លះផង ដើម្បីឱ្យពួកគេទទួលបាននូវភាពធូរស្រាលមួយសម្រាប់ការរស់នៅ និងរៀនអភិវឌ្ឍខ្លួនឯងដោយខ្លួនឯង។ នៅពេលដែលអាណាព្យាបាលទុកចន្លោះសម្រាប់ការរស់នៅដោយឯករាជភាពដល់កូនៗហើយនោះ ពួកគេក៏នឹងមានអារម្មណ៍ថា ធូរស្រាល ហើយនិងព្យាយាមងាកមកស្តាប់យោបល់ ឬសុំការប្រឹក្សាពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេវិញដោយឯកឯងនៅពេលណាដែលពួកគេត្រូវការ ហើយប្រសិនបើអ្នកគិត និងមិនទុកចិត្តថាកូនអាចនឹងមិនមកប្រឹក្សាជាមួយអ្នក អ្នកអាចសាកល្បងឧស្សាហ៍ស្តាប់នូវគំនិត និងបញ្ហារបស់កូនៗ ហើយចូលខ្លួនធ្វើជាទីប្រឹក្សាសម្រាប់ពួកគេតាមរយៈការជជែក និងផ្តល់យោបល់ដោយស្លូតបូត និងផ្តល់តម្លៃដល់ពួកគេ។
អាណាព្យាបាល អាចសាកល្បងអប់រំពួកគេតាមរយៈការដាក់ខ្លួនឱ្យទាប ហើយបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗដោយការជជែកលេង ឬតំណាលរឿងរ៉ាវល្អៗដែលជាមេរៀនជីវិត ដើម្បីបង្កើតការចងចាំល្អៗ និងធ្វើជាគំរូនៃគំនិតដល់ពួកគេ ដើម្បីឱ្យពួកគេយកទៅប្រើនៅពេលចាំបាច់ ហើយនៅពេលនោះ អាណាព្យាបាល ឬឪពុកម្តាយគ្រប់រូបនឹងទទួលបានទាំងទំនាក់ទំនងល្អអំពីកូន ទាំងការគោរពស្រឡាញ់ និងការស្តាប់បង្គាប់ពីសំណាក់កូនៗជាទីស្រឡាញ់របស់លោកអ្នកជាមិនខាន៕