លោក Jurgen Klopp បានបញ្ជាក់ថា ការមានតំបន់ការពារទន់ខ្សោយ បានធ្វើឱ្យក្រុម Liverpool រងបរាជ័យក្នុងលទ្ធផល 2-1 ក្រោមស្នាដៃក្រុម Chelsea ក្នុងការប្រកួតពាន Carabao Cup ជុំទី៣ កាលពីថ្ងៃពុធ។
ក្រុមរបស់លោក Jurgen Klopp ដណ្តើមបានជ័យជម្នះ 7លើកជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់ ហើយក្រុមកំពុងនាំមុខរបស់ក្របខ័ណ្ឌ Premier League មួយនេះ ហាក់បានស្ថិតលើផ្លូវឆ្ពោះទៅកាន់ជ័យជម្នះជាលើកទី8 ទៅហើយ នៅពេលដែលគ្រាប់បាល់បញ្ចូលទីដ៏ល្អរបស់ខ្សែប្រយុទ្ធ Daniel Sturridge បានជួយឱ្យពួកគេនាំមុខមុន ក្នុងតង់ទី2។ ប៉ុន្តែ កីឡាករ Emerson Palmieri បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ Chelsea នៅមុនពេលតារាឆ្នើមអន្តរជាតិបែលហ្ស៊ិក Eden Hazard បានបណ្តើរបាល់ទម្លុះតំបន់ការពាររបស់ក្រុម Liverpool ដើម្បីរកគ្រាប់បាល់ឈ្នះ នៅរយៈពេល 5នាទីចុងក្រោយតែម្តង។
លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «យើងបានដឹងពីរបៀបដែលក្រុម Chelsea ចង់លេង ប៉ុន្តែ យើងបានផ្តល់ឱ្យពួកគេនូវចន្លោះជាច្រើន និងមិនមានភាពរឹងមាំឱ្យបានគ្រប់គ្រាន់។ យើងនៅតែមានឱកាសល្អៗច្រើនជាងក្នុងតង់ទី1»៕
ប្រភពពី៖ Express.co.uk