ប្រសិនមានគោលដៅច្បាស់លាស់ មនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយជាសហគ្រិនបានដោយជោគជ័យ មិនថាអ្នកមានប្រាក់ ឬមិនមានប្រាក់នោះទេ សូម្បីតែកម្មករក៏អាចក្លាយជាថៅកែបានដែរប្រសិនបើបុគ្គលម្នាក់នោះមានការតាំងចិត្តច្បាស់លាស់។
លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញមានប្រសាសន៍ថា សហគ្រិនគឺជាអ្នកដែលមានគំនិតបង្កើតអ្វីដែលថ្មី មានគំនិតច្នៃប្រឌិត និងបើមានទំនុកចិត្តលើខ្លួនឯងច្បាស់លាស់ហើយនោះ ប្រាកដជាអាចក្លាយជាសហគ្រិនជោគជ័យមិនខាន។ ឧទាហរណ៍ដូចជាមនុស្សម្នាក់ពេលខ្លួនចង់ក្លាយជាថៅកែ ទោះជាគ្មានប្រាក់ ក៏អាចធ្វើបានដែរ ដោយគាត់ត្រូវចាប់ផ្តើមការងារពីធ្វើការជាកម្មករគេ ហើយខំប្រឹងសន្សំលុយ និងប្រឹងរៀនជំនាញដែលគាត់ធ្វើរាល់ថ្ងៃឱ្យកាន់តែចេះស្ទាត់ នៅពេលមានទំនុកចិត្តពីថៅកែហើយ គាត់នឹងអាចក្លាយជាទៅជាមេការនៅថ្ងៃណាមួយ ពេលក្លាយទៅជាមេការហើយគាត់ខំប្រឹងសន្សំលុយ ថ្ងៃក្រោយទៀតគាត់នឹងក្លាយជាអ្នកម៉ៅការ លុះម៉ៅការបានប្រាក់ចំណេញច្រើននឹងអាចមានលទ្ធភាពបើកក្រុមហ៊ុនមួយដោយខ្លួនឯង និងក្លាយជាថៅកែតែម្តង។
លោកបន្តថា មុននឹងទៅដល់ចំណុចខាងលើមនុស្សត្រូវមានជំនាញច្បាស់លាស់ និងបុគ្គលិកលក្ខណៈមួយចំនួនដែរ ពិសេសមនុស្សត្រូវមានទឹកចិត្តដែលកើតចេញពីឆន្ទៈខ្លួនឯង ខំប្រឹងប្រែងឱ្យកាន់តែប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះយ៉ាងនេះក្តី ការអភិវឌ្ឍបុគ្គលិកលក្ខណៈនេះទៀតសោត គឺគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយក៏នៅមិនទាន់អាចធានាបាននូវភាពជោគជ័យនៅក្នុងការប្រកបអាជីវកម្មឡើយ ដូច្នេះត្រូវមានផែនការច្បាស់លាស់ជាមុនដែរ ដើម្បីដឹងថា ពេលធ្វើដំណើរទៅមុខយើងមានភាពជោគជ័យប៉ុន្មានភាគរយ និងបរាជ័យប៉ុន្មានភាគរយ?។
ដើម្បីក្លាយជាសហគ្រិនជោគជ័យបាន មនុស្សត្រូវចេះមើលឱកាសថ្មីៗ ឬវិធីថ្មីៗសម្រាប់អាជីវកម្មខ្លួនឯង ហើយត្រូវត្រៀមដោះស្រាយការងារជាបន្តបន្ទាប់ជាមួយនឹងការប្រែប្រួលនានា ព្រោះថា ការដំណើរការអាជីវកម្មទៅមុខតែងតែជួបឧសគ្គជានិច្ច ដូចជាការបញ្ជ្រៀតផលិតផលរបស់ខ្លួនចូលក្នុងទីផ្សារ ដែលតែងតែមានការប្រកួតប្រជែងគ្នាខ្លាំងដោយចៀសមិនផុតឡើយទាក់ទងនឹងតម្លៃ និងគុណភាពទំនិញ ឬផលិតផល ដែលនេះជាចំណុចគំរាមកំហែងមួយ ជាអ្វីដែលកើតឡើង ឬអាចនឹងកើតឡើងនៅខាងក្រៅអាជីវកម្មដែលនាំឱ្យរារាំងដល់ដំណើរការជោគជ័យរបស់យើង និងអាចធ្វើឱ្យប្រាក់ចំណេញថយចុះ។
ជាឧទាហរណ៍ អាជីវកម្មមួយដែលបង្កើតឡើង ហើយផលិតផលបានទទួលការពេញនិយមលើទីផ្សារ ពេលនោះប្រាកដជាមានផលិតផលថ្មីមួយទៀតចាប់ផ្តើមស្រដៀងគ្នានេះដែរ ហើយនិងមានការប្រកួតប្រជែងកាន់តែច្រើនឡើងៗមិនខាន។ ពេលនោះអតិថិជននឹងថ្លឹងថ្លែងថា តើផលិតផលមួយណាល្អជាងមួយណាមុននឹងសម្រេចចិត្តទិញយកមកប្រើប្រាស់ដើម្បីឱ្យប្រាកដថា មានគុណភាពល្អ ឬអាចប្រើជាប្រយោជន៍របស់គេបាន។ ដូច្នេះនៅពេលដែលយើងកំពុងតែដើរលើផ្លូវមួយ ឬកំពុងតែរកស៊ីក្នុងមុខរបរអ្វីមួយ យើងត្រូវគិតយ៉ាងយកចិត្តទុកដាក់ថា អ្វីដែលយើងកំពុងធ្វើវាត្រឹមត្រូវ ឬអត់ ឬវានៅតែមានតម្រូវការទីផ្សារដែរទេ? ព្រោះវាជាចំណុចសំខាន់បំផុតក្នុងការជ្រើសរើសមុខរបរមួយដែលត្រឹមត្រូវ ហើយបើរើសមុខរបរខុស ទោះខំប៉ុនណាក៏មិនជោគជ័យដែរ ប៉ុន្តែបើសិនជាអ្នកមានមុខរបរស្រាប់ដែលមិនសូវត្រូវទីផ្សារទេនោះ អ្នកត្រូវតែខិតខំរិះរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីកែប្រែមុខរបរនោះឱ្យវាត្រូវនឹងទីផ្សារឡើងវិញ។
ជ្រើសរើសមុខរបរត្រូវ គឺមុខរបរណាដែលអាចរកស៊ីបានមួយជីវិត ដែលធានាថា អតិថិជនមានតម្រូវការនៅលើទីផ្សាររហូតមិនចេះរីងស្ងួត ឧទាហរណ៍សាមញ្ញមួយ របរផលិតសៀវភៅសរសេរលក់ជាដើម។ សៀវភៅសរសេរជាផលិតផលដែលមានតម្រូវការគ្មានទីបញ្ចប់នៅទូទាំងពិភពលោក មិនថាប្រទេសណាទេ ចាប់តាំងពីកុមាររហូតដល់យុវវ័យ មនុស្សត្រូវការទិញសៀវភៅសរសេរ សៀវភៅសិក្សា ហើយរហូតដល់រៀនចប់ចូលធ្វើការ ក៏មនុស្សនៅតែត្រូវការសៀវភៅសរសេរដើម្បីបំពេញការងារផ្សេងៗផងដែរ។
ងាកមកប្រជាជនខ្មែរយើងវិញ មានមុខរបរសាមញ្ញមួយ គឺការផលិតធូបលក់។ ប្រជាជនខ្មែរកាន់សាសនាព្រះពុទ្ធ ពួកគាត់តែងអុចធូបសែនព្រេននៅរៀងរាល់ថ្ងៃសិល ដូច្នេះពួកគាត់ប្រាកដជាត្រូវការទិញធូបជាប្រចាំ។ នៅពេលដែលអ្នកបានជ្រើសរើសមុខរបរត្រឹមត្រូវហើយ អ្នកក៏មិនអាចចេះតែធ្វើវាដោយគ្មានក្បួនខ្នាតត្រឹមត្រូវដែរ ពោលគឺត្រូវកែច្នៃឱ្យមានភាពប្រសើរឡើងជានិច្ច ទាំងគុណភាព និងការវេចខ្ចប់ជាដើម ដើម្បីបង្កើនសោភណភាព គុណភាពល្អដើម្បីមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារ និងមានការគាំទ្រពីអតិថិជនដែលកើនឡើងជាលំដាប់៕